អានតួអត្ថបទ
បារាំង-អឺរ៉ុប

លោក​ម៉ាក្រុង ធ្វើ​សន្និសីទ​កាសែត បង្ហាញ​ពី​កាលវិភាគ​ការងារ សម្រាប់​អាណត្តិ​ជា​ប្រធាន​វិលជុំ​នៃ​សហភាព​អឺរ៉ុប

ចាប់ពីថ្ងៃទី​១មករា ឆ្នាំ២០២២ រហូតដល់ដាច់ខែមិថុនា បារាំងនឹងត្រូវដល់វេនជាប្រធានវិលជុំ ដឹកនាំសហភាពអឺរ៉ុប។ ក្នុងនាមជា​អ្នកនយោបាយ​ និយមអឺរ៉ុបខ្លាំងបំផុតនោះ លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានធ្វើសន្និសីទកាសែត រយៈពេលជាង១ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ទី៩ធ្នូ ដើម្បីបង្ហាញអំពីផែនការការងារ ព្រមទាំងកម្មវត្ថុរបស់បារាំង ក្នុងការដឹកនាំអឺរ៉ុបរយៈពេល​៦ខែទៅមុខ។ លោក ម៉ាក្រុង បានលើកឡើង អំពីចំណុចគ្រោងឆ្ឆឹងធំៗចំនួន៣ នៃកម្មវត្ថុរបស់លោក ទីមួយ គឺការកសាងពង្រឹង​អធិបតេយ្យភាពរបស់សហភាពអឺរ៉ុប ទី២គឺពិចារណាគូសវាស​គម្រូសេដ្ឋកិច្ចថ្មី​ សម្រាប់អឺរ៉ុប ហើយទី៣នោះ គឺលោក​ម៉ាក្រុងបានលើកឡើង អំពី​ការកសាងមហាគ្រួសារអឺរ៉ុប ដែលមានទំនោរមនុស្សជាតិនិយម។

លោក​ម៉ាក្រុង ក្នុងពេលថ្លែងសន្ទរកថា ក្នុងសន្និសីទកាសែត ស្តីពីផែនការ​ការងារ និង​កម្មវត្ថុរបស់បារាំង ក្នុងអាណត្តិជាប្រធានវិលជុំនៃសហភាពអឺរ៉ុប។ វិមានអេលីហ្សេ ក្រុងប៉ារីស ថ្ងៃទី៩ធ្នូ ២០២១
លោក​ម៉ាក្រុង ក្នុងពេលថ្លែងសន្ទរកថា ក្នុងសន្និសីទកាសែត ស្តីពីផែនការ​ការងារ និង​កម្មវត្ថុរបស់បារាំង ក្នុងអាណត្តិជាប្រធានវិលជុំនៃសហភាពអឺរ៉ុប។ វិមានអេលីហ្សេ ក្រុងប៉ារីស ថ្ងៃទី៩ធ្នូ ២០២១ AP - Ludovic Marin
ផ្សាយពាណិជ្ជកម្ម
សម្រស់ប្រសាសន៍សន្ទរកថា របស់លោក ម៉ាក្រុង
03:26

NEWS-MACRON-EU-10122021

"បើខ្ញុំត្រូវសង្ខេបឲ្យ​ខ្លី នូវកម្មវត្ថុ របស់បារាំង ក្នុងនាមជា​ប្រធានវិលជុំនៃសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១មករា រហូតដល់ដាច់ខែមិថុនា ឆ្នាំ​២០២២ គឺយើងត្រូវ​តែប្រឹងប្រែង បោះជំហាន ឈានពីអឺរ៉ុបដែលធ្លាប់តែជាចំណងសហប្រតិបត្តិការផ្ទៃក្នុងព្រំដែន ឲ្យ​ក្លាយទៅជាអឺរ៉ុប​ដែលមាន​កម្លាំងឥទ្ធិពល មាន​អធិបតេយ្យ​ភាពរឹងមាំ មានភាពជាម្ចាស់ការក្នុងការសម្រេចចិត្ត និង​កសាងជោគវាសនាដោយខ្លួនឯង។

​ដើម្បីសម្រេចកម្មវត្ថុនេះ ជំហានទីមួយ គឺយើងត្រូវតែកសាងអឺរ៉ុប ឲ្យ​មានអធិបតេយ្យភាព។ អឺរ៉ុបមានអធិបតេយ្យភាព គឺទាល់តែអឺរ៉ុប អាចចាត់ចែង និងគ្រប់គ្រង ព្រំដែនរបស់ខ្លួន ដោយប្រសិទ្ធភាព។ នៅក្នុងន័យនេះ នៅអាណត្តិរបស់បារាំង ជាប្រធានវិលជុំ គឺបារាំងនឹងដឹកនាំផ្តួចផ្តើមការចរចាគ្នា ដើម្បីធ្វើកំណែទម្រង់ តំបន់ឆិនហ្កិន។

ផ្នែកទី២ នៃកម្មវត្ថុរបស់យើង គឺយកពេលនេះ ជជែកគ្នា គូសវាស កសាងទំរង់ថ្មី នៃការរីកចម្រើនសេដ្ឋកិច្ចរបស់អឺរ៉ុប។ និយាយឲ្យខ្លី ថាតើពីនេះដល់ឆ្នាំ២០៣០ យើងចង់ឲ្យសេដ្ឋកិច្ចអឺរ៉ុប រីកចម្រើន​ដោយ​របៀបណា ដើរបត់ទៅផ្លូវណា។ គម្រូសេដ្ឋកិច្ចថ្មីរបស់អឺរ៉ុប ដែលបារាំង ជឿថា មិនអាចពឹងផ្អែកតែទៅលើ​ ការផលិតទេ តែត្រូវផ្តោតការយកចិត្តទុកដាក់ ទៅលើការសាមគ្គី បែងចែងគ្នា នឹងការពង្រឹងអន្តរាគមន៍ កំណត់វិធានរួមជាស្តង់ដារ។

អឺរ៉ុបផលិត ដើម្បី​ពង្រីកប្រាក់ចំណូលធនធាន តែអឺរ៉ុបត្រូវតែ​គិតគូរការពារ គម្រូសង្គមកិច្ចរបស់ខ្លួន ព្រោះយើងមានការចង់បាន និង​មានកម្មវត្ថុ ខុសពីអាមេរិក ឬក៏ខុស​ពី​ប្រទេសនៅអាស៊ី។ ហើយ​គម្រូសេដ្ឋកិច្ចថ្មីរបស់យើងនេះ ត្រូវតែឆ្លើយតបទៅនឹង កាលវិភាគ​នយោបាយ​ ដែល​ផ្តល់អាទិភាពដល់ការដោះស្រាយ​វិបត្តិអាកាសធាតុ ថែមទៀតផង។ ហេតុដូច្នេះ នៅថ្ងៃទី​១០មីនា ឆ្នាំក្រោយ បារាំងនឹងដឹកនាំជំនួប​កំពូលពិសេសមួយ នៅបារីស ជាមួយ​ប្រទេសសមាជិកអឺរ៉ុបទាំង​២៧ ដើម្បីពិចារណា គិតគូរ អំពីគម្រូសេដ្ឋកិច្ច និងការរីកចម្រើនរបស់អឺរ៉ុបនេះ។

ផ្នែកទី៣ចុងក្រោយដែលសំខាន់ដែរ គឺបំណងរបស់ខ្ញុំចង់កសាងអឺរ៉ុប ឲ្យ​ក្លាយជាមហាគ្រួសារមួយ ដែលមានគំនិតមនុស្សនិយម។ នៅលើផ្ទៃដីដ៏តូចរបស់យើង យើងបាន​រួមគ្នា បង្កើតចងក្រងទ្រឹស្តីលទ្ធិប្រជាធិបតេយ្យ មនសិកាមនុស្សធម៌ ស្មារតី​ស្រលាញ់រាប់អានគ្នា ស្មារតីនៃគំនិត​ចំណេះដឹងដែលជាពន្លឺ និងការគោរពសិទ្ធិមនុស្ស។ ទាំងអស់នេះគឺជាតម្លៃរបស់យើង។​

អឺរ៉ុបមនុស្សនិយម អាចសម្រេចទៅបាន​ តាមរយៈវិធានការ និងគំនិតល្អៗជាច្រើន ដែលយើងនឹងដាក់ចុះអនុវត្ត ដើម្បីធ្វើយ៉ាងណា ឲ្យ​ប្រជាជនអឺរ៉ុប យុវជនអឺរ៉ុបស្រលាញ់​រាប់អានគ្នា យល់ពីគ្នា។ តាមរយៈការសហការ ផ្លាស់ប្តូរគ្នាក្នុ​​វិស័យអប់រំ វិស័យវប្បធម៌ ការចូលរួម​ធ្វើការងារស្ម័គ្រចិត្តក្នុងកិច្ចការសង្គម រវាងយុវជនអឺរ៉ុប វាគឺជាការរួមចំណែក ប្រឹងប្រែងកសាងគ្រួសារអឺរ៉ុប។ ការចូលរួមប្រឹងប្រែងនេះ គឺដើម្បីឲ្យ​ប្រជាជនអឺរ៉ុបយល់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃគ្រួសារអឺរ៉ុបរឹងមាំ និងត្រូវ ដឹងថា គ្មានអ្វីមួយ​កើតឡើងដោយ​ឯកឯង ដោយគ្មានការចូលរួមកសាង នោះទេ។ ដូច្នេះ ផ្នែកនេះ វាក៏គឺជាការងារមួយដ៏សំខាន់ណាស់ដែរ បើប្រៀបទៅនឹងបញ្ហាកសាងអធិបតេយ្យភាព និង​ ការរៀបចំគំរូសេដ្ឋកិច្ចថ្មី ដើម្បី​ការរីកចម្រើនរបស់សហភាព​អឺរ៉ុប៕"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ