អានតួអត្ថបទ

Sipri៖វិបត្តិសេដ្ឋកិច្ចបង្កដោយកូវីដ១៩ មិនបានប៉ះពាល់ដល់ទីផ្សារអាវុធក្នុងឆ្នាំ ២០២០ ទេ

នៅ​ថ្ងៃ​ចន្ទ ទី៧ ធ្នូ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល​ហៅ​កាត់ Sipri បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​ជួញដូរ​អាវុធ​នៅ​ក្នុង​លោក​នា​ឆ្នាំ ២០២០។ របាយការណ៍​បាន​បញ្ជាក់​ថា ការ​ជួញដូរ​អាវុធ​ក្នុង​លោក​ក្នុង​ឆ្នាំ ២០២០ បន្ត​មាន​កំណើន ទោះ​ពិភពលោក​បាន​ស្គាល់​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​កូវីដ១៩ ក៏​ដោយ។ តាម Sipri ទឹកប្រាក់​បាន​ពី​ការ​លក់អាវុធ​ក្នុង​ឆ្នាំ ២០២០ របស់​ក្រុមហ៊ុន​អាវុធ​ចំនួន ១០០ក្រុមហ៊ុន​នាំ​មុខ​គេ​មាន ៥៣១ ០០០លានដុល្លារ ក្នុង​នោះ មាន​ជាង​ពាក់​កណ្តាល​ជា​របស់​ក្រុមហ៊ុន​អាវុធ​អាមេរិក។

វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល​ហៅ​កាត់ Sipri បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​ជួញដូរ​អាវុធ​នៅ​ក្នុង​លោក​នា​ឆ្នាំ ២០២០។
វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល​ហៅ​កាត់ Sipri បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​ជួញដូរ​អាវុធ​នៅ​ក្នុង​លោក​នា​ឆ្នាំ ២០២០។ © spire
ផ្សាយពាណិជ្ជកម្ម

បើ​គិត​ក្នុង​រយៈ​ពេល ១ឆ្នាំ ការ​លក់​អាវុធ​ក្នុង​ឆ្នាំ ២០២០ មាន​ការ​កើន​ឡើង​ចំនួន ១,៣%។ តែ​ខណៈ​ដែល​ការ​ជួញដូរ​អាវុធ​ក្នុង​លោក​បន្ត​មាន​កំណើន​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​កូវីដ១៩ សេដ្ឋកិច្ច​សកល​បាន​ដាំ​ក្បាល​ចុះ​ជាង ៣% ដោយ​វិបត្តិ​កូវីដ១៩។ ក៏​ដូច​ជា​របាយការណ៍​នៅ​រៀងរាល់​ឆ្នាំ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល​ហៅ​កាត់ Sipri បាន​ផ្តោត​សំខាន់​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​គ្រាក់ៗ​នាំ​មុខ​គេ​ទាំង ១០០ក្រុមហ៊ុន។ តាម Sipri ទឹកប្រាក់​បាន​ពី​ការ​លក់​អាវុធ​របស់​ក្រុមហ៊ុន​ទាំង ១០០ បាន​កើន​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ ពោល​កើន​ចំនួន ១៧%។

ដោយឡែក នៅ​ក្នុង​លេខ​រៀង​នៃ​ចំណាត់ថ្នាក់​របស់​ក្រុមហ៊ុន​ផលិតអាវុធ​គ្រាក់ៗ​នាំ​មុខ​គេ​ទាំង ១០ ក្នុង​លោក អាមេរិក​ស្ថិត​លំដាប់​លើ​គេ​ដោយ​មាន ៥ក្រុមហ៊ុន អង់គ្លេស​ស្ថិត​នៅ​លេខ​រៀង​ទី៦ ដោយ​មាន ១ក្រុមហ៊ុន ចិន​ស្ថិត​នៅ​លេខ​រៀង​ទី៧ ទី៨ និង​ទី៩ ដោយ​មាន ៣ក្រុមហ៊ុន និង​មាន​ក្រុមហ៊ុន​អាមេរិក​មួយ​ទៀត​ស្ថិត​នៅ​លេខ​រៀងទី១០។ តែ​ក្រុមហ៊ុន​អាមេរិក Lockheed-Martin បន្ត​ស្ថិត​ចំណាត់ថ្នាក់​ទី១ ដោយ​ទទួល​បាន​ប្រាក់​ពី​ការ​លក់​អាវុធ​ក្នុង​ឆ្នាំ ២០២០ ចំនួន ៥៨ ២០០លានដុល្លារ។ តាម Sipri វិស័យ​អាវុធ​បន្ត​មាន​កំណើន​ក៏​ដោយសារ​តែ​មាន​តម្រូវការ និង​ការ​បន្ត​កម្ម៉ង់​ទិញ​គ្រឿងសព្វាវុធ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន។

តែ Sipri ក៏​បាន​មើល​ឃើញ​ពី​ឧបសគ្គ​មួយ​ចំនួន​ដែល​ឧស្សាហកម្ម​អាវុធ​បាន​ជួប​ប្រទះ​ដោយ​វិបត្តិ​កូវីដ១៩។ ឧបសគ្គ​ទាំង​នោះ គឺ​វិធានការ​ទប់ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​កូវីដ១៩ ដែល​បង្ក​ឲ្យ​មាន​ភាព​រអាក់រអួល​នៅ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម និង​ការ​ដឹកជញ្ជូន។ តាម Sipri ឧបសគ្គ​ដូច​គ្នា​នេះ​ក៏​នឹង​អាច​កើត​មាន​សម្រាប់​ឆ្នាំ ២០២១។ សរុប​មក​វិញ​ក្នុង​ឆ្នាំ ២០២០ ទីផ្សារ​អាវុធ​ក្នុង​លោក​បន្ត​មាន​សុខភាព​ល្អ ទោះ​សុខភាព​សេដ្ឋកិច្ច​សកល​បាន​ទ្រុឌទ្រោម​ដោយ​វិបត្តិ​កូវី១៩ ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ