អានតួអត្ថបទ
កាណាដា-ចិន-នយោបាយ

នាយក​រដ្ឋមន្ត្រី​កាណាដា​ជំរុញ​បស្ចិម​លោក​ឲ្យ​រួប​រួម​គ្នា​ប្រឆាំង​ទល់​នឹង​ចិន

នៅក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធផ្សព្វ​ផ្សាយក្នុង​ស្រុក​ នាយករដ្ឋមន្ត្រី​កាណាដា​លោក​ ហ្សូសស្តាំង​ ទ្រុយដូ និយាយថា​ចិន​កំពុង​តែ​លេង​នយោបាយ​បំបែក​បំបាក់​សាមគ្គី​ភាព​របស់​បណ្តា​ប្រទេស​លោកខាង​លិច​។ ដូច្នោះហើយ​ មេដឹកនាំ​កាណាដា​បាន​ជំរុញ​ឲ្យ​ប្រទេសសម្ព័ន្ធមិត្ត​​រួប​រួម​សាមគ្គីគ្នា​ឲ្យកាន់តែខ្លាំង​ដើម្បីប្រឆាំង​​ទល់​នឹង​ទីក្រុង​ប៉េកាំង​។

នាយករដ្ឋមន្ត្រីកាណាដាហ្សូសស្តាំង ទ្រុយដូ  (ស្តាំ) និងប្រធានាធិបតីចិន ស៊ី ជីនពីង។
នាយករដ្ឋមន្ត្រីកាណាដាហ្សូសស្តាំង ទ្រុយដូ (ស្តាំ) និងប្រធានាធិបតីចិន ស៊ី ជីនពីង។ AP - Adrian Wyld
ផ្សាយពាណិជ្ជកម្ម

“សម្ព័ន្ធមិត្ត​លោក​ខាង​លិចគួរ​តែ​រួបរួម​គ្នា​ឲ្យ​បាន​ខ្លាំង​បន្ថែម​ទៀតដើម្បីការពារ​កុំ​ឲ្យ​ចិន​អាច​បំបែក​បំបាក់​កម្លាំងសាមគ្គី​របស់​យើង​បាន​”។ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​កាណាដា​ទ្រុយដូ​ ប្រាប់​ទូរទស្សន៍​ Global Television នៅក្នុង​បទ​សម្ភាសន៍​មួយ​ដែល​ចាក់​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី២៤​ ធ្នូ​ ឆ្នាំ២០២១​។

បើតាម​លោក​ទ្រុយដូ ​បញ្ហា​ប្រឈម​មួយ​សម្រាប់​ក្រុម​លោក​ខាងលិច​គឺ​ការ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ពីព្រោះថា​ក្នុងនាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​មូលធន​និយម​ ប្រទេសទាំងនោះ​ ត្រូវ​ខំព្យាយាម​ធ្វើឲ្យបាន​ល្អ​ ជាពិសេស​នៅពេលមាន​ឱកាស​សេដ្ឋកិច្ច​ហុច​ឲ្យ​នៅក្នុង​ប្រទេសចិន​ ជាទីដែល​វណ្ណៈ​កណ្តាល​កំពុង​កើនឡើងច្រើន​។

លោកនាយករដ្ឋមន្ត្រីកាណាដា​ បានលើកឡើងជាឧទាហរណ៍ជាក់ស្តែង​ដូចក្នុង​ករណី​ដែល​កាដាណា​ កំពុងព្យាយាម​សម្លឹងមើល​ពី​វិធី​នាំ​ចេញ​សាច់គោ​របស់​ខ្លួនឲ្យ​បានច្រើនជាង​សាច់​គោ​អូស្ត្រាលី​ចូល​ទៅ​កាន់ទីផ្សាររបស់​ចិន​។ និន្នាការនេះ​អនុញ្ញាត​ឲ្យ​ទីក្រុង​ប៉េកាំង​អាច​បំបែក​បំបាក់​ប្រទេសទាំងពីរ​នេះ​បាន​។ ប៉ុន្តែ​លោកទ្រុយដូមិន​បាន​បញ្ជាក់ប្រាប់​នោះទេពី​សកម្មភាព​ណាមួយ​របស់​ប្រទេស​ចិន​ដែល​ជំរុញ​ឲ្យ​លោក​លើក​ឡើង​បែបនេះ​។

ដើម្បីជាការឆ្លើយតប​ លោក​នាយករដ្ឋមន្ត្រី​កាណាដា​លើកឡើងថា​បណ្តា​ប្រទេស​លោក​ខាង​លិច ត្រូវតែត្រូវ​រួម​កម្លាំង​គ្នា​ឲ្យខ្លាំងជាងមុន​ដើម្បី​ការពារ​កុំ​ឲ្យ​ប៉េកាំង​អាច​បំបែក​បំបាក់​សម្ព័ន្ធមិត្ត​លោកខាងលិច​ និង​អាច​ប្រើការ​បង្ខិតបង្ខំការទូត​បាន​។

គួរបញ្ជាក់​ថា ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំកាណាដាខាងលើនេះបាន​កើត​ឡើង​ស្រប​ពេលកំពុង​មានបញ្ហានឹងគ្នា​​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ កាលពីចុងឆ្នាំ​ ២០១៨ ទំនាក់​ទំនង​ទ្វេភាគី​កាណាដា​-ចិន បាន​ធ្លាក់​ចុះ​ខ្លាំង​បន្ទាប់ពី​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​Huawei ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កាណាដា​ និងក្រោយ​ចិន​ចាប់ឃុំខ្លួន​ជនជាតិកាណាដាពីរ​នាក់​ពី​បទ​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​ចិន ហើយនិង​បាន​ហាមឃាត់​ការនាំចូល​មួយ​ចំនួន​​ពីកាណាដាទៀតផង​។

គួរជ្រាបដែរថា ថ្មីៗនេះកាណាដាបានចូលរួមពហិការ​ការទូត​មួយ​ដឹកនាំ​មុខដោយអាមេរិក​ក្នុងកម្មវិធី​កីឡា​អូឡាំពិក​រដូវរងារនៅប៉េកាំងនាខែកុម្ភៈខាងមុខដើម្បីប្រឆាំងនឹងអំពើ​រំលោភសិទ្ធិ​មនុស្សនៅចិន។​ រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីទ្រុយដូ ឥឡូវនេះក៏​កំពុង​ពិចារណាដែរពីការ​ហាមឃាត់​បច្ចេកវិទ្យា​5G របស់ក្រុមហ៊ុន Huawei​ នៅក្នុង​ប្រទេស​កាដាណា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ