អានតួអត្ថបទ
ដាណឺម៉ាក-កូសូវ៉ូ

ដាណឺម៉ាក ចង់​បញ្ជូន​អ្នកទោស​បរទេស​ទៅ ឃុំឃាំង​នៅកូសូវ៉ូ

សហភាព​អឺរ៉ុប​នឹង​ផ្តល់​កុងទឺនឺរ ចំនួន ១៥០ សម្រាប់​យក​ទៅ​​ធ្វើ​ជា​ជម្រក​ឱ្យ​ជនភៀស​ខ្លួន​​សុំ​សិទ្ធិ​ជ្រកកោន ដែល​មាន​ចំនួន​កាន់​តែច្រើន​ឡើង​ៗ​នៅ​ប៊ែលហ្សិក។ ចំណែក​នៅ​ដាណឺម៉ាក​វិញ រដ្ឋាភិបាល​កំពុង​រង​វិធីគ្រប់​យ៉ាង​សម្រាប់​​បំបាក់​ទឹក​ចិត្ត​ជន​អន្តោប្រវេសន៍។​ បន្ទាប់​ពី​សម្រេច​បញ្ជូន​ជន​អន្តោប្រវេសន៍​ដែល​​សិទ្ធិសុំ​ជ្រកកោន​រួច ទៅ​មណ្ឌល​ទទួល​ជនភៀសខ្លួន​នៅ​ក្រៅ​ទឹក​ដី​សហភាព​អឺរ៉ុប ដាណឺម៉ាក នឹង​បញ្ជូនទណ្ឌិត​​បរទេស​ទៅ​​ឃុំ​ឃាំង​​ក្នុង​ពន្ធនាគារ​នៅប្រទេស​​កូសូវ៉ូ។

ដាណឺម៉ាក នឹង​បញ្ជូន​អ្នកទោស​បរទេស​៣០០នាក់ ទៅកូសូវ៉ូ (រូថតតំណាង)
ដាណឺម៉ាក នឹង​បញ្ជូន​អ្នកទោស​បរទេស​៣០០នាក់ ទៅកូសូវ៉ូ (រូថតតំណាង) AFP - STEPHANE DE SAKUTIN
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ទាំង​ពីរ​ទើប​បាន​បញ្ជាក់​ព័ត៌មាន​ស្តី​ពី ចុះ​កិច្ចព្រមព្រៀង​ទទួលទណ្ឌិត ដែលត្រូវ​ឆ្លង​កាត់​ការ​ព្រមព្រៀង​ពី​សភា​ដាណឺម៉ាក ក្នុង​សំឡេង​ពីរ​ភាគបី។

បើ​តាម​កិច្ចព្រមព្រៀង ដាណឺម៉ាក អាច​បញ្ជូន​អ្នក​ទោស​បរទេសចំនួន​​៣០០​នាក់ ទៅ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ដែលស្ថិត​នៅ​ប៉ែក​ខាង​កើត​ប្រទេស​កូសូវ៉ូ។ នៅពេល​ចូល​ដល់​ពន្ធនាគារ  អ្នក​ទោស​ត្រូវ​គោរព​​តាម​ច្បាប់​របស់​ដាណឺម៉ាក តែ​ការរក្សា​សន្តិសុខ​និង​សុខុមាលភាព​អ្នក​ទោស​ជា​ភារៈកិច្ច​របស់អាជ្ញាធរ​ពន្ធនាគារ​កូសូវ៉ូ។ នៅពេលទណ្ឌិត​អនុវត្ត​ទោស​ចប់​សព្វគ្រប់ជន​ទាំង​នោះ​នឹង​ត្រូវ​បណ្តេញទៅ​ប្រទេស​កំណើត​វិញ​ភ្លាម។​

តើ​អ្នកទោស​ប្រភេទ​ណា​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅកូសូវ៉ូ ? បើតាមក្រសួងយុត្តិធម៌កូសូវ៉ូ ទណ្ឌិត​​ទាំងនោះ​មិនមែន​ជា​ភេរវជន និង​មិន​មែន​ជា​អ្នកទោស​គ្រោះ​ថ្នាក់​ទេ។ ជា​ថ្នូរ​នឹង​បន្ទុក​មើល​អ្នកទោស ​កូសូវ៉ូ នឹង​ទទួល​បាន​​ថវិកា​ចំនួន ២១០​លាន​អឺរ៉ូ​ពី​ដាណឺម៉ាក។ ដាណឺម៉ាក បាន​ថែម​ទាំង​បាន​សន្យា​ផ្តល់​​​ហិរញ្ញវត្ថុ​ចំនួន​៦​លានអឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ៗ សម្រាប់​កូសូវ៉ូ​ធ្វើ​​អន្តរកាល​ថាមពលទៀត។

​​ល្បី​ឈ្មោះ​ខាង​មានពន្ធនាគារ ​ទូលាយ​សម្រាប់​អ្នក​ទោស​ក្រោម៥​ឆ្នាំ ដាណឺម៉ាក​ចង់​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធនាគារ និង​ដំឡើង​សមត្ថភាព​ឃុំឃាំង​អ្នកទោស ព្រោះ​តាំង​ពី​ឆ្នាំ​២០១៥មក ចំនួនទណ្ឌិត​​ក្នុង​ពន្ធនាគារដាណឺម៉ាក បាន​កើន​ឡើង​១៩% ពោល​គឺ​ដាណឺម៉ាក​មាន​អ្នកទោស​សរុប​ជាង​ ៤០០០នាក់ គិត​ត្រឹម​ដើម​ឆ្នាំ​២០២១ និង​ឡើង​ពេញ​ណែនពន្ធនាគារ​ (លើសសមត្ថភាព​របស់​ពន្ធនាគារ​ទៅ​ទៀត​)។ នេះ​​បើ​តាម​ស្ថិតិ​ជាតិ​ស្តីពី​អត្រា​អ្នក​ទោស​ជាប់ឃុំឃាំង។ ហើយ​ទន្ទឹមពេល​ជាមួយ​គ្នា​នេះ ចំនួន​បុគ្គលិក​យាម​​ពន្ធនាគារ​បានធ្លាក់​ចុះ​អស់​១៨%។

​សេចក្តី​សម្រេច​របស់​ដាណឺម៉ាក បាន​ក្លាយ​ជា​រឿង​អាស្រូវ​មួយ។ ប៉ុន្តែ​​កិច្ចព្រមព្រៀង​នេះ​ជា​​ ​ជំហរ​បន្ត​ពី​ ​ពិធីសារ​យោគយល់​គ្នា​ចុះ​ហត្ថលេខា​កាលពី​ខែមេសា ២០២១ ដែល​សភា​​ដាណឺម៉ាក បាន​អនុម័ត​​ក្នុង​សំឡេង​ភាគ​ច្រើន​ខ្លាំង ឱ្យ​មាន​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ចុះ​​ឈ្មោះ​សុំ​សិទ្ធិ​ជ្រក​កោន​ហើយ​ទៅ​ឃុំ​ទុកក្នុងមណ្ឌល​ជន​ភៀស​ខ្លួន​នៅ​កូសូវ៉ូ។

ពេលនេះ ដាណឺម៉ាកបាន​ក្លាយ​ជា​​សមាជិក​សហភាពអឺរ៉ុប​ដំបូង​គេ​បង្អស់​ដែល​គ្រោង​នឹង​បញ្ជូន​អ្នក​ទោស​បរទេស​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នៅ​កូសូវ៉ូ។ ប៉ុន្តែ​ការ​បញ្ជូន​ទណ្ឌិត​ទៅ​​អនុវត្ត​ទោស​នៅ​បរទេស​មិន​មែន​ជា​ករណី​ថ្មី​ស្រឡាង​ទេ។ ន័រវែស​ធ្លាប់​បាន​បញ្ជូន​អ្នក​ទោស​ទៅឃុំ​ឃាំង​នៅ​ប្រទេសហូឡង់ អូស្ត្រាលី​ខ្ចប់​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទៅ​ឃុំ​នៅ​លើ​កោះ​មួយ​ជា​របស់​ប៉ាពូអាស៊ីនូវែលហ្គីណេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ