អានតួអត្ថបទ
កាលប្បវត្តិ

ឈ្វេងយល់ពីវិបត្តិអ៊ុយក្រែន៖ ចាប់ពីឯករាជ្យក្រោយដួលរលំសហភាពសូវៀត រហូតដល់ការឈ្លានពានរបស់រុស្ស៊ី

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ព​រុស្ស៊ី​បាន​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន នាំ​ទៅដល់​ការ​ប្រឈម​មុខដាក់គ្នា​ដ៏ធំបំផុតមួយ​​ រវាង​រុស្ស៊ី និង​លោកខាងលិច ចាប់តាំង​ពី​ក្រោយ​សង្គ្រាមត្រជាក់។ ខាងក្រោមនេះ គឺ​ជា​ការសង្ខេប​ហេតុការណ៍​សំខាន់ៗ ដើម្បី​យល់​អំពី​វិបត្តិ​អ៊ុយក្រែន​នៅពេលនេះ។

ផែនទី​បង្ហាញ​ពី​ប្រតិបត្តិការ​កងទ័ព​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន
ផែនទី​បង្ហាញ​ពី​ប្រតិបត្តិការ​កងទ័ព​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន © Infographie FMM
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី១ធ្នូ ឆ្នាំ១៩៩១៖ អ៊ុយក្រែន​ប្រកាស​ឯករាជ្យ ក្រោយ​ការ​ដួលរលំ​នៃ​សហភាព​សូវៀត។ គួរបញ្ជាក់ថា អ៊ុយក្រែន ក៏​ដូចជា រុស្ស៊ី​ដែរ ធ្លាប់​ជា​សាធារណរដ្ឋ​មួយ ក្នុង​ចំណោម​សាធារណរដ្ឋ​ទាំង ១៥ ក្នុង​សហភាព​សូវៀត។

ថ្ងៃទី៥ធ្នូ ឆ្នាំ១៩៩៤៖ អ៊ុយក្រែន​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​មួយ នៅ​ក្នុងទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី (Budapest Memorandum​ on Security Assurances) រួមជាមួយ​នឹង​ប្រទេស​ហត្ថលេខី ៣ផ្សេងទៀត គឺ រុស្ស៊ី សហរដ្ឋ​អាមេរិក និង​អង់គ្លេស។ តាមរយៈ​អនុស្សារណៈ​នេះ អ៊ុយក្រែន​សុខចិត្ត​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ ដែល​បន្សល់​ទុក​ពី​សម័យ​សហភាព​សូវៀត ដោយ​ផ្ទេរ​ទៅ​ឲ្យ​រុស្ស៊ី​។ ជាថ្នូរមកវិញ រុស្ស៊ី​ សហរដ្ឋ​អាមេរិក និង​អង់គ្លេស ដែល​សុទ្ធសឹង​ជា​មហាអំណាច​នុយក្លេអ៊ែរ បាន​សន្យា​គោរព​អធិបតេយ្យ និង​បូរណភាព​ដែនដី​របស់​អ៊ុយក្រែន។

ខែតុលា-ខែធ្នូ ឆ្នាំ២០០៤៖ ការ​បោះឆ្នោត​ប្រធានាធិបតី​ ដោយ​មាន​ការប្រជែងគ្នា ពី​បេក្ខជន​​ចម្បងៗ ពីររូប​ គឺ​លោក​ វិចទ័រ យូឆិនកូ (Victor Yushchenko) ដែល​មាន​និន្នាការ​ទៅរក​លោកខាងលិច និង​លោក វិចទ័រ យ៉ានូកូវិច (Victor Yanukovych) ដែល​មាន​និន្នាការ​ទៅ​ខាង​រុស្ស៊ី។ នៅមុន​ពេល​បោះឆ្នោត លោក វិចទ័រ យូឆិនកូ ត្រូវ​បាន​គេ​លួចដាក់ថ្នាំ​​បំពុល ក៏ប៉ុន្តែ មិន​ស្លាប់ ហើយ​នៅ​តែ​អាច​បន្ត​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត។ លោក​ វិចទ័រ យូឆិនកូ មានសំឡេង​នាំមុខ​នៅ​ជុំទីមួយ ក៏ប៉ុន្តែ ក្រោយ​ពី​ឆ្លង​កាត់​បោះឆ្នោត​ជុំទីពីរ លោក​ វិចទ័រ យ៉ានូកូវិច ជា​អ្នក​បាន​ទទួល​ជោគជ័យ។ បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ក៏​បាន​ផ្ទុះឡើង ដែល​គេស្គាល់ជាទូទៅ​ថា​ជា “បដិវត្តន៍​ពណ៌ទឹកក្រូច” រហូត​នាំ​ទៅដល់​ការ​បោះឆ្នោត​ឡើងវិញ ដោយ​​នៅក្នុងការ​បោះឆ្នោតឡើងវិញ​នេះ លោក​ វិចទ័រ យូឆិនកូ បាន​​ឈ្នះឆ្នោត​​​ជា​ប្រធានាធិបតី។

លោក ​វិចទ័រ យូឆិនកូ (ឆ្វេង) ប្រធានាធិបតី​អ៊ុយក្រែន និង​លោក ហ្សូហ្សេ ម៉ានុយអែល បារ៉ូសូ ប្រធានគណៈកម្មការ​អឺរ៉ុប កាល​ពី​ខែធ្នូ ឆ្នាំ២០០៩
លោក ​វិចទ័រ យូឆិនកូ (ឆ្វេង) ប្រធានាធិបតី​អ៊ុយក្រែន និង​លោក ហ្សូហ្សេ ម៉ានុយអែល បារ៉ូសូ ប្រធានគណៈកម្មការ​អឺរ៉ុប កាល​ពី​ខែធ្នូ ឆ្នាំ២០០៩ REUTERS/Gleb Garanich

ឆ្នាំ២០០៨៖ អ៊ុយក្រែន​ រួមជាមួយ ហ្សកហ្ស៊ី ស្នើសុំចូល​ជា​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់។ នៅក្នុង​ជំនួបកំពូល ខែមេសា ឆ្នាំ២០០៨ នៅ​ទីក្រុង​ប៊ុយការ៉េស (ប្រទេស​រូម៉ានី) បក្សសម្ព័ន្ធ​អូតង់បាន​ស្វាគមន៍​បំណង​ចង់​ចូល​ជា​សមាជិក​របស់ អ៊ុយក្រែន និង​ហ្សកស៊ី។ ក៏ប៉ុន្តែ ដោយ​មាន​ការ​ជំទាស់​យ៉ាងខ្លាំងក្លា​ពី​សំណាក់​រុស្ស៊ី ហើយ​ប្រទេស​សំខាន់​ពីរ​ក្នុង​អូតង់​ គឺ​បារាំង និង​អាល្លឺម៉ង់ ក៏​មិនគាំទ្រ អូតង់​បាន​បដិសេធ​មិន​ចាប់ផ្តើម​ផែនការប្រតិបត្តិ (Membership Action Plan) ទទួល​អ៊ុយក្រែន និង​ហ្សកហ្ស៊ី ជា​សមាជិក​នោះទេ តែ​ក្នុងពេល​ជាមួយគ្នា ​អូតង់​ក៏​មិនបិទទ្វារ​ទាំងស្រុង​នោះដែរ ដោយ​​ទុក​លទ្ធភាព​ឲ្យ​អ៊ុយក្រែន ចូល​ជា​សមាជិក​នៅ​ថ្ងៃណាមួយ។

ខែវិច្ឆិកា​ឆ្នាំ២០១៣៖ លោក វិចទ័រ យ៉ានូកូវិច ដែល​បាន​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី កាល​ពីឆ្នាំ២០១០ ហើយ​ដែលធ្លាប់​បាន​សន្យា​ថា​នឹង​បន្ត​នយោបាយ​របស់​លោក វិចទ័រ យូឆិនកូ ​នាំអ៊ុយក្រែន​ឲ្យ​មាន​ទំនាក់ទំនង​ជាដៃគូ​ជាមួយ​សហភាព​អឺរ៉ុប ស្រាប់តែ​បាន​ផ្លាស់ប្តូរ​នយោបាយ​មកវិញ ដោយ​បាន​លុបចោល​គម្រោង​ចុះកិច្ចព្រមព្រៀង​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប (EU Association Agreement) ហើយ​ចាប់ផ្តើម​នាំ​អ៊ុយក្រែន​ឲ្យ​ងាក​ទៅ​រក​រុស្ស៊ី​វិញម្តង។ វិបត្តិ​ផ្ទៃក្នុង​អ៊ុយក្រែន​ក៏​ចាប់ផ្តើម​ផ្ទុះឡើង រវាង​អ្ន​កមាននិន្នាការ​ទៅខាង​អឺរ៉ុប និង​អ្នក​មាន​និន្នាការ​ទៅ​ខាង​រុស្ស៊ី។

លោក​ វិចទ័រ យ៉ានូកូវិច ប្រធានាធិបតី​អ៊ុយក្រែន និង​លោក​ វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី
លោក​ វិចទ័រ យ៉ានូកូវិច ប្រធានាធិបតី​អ៊ុយក្រែន និង​លោក​ វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី © AFP

ខែធ្នូ​ឆ្នាំ២០១៣៖ ក្រុមអ្នក​មាននិន្នាការ​ទៅ​ខាង​អឺរ៉ុប​បាន​ចេញធ្វើ​បាតុកម្ម នៅ​ទីលានម៉ៃដាន ក្នុងទីក្រុង​កៀវ ដើម្បី​ប្រឆាំង​នឹង​នយោបាយ​និយម​រុស្ស៊ី របស់​លោក​ប្រធានាធិបតី វីចទ័រ យ៉ានូកូវិច។

ខែកុម្ភៈ​ឆ្នាំ២០១៤៖ ការប៉ះទង្គិចគ្នា​ដោយ​ហិង្សា រវាង​ប៉ូលិស និង​បាតុករ​ប្រឆាំង បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ត្រូវ​បាត់បង់​ជីវិត។ នៅ​ថ្ងៃទី២២កុម្ភៈ សភា​អ៊ុយក្រែន​ក៏​បាន​បោះឆ្នោត​ទម្លាក់​លោក​វិចទ័រ យ៉ានូកូវិច ពីតំណែង។ ប៉ុន្មាន​ម៉ោង មុនពេល​សភា​បោះឆ្នោត លោក​វិចទ័រ យ៉ានូកូវិច បាន​រត់ភៀសខ្លួន​ចេញ​ពី​ទីក្រុង​កៀវ​ ទៅកាន់ទីក្រុង​មួយទៀត នៅខាងកើត​ប្រទេស មុននឹង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី។ ទាំង​លោក វិចទ័រ យ៉ានូកូវិច និង​លោក​វ្ល៉ាឌីមៀរ ពូទីន បាន​ចាត់ទុក​ការទម្លាក់​លោក​យ៉ានូកូវិច​ពីតំណែង​ជា​រដ្ឋប្រហារ។

ខែមីនា​ឆ្នាំ២០១៤៖ រុស្ស៊ី​ពង្រាយ​កងទ័ព​នៅ​តំបន់​គ្រីមេ ក្នុងហេតុផល​ថា ដើម្បី​ការពារ​ប្រជាជន​ដើមកំណើត​រុស្ស៊ី បន្ទាប់មក រៀបចំ​បោះឆ្នោត​ប្រជាមតិ ភ្ជាប់​តំបន់​គ្រីមេ​ជា​ទឹកដី​របស់​រុស្ស៊ី។ ការកាត់យក​តំបន់​គ្រីមេ​ដោយ​រុស្ស៊ី​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ជាទូទៅ ចាត់ទុក​ថា​ជា​ទង្វើ​ខុសច្បាប់ ហើយ​​​មហាសន្និបាត​អ.ស.ប បាន​បោះឆ្នោត​នៅ​ឆ្នាំ២០១៤ ក្នុង​សំឡេង ១០០ ទល់​នឹង ១១ (១៣ប្រទេស​អនុប្បវាទ) បដិសេធ​មិនទទួលស្គាល់​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមេ ហើយ​កំណត់​ថា គ្រីមេ​នៅតែ​ជា​ដែនដី​មួយ​របស់​អ៊ុយក្រែន។ ចំណែក​សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក ព្រមទាំង​ប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ជុំវិញ​ការ​កាត់យក​តំបន់​គ្រីមេ។

កងកម្លាំងប្រដាប់អាវុធ ដែល​មិនមាន​សញ្ញាសម្គាល់ ហើយ​ដែល​គេ​គិត​ថា​ជា​កងទ័ព​រុស្ស៊ី នៅ​ក្នុង​តំបន់​គ្រីមេ កាល​ពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤
កងកម្លាំងប្រដាប់អាវុធ ដែល​មិនមាន​សញ្ញាសម្គាល់ ហើយ​ដែល​គេ​គិត​ថា​ជា​កងទ័ព​រុស្ស៊ី នៅ​ក្នុង​តំបន់​គ្រីមេ កាល​ពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ REUTERS

ខែមេសា​ឆ្នាំ២០១៤៖ សង្រ្គាមបានផ្ទុះឡើង​នៅ​តំបន់​ដុនបាស់ (Donbas) ខាងកើត​អ៊ុយក្រែន ហើយ​ក្រុមឧទ្ទាម​ផ្តាច់ខ្លួន ដោយ​មាន​ការគាំទ្រ​ពី​សំណាក់រុស្ស៊ី បាន​ប្រកាស​បង្កើត​រដ្ឋឯករាជ​ចំនួនពីរ​ដាច់​ពី​អ៊ុយក្រែន គឺ ដូណេតស្ក៍ (Donetsk) និង លូហាន់ស្ក៍ (Luhansk)។ ការបោះឆ្នោត​ប្រជាមតិ​បង្កើត​រដ្ឋឯករាជ​ទាំងពីរ ត្រូវ​បាន​រៀបចំ​ធ្វើឡើង នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០១៤។ ក៏ប៉ុន្តែ ក្រៅពី​រុស្ស៊ី មិនមាន​ប្រទេស​ណាផ្សេងទៀត ទទួលស្គាល់​ការប្រកាស​រដ្ឋ​ឯករាជ​ទាំងពីរ​នេះទេ។

ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៤៖ លោក ប៉េត្រូ ប៉ូរ៉ូឆិនកូ (Petro Poroshenko) បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន ហើយក្រោយ​មក​​បាន​ប្រកាស​បទឈប់បាញ់​ជា​ឯកតោ​ភាគី នៅ​តំបន់​ដុនបាស់ ក៏ប៉ុន្តែ នៅ​លើ​ដីជាក់ស្តែង ការវាយប្រយុទ្ធគ្នា​ រវាង​កងកម្លាំង​អ៊ុយក្រែន និង​ក្រុមផ្តាច់ទឹកដី នៅតែ​បន្ត។

ថ្ងៃទី៦ មិថុនា ឆ្នាំ២០១៤៖ នៅក្នុងឱកាស​ចូលរួម​ក្នុង​​ពិធីរំឭកខួប​ ៧០ឆ្នាំ នៃ​ប្រតិបត្តិការ​យោធា​នៅ​ឆ្នេរ​ណរម៉ង់ឌី (ប្រទេស​បារាំង)​ លោក​ប្រធានាធិបតី​បារាំង ​ហ្វ្រង់ស័រ ហូឡង់ លោកស្រី​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្កេឡា មែរកិល លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆិនកូ បាន​ជួប​ចរចា​គ្នា ៤ភាគី ដែលក្រោយ​មក​ត្រូវបាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ “ទម្រង់ណរម៉ង់ឌី”។

ថ្ងៃទី២៧​ មិថុនា ឆ្នាំ២០១៤៖ អ៊ុយក្រែន​ចុះ​កិច្ចព្រមព្រៀង​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប (EU Association Agreement) ដោយ​ភ្ជាប់​ជាមួយនោះ ក៏​មាន​ផងដែរ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-អ៊ុយក្រែន។ រុស្ស៊ី​បាន​ព្រមាន​ចាត់វិធានការ​តប ប្រសិន​បើ​កិច្ចព្រមព្រៀង​នេះ បង្ក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ​ដល់​សេដ្ឋកិច្ច​រុស្ស៊ី។

ថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៤៖ ក្រោម​ការ​សម្របសម្រួល​របស់​បារាំង និង​អាល្លឺម៉ង់ នៅ​ក្នុង​ទម្រង់​ណរម៉ង់ឌី អ៊ុយក្រែន រុស្ស៊ី មេដឹកនាំ​ផ្តាច់ទឹកដី​ខាងកើតអ៊ុយក្រែន និង​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប (OSCE) បាន​ចុះ​កិច្ចព្រមព្រៀង នៅ​ក្នុងទីក្រុង​មីនស្ក៍ (ប្រទេស​បេឡារុស) ក្នុងគោលដៅ​ឈា​ន​ទៅ​បញ្ចប់​សង្រ្គាម​នៅ​ខាង​កើត​អ៊ុយក្រែន។ ក៏ប៉ុន្តែ នៅលើ​សមរភូមិ​ជាក់ស្តែង ការវាយប្រយុទ្ធគ្នា​ ថ្វីដ្បិត​តែ​មាន​ការ​ថយចុះ​ តែ​នៅតែ​បន្ត​កើតមាន។

លោក ប៉េត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតី​អ៊ុយក្រែន ជាមួយ​ប្រមុខដឹកនាំ​អាល្លឺម៉ង់ បារាំង និង​រុស្ស៊ី នៅក្នុង​អំឡុង​ជំនួបក្នុងទម្រង់​ណរម៉ង់ឌី នៅ​ក្នុង​ទីក្រុង​មីនស្ក៍ ប្រទេស​បេឡារុស កាល​ពី​ថ្ងៃទី១១ កុម្ភៈ ២០១៥
លោក ប៉េត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតី​អ៊ុយក្រែន ជាមួយ​ប្រមុខដឹកនាំ​អាល្លឺម៉ង់ បារាំង និង​រុស្ស៊ី នៅក្នុង​អំឡុង​ជំនួបក្នុងទម្រង់​ណរម៉ង់ឌី នៅ​ក្នុង​ទីក្រុង​មីនស្ក៍ ប្រទេស​បេឡារុស កាល​ពី​ថ្ងៃទី១១ កុម្ភៈ ២០១៥ REUTERS/Mykola Lazarenko/Ukrainian Presidential Press Service

ថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៤៖ សភា​អ៊ុយក្រែន​បោះឆ្នោត​​ទៅលើ​សេចក្តីសម្រេច ដែល​បង្ហាញ​ពី​ជំហរ​ចង់​ឲ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​អូតង់។ រុស្ស៊ី​រិះគន់​ការបោះឆ្នោត​នេះ​ថា នឹងមិនជួយ​ក្នុងការ​ដោះស្រាយវិបត្តិ តែ​នឹង​បង្កើត​ឲ្យ​មាន​បរិយាកាស​ប្រឈម​មុខដាក់គ្នា​កាន់តែ​ខ្លាំង ក្នុង​វិបត្តិ​អ៊ុយក្រែន។

ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៥៖ ក្រោយ​ពី​ការ​វាយប្រយុទ្ធគ្នា នៅតែប​ន្តកើតមាន នៅ​ខាង​កើត​អ៊ុយក្រែន ប្រទេស​ពាក់ព័ន្ធ​ក្នុង​កិច្ចព្រមព្រៀង​មីនស្ក៍ ក៏​បាន​ជួប​ចរចា​គ្នា​ម្តងទៀត ហើយ​ឈាន​ទៅ​កែសម្រួល​កិច្ចព្រមព្រៀង​ចាស់ បង្កើត​ជា​កិច្ចព្រមព្រៀង​មីនស្ក៍​ទី២ ដោយ​នៅ​ក្នុង​នោះ មាន​ការ​ចែង​ពី​បទឈប់បាញ់ ការ​ដកអាវុធ​ធុនធ្ងន់​ចេញ​ពី​សមរភូមិជួរមុខ ការ​ដោះលែង​អ្នកទោស ព្រមទាំង​មាន​ការ​សន្យា​រៀបចំ​ឲ្យ​តំបន់​ដុនបាស់ ទៅជា​តំបន់​ស្វ័យ័ត តែ​ស្ថិត​ក្នុងដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន។ ក៏ប៉ុន្តែ សង្រ្គាម​នៅ​ខាង​កើត​អ៊ុយក្រែន​នៅតែ​បន្ត​កើតមាន ដោយ​ឆ្លាស់គ្នា រវាង​ការ​វាយប្រយុទ្ធគ្នា និង​ការប្រកាស​បទឈប់បាញ់ ជាច្រើន​លើក​ជាច្រើន​សារ។

ថ្ងៃទី២០ ឧសភា ឆ្នាំ២០១៩៖ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន ដោយ​យក​ឈ្នះ​លើ​លោក ប៉េត្រូ ប៉ូរ៉ូឆិនកូ។ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែល​ជា​តារាកំប្លែង ធ្លាប់​ចំណាយពេល​ច្រើន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ហើយ​ចេះនិយាយ​ភាសា​រុស្ស៊ី​យ៉ាង​ស្ទាត់​ជំនាញ​ផងនោះ ធ្លាប់​បាន​សន្យា នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា ក្រៅពី​លុបបំបាត់​អំពើ​ពុករលួយ​ក្នុង​ប្រទេស លោក​ក៏​នឹង​ខិតខំប្រឹងប្រែងផងដែរ​បញ្ចប់​ភាពតានតឹង​ជាមួយ​រុស្ស៊ី និង​បញ្ចប់​សង្រ្គាម​នៅ​ខាង​កើត​អ៊ុយក្រែន។

លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន នៅ​ឆ្នាំ២០១៩
លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន នៅ​ឆ្នាំ២០១៩ AFP/File

ថ្ងៃទី១ តុលា ឆ្នាំ២០១៩៖ តំណាង​រដ្ឋាភិបាល​អ៊ុយក្រែន និង​តំណាង​រដ្ឋាភិបាល​រុស្ស៊ី ជួបគ្នា នៅក្នុងទីក្រុង​មីនស្ក៍ ហើយ​បាន​ព្រមព្រៀងគ្នា​ថា នឹង​រៀបចំ​ការ​បោះឆ្នោត​ នៅ​តំបន់​ដុនបាស់ និង​កំណត់​លក្ខន្តិកៈពិសេស សម្រាប់​តំបន់​នេះ។ ក្រោយ​ការ​ព្រមព្រៀងគ្នា​នេះ បាតុកម្ម​បាន​ផ្ទុះឡើង នៅ​ទីក្រុង​កៀវ ដោយ​បាតុករ​បាន​រិះគន់​លោក វ៉ូឡូឌីមៀរ​ ហ្សេឡេនស្គី ថា ចុះញ៉ម​សម្ពាធ​របស់​រុស្ស៊ី។

ថ្ងៃទី១២ មិថុនា ឆ្នាំ២០២០៖ បក្សសម្ព័ន្ធ​អូតង់​ផ្តល់​ឲ្យ​អ៊ុយក្រែន​នូវ​ឋានៈ​ជា​ប្រទេស​ដៃគូ ដែល​បើកផ្លូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​យោធា​ជាមួយគ្នា ក៏ប៉ុន្តែ នៅតែ​បដិសេធ​មិន​ចាប់ផ្តើម​នីតិវិធី​ទទួល​អ៊ុយក្រែន​ជា​សមាជិក ទៅតាម​ការ​ស្នើ​សុំ​របស់​លោក វ៉ូឡូឌីមៀរ ​ហ្សេឡេនស្គី។

ថ្ងៃទី១ មេសា ឆ្នាំ២០២១៖ លោក​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចោទ​រុស្ស៊ី​ថា​ពង្រាយទ័ព​នៅតាម​ព្រំដែន​អ៊ុយក្រែន។ រុស្ស៊ី​ឆ្លើយតបមកវិញ​ថា ការពង្រាយទ័ព​នេះ គឺ​ដើម្បី​ធ្វើ​សមយុទ្ធ ឆ្លើយតប​ទៅនឹង​ទង្វើ​បង្កហេតុ​របស់​អ៊ុយក្រែន។

ថ្ងៃទី៦ មេសា ឆ្នាំ២០២១៖ ប្រឈម​នឹង​ការពង្រាយទ័ព​របស់​រុស្ស៊ី លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ប្រកាស​ជាចំហ​ថា ការចូល​ជា​សមាជិក​បក្សសម្ព័ន្ធអូតង់​គឺ​ជា​មធ្យោបាយតែមួយគត់ ដែល​អាច​បញ្ចប់​សង្រ្គាម​នៅ​តំបន់​ដុនបាស់បាន។ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ក៏​បាន​ប្រកាស​ផងដែរ អំពី​គោលបំណង​ចង់​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប។

ខែធ្នូ ឆ្នាំ២០២១៖ ក្រោយ​ពី​រុស្ស៊ី​ពង្រាយ​ទ័ព​កាន់តែច្រើន នៅ​ក្បែរព្រំដែន​អ៊ុយក្រែន ប្រទេស​លោកខាងលិច​ក៏​ចាប់​ផ្តើម​ទាញ​សញ្ញា​អាសន្ន ដោយ​លើកឡើងថា ជាការពង្រាយទ័ព ក្នុងគោលដៅ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ លោក​វ៉្លាឌីមៀរ ពូទីន បាន​បដិសេធ​ថា​រុស្ស៊ី​មិនមាន​ចេតនា​ចូល​ឈ្លានពាន​អ៊ុយក្រែន​នោះទេ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ចំពោះ​អាមេរិក និង​បក្ស​សម្ព័ន្ធអូតង់ ក្នុងនោះ រួមមាន​ការ​ទាមទារ​ឲ្យ​អូតង់​ធានា​ថា​នឹង​មិន​ឲ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក ហើយ​ឲ្យ​អូតង់​​​ដក​កម្លាំងយោធា​ទាំងអស់ ដែល​ឈរជើង​នៅ​ក្នុង​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ហើយ​ដែល​ចូល​ជាសមាជិក​អូតង់ ក្រោយ​ឆ្នាំ១៩៩៩៧។

លោក​បៃដិន បាន​ព្រមាន​ទុកជាមុន​ថា ប្រសិនបើ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន អាមេរិក និង​សម្ព័ន្ធមិត្ត​ ​នឹង​ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទៅលើ​រុស្ស៊ី ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ប្រកាស​ទុក​ជាមុនផងដែរ​ថា ​អាមេរិក​នឹង​មិន​បញ្ជូន​កងទ័ព​ទៅ​​ជួយ​អ៊ុយក្រែន​នោះទេ ពីព្រោះ​អ៊ុយក្រែន​មិនមែន​ជា​សមាជិក​អូតង់។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី
លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី © Sputnik/Aleksey Nikolskyi/Kremlin via REUTERS

ខែធ្នូ ឆ្នាំ២០២១-ខែកុម្ភៈ ឆ្នាំ២០២២៖ កិច្ចប្រឹងប្រែងផ្នែក​ការទូត​ត្រូវ​បាន​គេ​សម្រុក​ធ្វើ​យ៉ាង​ខ្លាំង ដើម្បី​បញ្ចៀស​សង្រ្គាម​អ៊ុយក្រែន ក្នុងនោះ ក៏រួមមាន​ទាំង​ជំនួប​តាម​វីដេអូ រវាង​លោក​ពូទីន និង​លោក​បៃដិន ជំនួប​ដោយ​ផ្ទាល់ នៅ​ទីក្រុង​ម៉ូស្គូ រវាង​លោក​ម៉ាក្រុង និង​លោក​ពូទីន និង​ជំនួប រវាង​លោក​​ពូទីន និង​លោក​អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ទើប​នឹង​ឡើងកាន់តំណែង។

ក៏ប៉ុន្តែ ប្រតិបត្តិការ​ផ្នែក​ការទូត​ទាំងនេះ មិន​បាន​ទទួល​លទ្ធផល​ជាវិជ្ជមាន​នោះទេ។ លោក​បៃដិន និង​សម្ព័ន្ធមិត្ត​ក្នុង​បក្សសម្ព័ន្ធ​អូតង់​បដិសេធ​​មិនផ្លាស់ប្តូរ​គោលនយោបាយ​បើក​ទ្វារចំហ ឬ « Open door policy » ពោលគឺ ទុកសិទ្ធិ​ឲ្យ​ប្រទេស​នីមួយៗ​ជាអ្នក​សម្រេច​ដោយ​ខ្លួនឯង​​ថា​ចង់​ចូល​ក្នុង​អូតង់​ ឬ​ក៏អត់។ នេះមានន័យថា ក្នុង​ករណី​អ៊ុយក្រែន គឺ​អ៊ុយក្រែន​ខ្លួនឯង​ជា​អ្នក​មានសិទ្ធិសម្រេច​ថា​ ចង់​ចូល​ក្នុង​អូតង់ ឬ​ក៏​អត់ ចំណែក​អូតង់​មាន​សិទ្ធិ​សម្រេច​ថា ទទួល​យក​អ៊ុយក្រែន​ជា​សមាជិក ​ឬ​មិនទទួល ដោយ​មើល​ទៅលើ​លក្ខខណ្ឌ​សមាជិកភាព​របស់​អូតង់ ក៏ប៉ុន្តែ មិន​អាច​​បិទទ្វារជាមុន​ថា​មិន​ទទួល​យក​អ៊ុយក្រែន​នោះទេ។

ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២២៖ ក្រោយ​ពីមាន​ជំនួប​តាម​ទូរសព្ទ រវាង​លោក​ម៉ាក្រុង និង​លោក​ពូទីន វិមានប្រធានាធិបតី​បារាំងបាន​ចេញ​សេចក្តីថ្លែងការណ៍​ថា លោក​ពូទីន និង​លោក​បៃដិន បាន​ព្រមព្រៀង​ជាគោលការណ៍​ថា​នឹង​បើក​ធ្វើ​ជំនួបកំពូល ជជែក​អំពី​វិបត្តិ​អ៊ុយក្រែន។ ក៏ប៉ុន្តែ នៅថ្ងៃទី២១​កុម្ភៈ លោក​ពូទីន ​បាន​ប្រកាស​ទទួលស្គាល់ ដូណេតស្ក៍ និង លូហាន់ស្ក៍ ជា​រដ្ឋឯករាជ្យ ហើយ​នៅថ្ងៃទី២៤កុម្ភៈ កងទ័ព​រុស្ស៊ី​ក៏​បាន​ចាប់ផ្តើម​វាយប្រហារ​ទៅលើ​អ៊ុយក្រែន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ