អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ី​ទម្លាក់​គ្រាប់​លើ​មន្ទីរពេទ្យ​កុមារ នៅ​ក្រុង​ម៉ារីយូប៉ូល បង្ក​ឲ្យ​មាន​ការ​ថ្កោលទោស

កាលពី​ល្ងាចថ្ងៃពុធទី៩មីនា អាគារ​មន្ទីរសម្ភព និងមន្ទីរពេទ្យកុមារមួយកន្លែង នៅទីក្រុងម៉ារីយូប៉ូល ត្រូវបានកម្ទេចដោយ​គ្រាប់មីស៊ីលរបស់រុស្ស៊ី។ យោងតាមការអះអាង នៅលើ​បណ្តាញ Telegram ផ្លូវការ របស់សាលាក្រុងម៉ារីយូប៉ូល យ៉ាងហោចណាស់ មានមនុស្ស៣នាក់ស្លាប់ ក្នុងនោះមាន​ក្មេងស្រីតូចម្នាក់ និងបុគ្គលិក​ពេទ្យ​១៧នាក់ រងរបួសធ្ងន់។ រដ្ឋាភិបាល​ប្រទេសលោក​ខាងលិច បានប្រកាសថ្កោលទោស ចំពោះអំពើដ៏ព្រៃផ្សៃគ្មានធម៌មេត្តានេះ របស់កងទ័ពរុស្ស៊ី។

ក្រុមសង្គ្រោះកំពុងសែងស្ត្រីពរពោះគ្រប់ខែ ដែលរងរបួស​ដោយ​ការទម្លាក់គ្រាប់បែក​របស់រុស្ស៊ី នៅលើ​មន្ទីរពេទ្យកុមារក្រុង​ម៉ារីយូប៉ូល ថ្ងៃទី ៩មីនា ២០២២
ក្រុមសង្គ្រោះកំពុងសែងស្ត្រីពរពោះគ្រប់ខែ ដែលរងរបួស​ដោយ​ការទម្លាក់គ្រាប់បែក​របស់រុស្ស៊ី នៅលើ​មន្ទីរពេទ្យកុមារក្រុង​ម៉ារីយូប៉ូល ថ្ងៃទី ៩មីនា ២០២២ AP - Evgeniy Maloletka
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ហេតុការណ៍ មន្ទីរពេទ្យកុមារបានរងគ្រាប់មីស៊ីលរុស្ស៊ីកាលពីល្ងាចថ្ងៃពុធ លោកវ្លូឌីមៀរ ហ្សេឡេនស្គី បាន​បង្ហោះសារវីដេអូ ថ្កោលទោសការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនេះ ថាជា « ឧក្រិដ្ឋកម្មសង្គ្រាម » បង្កឡើងដោយ​កងទ័ពរុស្ស៊ី។ លោកបានចែករំលែកវីដេអូ ដែលក្នុងនោះគេឃើញ ក្រុមសង្គ្រោះកំពុងព្យាយាមជួយ​​ស្ត្រីពពោះ ខ្លះពរកូនខ្ចី ដែល​រងរបួស ចាកចេញពីគំនរបាក់បែករបស់អាគារ ក្រោយពេលរងគ្រាប់មីស៊ីល។ មន្ត្រី​រដ្ឋបាលយោធាម្នាក់នៃតំបន់ដូនេតស៍ បានអះអាងថា ក្នុង​ពេល​គ្រាប់បែកធ្លាក់ចំអាគារនេះ គឺមានស្ត្រីខ្លះកំពុងតែសម្រាលកូនថែមទៀតផង។

នៅព្រឹកថ្ងៃព្រសហ្បតិ៍ លោកGabriel Attal អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានចាត់ទុកថា ការទម្លាក់គ្រាប់បែករបស់​រុស្ស៊ី លើ​មន្ទីរពេទ្យ​កុមារនៅក្រុងម៉ារីយូប៉ូលនេះ គឺជាអំពើអមនុស្សធម៌ និង​កំសាកបំផុត។ ស្ត្រី ទារក កុមារ និង​ក្រុមគ្រូពេទ្យ បានក្លាយជាគោលដៅនៃការវាយ​ប្រហាររបស់កងទ័ពរុស្ស៊ី។ ដូចគ្នាដែរ រដ្ឋាភិបាលអាមេរិក និង​ អង់គ្លេស បានចេញសេចក្តីថ្លែងការ ចាត់ទុកការវាយ​ប្រហារលើមន្ទីរពេទ្យ​កុមារនេះ ថាជាអំពើ ឃោរឃៅព្រៃផ្សៃ បំផុត របស់កងទ័ពរុស្ស៊ី។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី មិនបានបដិសេធ ច្រានចោលដំណឹងនេះទេ តែបានរុញការទទួលខុសត្រូវទៅ​លើកងទ័ពអ៊ុយក្រែន។ ភាគីរុស្ស៊ីអះអាងថា គឺកងទ័ពអ៊ុយក្រែន ដែលបានយក​អាគារមន្ទីរពេទ្យនេះ ជា​ទីតាំង​បាញ់​តប​មក​លើកងទ័ពរុស្ស៊ី។

គួរបញ្ជាក់ថា អស់រយៈពេល​ប្រមាណ​១០ថ្ងៃហើយ ដែល​ទីក្រុង​ម៉ារីយូប៉ូល ត្រូវបាន​កងទ័ពរុស្ស៊ីឡោមព័ទ្ធជិត និងបន្តទម្លាក់គ្រាប់​បែកសឹងមិនលោះថ្ងៃ។ យោងតាមតួលេខរបស់សាលាក្រុងនេះ គឺមាន​ប្រជាជនស៊ីវីលស្លាប់ ចំនួន ១២០៧នាក់ គិតត្រឹមថ្ងៃពុធទី​៩មីនា។ ដោយឡែក តួលេខបូកសរុប​របស់អង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃពុធ ស្រាប់ភាគីអ៊ុយក្រែន គឺមានប្រជាជនស៊ីវីល ស្លាប់ចំនួន ៥១៦នាក់ និង​ទាហានស្លាប់៨០០នាក់ នៅទូទាំងប្រទេសអ៊ុយក្រែន។ សង្គ្រាមឈ្លានពានរបស់​រុស្ស៊ី២សប្ដាហ៍​មកនេះ បានរុញច្រានឲ្យ​ប្រជាជន​អ៊ុយក្រែន ជាង​២លាននាក់ហើយ ត្រូវរត់ភៀសខ្លួន។

គួរកត់សំគាល់ថា ប្រតិបត្តិ​ការសម្រុកវាយ​ប្រហាររបស់កងទ័ពរុស្ស៊ីនៅតែបន្ត នៅតាមទីក្រុងនានា បើទោះបីថ្ងៃព្រហស្បតិ៍ទី​១០មីនានេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី នឹងត្រូវជួបចរចាគ្នាជាមួយ​រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក៏ដោយ។ អគ្គបញ្ជាការកងទ័ពអ៊ុយក្រែន បានឲ្យដឹងថា ក្បួនរថក្រោះ និងទាហានរុស្ស៊ី បានរំកិលជិតដល់ទីក្រុងកៀវហើយ នៅចំងាយ​តែ១៥គីឡូម៉ែត្រប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ