អានតួអត្ថបទ
បារាំង-កូវីដ​១៩

កូវីដ​១៩ ៖ បារាំង​ចាប់​ដក​​វិធានការ​ប្រឆាំងកូវីដ​ស្ទើរ​ទាំង​ស្រុង

ក្នុង​ខណៈ​ដែល​ចិន​ចាប់​ផ្តើម​បិទ​ខ្ទប់​ក្រុង​ សាលា​រៀន​ រោងចក្រ ...ដើម្បី​ទប់​ស្កាត់​រលក​ចម្លងថ្មី​​នៃ​​មេរោគ​កូវីដ​បំប្លែង​ខ្លួន​អូមីក្រុង នៅប្រទេស​បារាំង​ ប្រជាពលរដ្ឋ​​ទូទៅ​អាច​ដោះម៉ាស់ ​និង​​ចូល​អាហារដ្ឋាន​ដោយ​មិន​បាច់​បង្ហាញ​បណ្ណវ៉ាក់សាំង​ ចាប់​ពី​ថ្ងៃចន្ទទី ១៤​មីនា​នេះ​តទៅ។ បារាំង​លើក​បម្រាម​សំខាន់ៗ​ចោលស្ទើរ​ទាំង​ស្រុង​​មែន ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​គ្នា​បន្តរក្សា​​ការ​ប្រុង​ប្រយ័ត្ន ខ្លាច​មាន​រលក​ចម្លង​ថ្មី​មក​លង​ទៀត។

បារាំង​​ដក​​វិធានការ​ប្រឆាំងកូវីដ​ស្ទើរ​ទាំង​ស្រុង តែ​ពលរដ្ឋ​ត្រុវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ
បារាំង​​ដក​​វិធានការ​ប្រឆាំងកូវីដ​ស្ទើរ​ទាំង​ស្រុង តែ​ពលរដ្ឋ​ត្រុវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ១៤​មីនា​នេះ​តទៅ គេអាច​ឃើញ​មុខ​មិត្ត​រួម​ការងារ មិត្ត​រួម​ថ្នាក់ មុខ​គ្រូ​បង្រៀន បាន​ដោយ​ពេញ​ភ្នែក​វិញ​ហើយ។ ​​វិធានការ​កូវីដ​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​បាន​លើក​ចេញ​​​ស្ទើរ​តែទាំង​អស់។ ​លែង​មាន​ហើយ​​​​កាតព្វកិច្ច​ត្រូវ​ពាក់​ម៉ាស់ នៅពេល​ឡើង​​ហាង​ ចូល​រោងកុន-រោង​ល្ខោន ឬ​ទៅផ្សារ ...។ សម្រាប់​អ្នក​ដែល​ចង់​ គេ​អាចដោះ​ម៉ាស​​ដើរ​ហើរ​ដោយ​សេរីបាន​។

ប៉ុន្តែ​នៅ​សល់​វិធានការ​មួយចំនួន​តូច​​ដែល​បារាំង​បន្ត​អនុវត្ត គឺ​កាតព្វកិច្ចពាក់​ម៉ាស នៅពេល​ធ្វើ​ដំណើរ​តាមមធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ (​ឡាន​ក្រុង រថភ្លើង​ ...) និង​នៅ​ក្នុង​ស្ថាប័នសុខាភិបាល​​ (មន្ទីរពេទ្យ មណ្ឌល​សុខភាព គ្លីនិក ...)។ ក្រុមហ៊ុន​សហគ្រាស​ អាច​សម្រេចចិត្ត​បង្ខំ​ឱ្យ​បុគ្គលិក​បន្ត​ពាក់​ម៉ាស​ទៀត​បាន។ ហើយ​ក្រសួងសុខាភិបាល​ផ្តល់​អនុសាសន៍​ឱ្យ​តាមដាន​ករណី​ជាប់​ព័ន្ធនឹង​អ្នក​វិជ្ជមាន​កូវីដ​ចំនួន​៧​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​កូវីដ​មក។

រដ្ឋាភិបាល​សម្រេច​ផ្អាកលែង​ទាមទារ​ឱ្យ​ពលរដ្ឋ​បង្ហាញ​​បណ្ណសុខភាព (​បណ្ណចាក់វ៉ាក់សាំង)​នៅ​ពេល​ចូល​ក្នុង​ស្ថាប័ន​ឬ​កន្លែង​បិទ​ជិត ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​ដែរមែន តែពលរដ្ឋ​បារាំង​មាន​កាតព្វកិច្ចត្រូវ​តែ​​បង្ហាញបណ្ណ ឬ​លទ្ធផល​តេស្ត​កូវីដ​អវិជ្ជមាន ​នៅ​ពេល​ទៅ​ពេទ្យ​ និងទៅ​​មជ្ឈមណ្ឌល​មនុស្សជរា​។

ការ​ដក​ចេញនូវ​វិធានការ​កូវីដ​បាន​ទទួល​ស្វាគមន៍​ជា​ទូទៅ ​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​អ្នក​នយោបាយ​គ្រប់​និន្នាការ​ ប៉ុន្តែ​ស្ថានភាព​កូវីដ​ហាក់​កំពុង​ហក់​ឡើង​វិញ។ នៅ​ថ្ងៃអាទិត្យ​ទី ១៣​មីនា​ម្សិលមិញ ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​ឡើង​ដល់​ជាង​៦​ម៉ឺន​៥ពាន់​នាក់ ទល់​នឹង​ជាង​៥ម៉ឺន​នាក់​ជាមធ្យម​កាលពី​សប្តាហ៍​មុន។ បើ​តាម​ការ​ព្យាករណ៍​របស់​វិទ្យាសា្ថន​ប៉ាស្ទ័រ​ ការ​លើក​វិធានការ​អាច​នឹង​ធ្វើ​ឱ្យ​មាន​សន្ទុះ​ចម្លង​ឡើង​ខ្លាំង​ដល់​១០ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃផង ​នៅ​ខែ​មីនា​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ ក៏​ដូច​ជា​អ្នក​វិទ្យាសាស្ត្រ​ ទទូច​ឱ្យ​គ្រប់​គ្នា​បន្ត​រក្សា​​ការ​ប្រុង​ប្រយ័ត្ន​ និងផ្តល់​អនុសាសន៍​​ឱ្យ​មនុស្ស​ចាស់​អាយុ​លើស​៨០ឆ្នាំ និង​អ្នក​មានប្រព័ន្ធ​ការពារ​ខ្លួន​ទន់​ខ្សោយ​ ទៅ​ចាក់​ថ្នាំ​បង្ការ​ដូស​ទីបួន និង​បន្ត​ពាក់​ម៉ាស់​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ