អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

G៧ ត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាស់ដៃលើរុស្ស៊ី បើរុស្ស៊ីហ៊ានចូលឈ្លានពានអ៊ុយក្រែន

វិបត្តិ​អ៊ុយក្រែន​កំពុង​បន្ត​ជា​បច្ចុប្បន្នភាណ​ក្តៅ​គគុក​រវាង​ប្រទេស​រុស្ស៊ី និង​ក្រុម​បស្ចិមប្រទេស។ ទន្ទឹម​នឹង​ការ​ចោទ​រុស្ស៊ី​ពី​បទ​ត្រៀម​ចូល​ឈ្លានពាន​អ៊ុយក្រែន ក្រុម​បស្ចិមប្រទេស​ក៏​កំពុង​ត្រៀម​យុទ្ធសាស្រ្ត​ត្រជាក់ និង​ក្តៅ​ដើម្បី​ត ទល់​នឹង​រុស្ស៊ី។ យុទ្ធសាស្រ្ត​ត្រជាក់ គឺ​ការ​បន្ត​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​តាម​ផ្លូវទូត។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោក​អូឡាហ្វ ស្ហុលស៍​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយក្រែន​ក្នុង​ទីក្រុង​កៀវ​នា​ថ្ងៃ​ចន្ទ ទី១៤ កុម្ភៈ និង​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ក្នុង​ទីក្រុង​មូស្គូ​នា​ថ្ងៃ​អង្គារ ទី១៥ កុម្ភៈ។ ចំណែក​យុទ្ធសាស្រ្ត​ក្តៅ គឺ​ការ​ត្រៀម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ ជាក់ស្តែង​ក្នុង​ថ្ងៃ​ចន្ទ ទី១៤ កុម្ភៈ ក្រុម​ប្រទេស G៧ បាន​បញ្ជាក់​ពី​ការ​ត្រៀម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចាស់ដៃ​លើ​រុស្ស៊ី បើ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន។ លោក​យុយលីយៀង តេរ៉ុង សាស្រ្តាចារ្យ​នៅ​សាលា​វិទ្យាសាស្រ្ត នយោបាយ​ក្រុង​ប៉ារីស​បាន​មើល​ឃើញ​ថា រឿង​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​អាច​កើត​មាន​ឡើង តែ​លោក​បាន​ចោទ​សួរ​ពី​ប្រសិទ្ធិភាព​នៃ​អន្តរាគមន៍​យោធា​តាម​ផ្លូវគោក​របស់​រុស្ស៊ី។

G៧ ត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាស់ដៃលើរុស្ស៊ី បើរុស្ស៊ីហ៊ានចូលឈ្លានពានអ៊ុយក្រែន
G៧ ត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាស់ដៃលើរុស្ស៊ី បើរុស្ស៊ីហ៊ានចូលឈ្លានពានអ៊ុយក្រែន via REUTERS - UKRAINIAN ARMY GENERAL STAFF
ផ្សាយពាណិជ្ជកម្ម

« សំណួរ​ទាក់ទង​នឹង​រឿង​យោធា​នេះ​ជា​សំណួរ​ដ៏​សំខាន់។ សមត្ថភាព​យោធា​របស់​រុស្ស៊ី​ថ្ងៃ​នេះ​គឺ​ធំធេង​ណាស់ បើ​គេ​ធៀប​នឹង​សមត្ថភាព​យោធា​ដែល​រុស្ស៊ី​បាន​ប្រើ​ដើម្បី​វាយប្រហារ​ប្រទេស​ហ្សកហ្ស៊ី​ក្នុង​ឆ្នាំ ២០០៨។ កាល​ណោះ គឺ​ដើម្បី​គាំទ្រ​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​តំបន់​អូស៊ីធី​ខាងត្បូង​ដែល​និយម​រុស្ស៊ី។ តែ​នៅ​ក្នុង​ការ​វាយប្រហារ​ហ្សកហ្ស៊ី​ពេល​នោះ ទ័ព​រុស្ស៊ី​មិន​បាន​វាយ​ចូល​ដល់​ទីក្រុង​ប៊ីលីស៊ី​ទេ ពោល​បាន​ឈប់​ត្រឹម​ស្រុក​ហ្គោរី។

កម្មវត្ថុ​នៃ​ការ​មិន​វាយប្រហារ​ឲ្យ​ហួស​ឆ្ងាយ​ពី​ស្រុក​ហ្គោរី​របស់​ទ័ព​រុស្ស៊ី​កាលណោះ គឺ​ដើម្បី​ដាក់​គំនាប​លើ​ហ្សកហ្ស៊ី និង​សហគមន៍​អន្តរជាតិ។ តែ​អ្វី​ដែល​គេ​កំពុង​សំឡឹង​ឃើញ​ពេល​នេះ គឺ​វត្តមាន​ទ័ព​រុស្ស៊ី និង​គ្រឿងសព្វាវុធ ពិសេស​រថក្រោះ​ដ៏​ច្រើន​សម្បើម​ដែល​រុស្ស៊ី​បាន​ដាក់​ពង្រាយ​នៅ​ព្រំដែន​អ៊ុយក្រែន។ បន្ថែម​ពី​នេះ គេ​ក៏​បាន​ឃើញ​មាន​ការ​រៀបចំ​រចនាសម្ព័ន្ធ​ដើម្បី​ការពារ​រថក្រោះ​ប្រឈម​នឹង​ការ​វាយប្រហារ​ដោយ​ដ្រូន​តួកគី​ដែល​អ៊ុយក្រែន​បាន​ទិញ។

រូបភាព​ទាំង​អស់​នេះ​នាំ​ឲ្យ​គេ​អាច​សន្មត់​ថា រុស្ស៊ី​កំពុង​ត្រៀម​ជើងព្រួល​វាយប្រហារ​អ៊ុយក្រែន​តាម​ផ្លូវគោក។ នៅ​ក្នុង​ករណី​នេះ មាន​ការ​ចោទ​ឡើង​នូវ​សំណួរ​មួយ​ចំនួន ព្រោះ​បើ​មាន​ការ​វាយប្រហារ​ផ្លូវគោក​ពី​រុស្ស៊ី​មែន កម្លាំង​ទាហាន​អ៊ុយក្រែន​ក៏​បាន​រៀបចំ និង​ត្រៀម​ខ្លួន​ល្អ​ជាង​ឆ្នាំ ២០១៤ ដែល​រុស្ស៊ី​បាន​វាយក្រសោប​យក​តំបន់​គ្រីមេ។ លើស​ពី​នេះ ប្រជាជន​អ៊ុយក្រែន​ក៏​បាន​រៀបចំ និង​ត្រៀមខ្លួន​ដើម្បី​ធ្វើ​សង្រ្គាមទ័ពព្រៃ​ដែរ។ បើ​ដូច្នេះ​មែន កិច្ចសន្ទនា​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ក្នុង​ទីក្រុង​កៀវ​បាន​បង្ហាញ​ថា រុស្ស៊ី​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ជាប់ផុង​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន។ ដូច្នេះ វា​អាច​ចោទ​ជា​សំណួរ​ជុំវិញ​ភាព​សមហេតុផល​នៃ​ការ​ធ្វើ​អន្តរាគមន៍​យោធា​តាម​ផ្លូវគោក »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ