អានតួអត្ថបទ

សហភាពអឺរ៉ុបបង្ហាញគម្រោងយុទ្ធសាស្រ្តសកលដើម្បីប្រជែងនឹងគម្រោងយុទ្ធសាស្រ្តរបស់ចិន

នៅ​ថ្ងៃ​ពុធ ទី១ ធ្នូ សហភាព​អឺរ៉ុប​បាន​បង្ហាញ​ចេញ​នូវ​គម្រោង​យុទ្ធសាស្រ្ត​សកល​មួយ​ឈ្មោះ « Global Gateway » ដើម្បី​ប្រជែង​នឹង​គម្រោង​យុទ្ធសាស្រ្ត​របស់​ចិន​ឈ្មោះ « ផ្លូវ និង​ខ្សែក្រវ៉ាត់ »។ តាម​រយៈ​គម្រោង​យុទ្ធសាស្រ្ត « Global Gateway » មួយ​នេះ សហភាព​អឺរ៉ុប​ចង់​ប្រមូល​ថវិកា​ឲ្យ​បាន​ចំនួន ៣០០ ០០០លានអឺរ៉ូ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៧ ដោយ​មាន​ការ​ចូល​រួម​ពី​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន។

លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុប។
លោកស្រីអួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុប។ © AP Photo/Olivier Matthys, Pool
ផ្សាយពាណិជ្ជកម្ម

គម្រោង​យុទ្ធសាស្រ្ត​សកល « Global Gateway » ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អឺរ៉ុប​ចង់​ធ្វើ​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ក្នុង​លោក។ ប្រភព​ថវិកា​ចំនួន ៣០០ ០០០លានអឺរ៉ូ​ដែល​អឺរ៉ុប​ចង់​បាន​សម្រាប់​គម្រោង​យុទ្ធសាស្រ្ត​សកល​មួយ​នេះ គឺ​ប្រមូល​ពី​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អឺរ៉ុប ពី​វិទ្យាស្ថាន​អភិវឌ្ឍជាតិ និង​ការ​ចូលរួម​ពី​វិស័យ​ឯកជន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ ចំណែក​វិស័យ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​វិនិយោគ​ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​គូសបញ្ជាក់​ថា មាន​វិស័យ​ឌីជីថល ស្រាវជ្រាវ សុខាភិបាល អាកាសធាតុ ថាមពល ដឹកជញ្ជូន និង​វិស័យ​អប់រំ។

លោកស្រី​អួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា អឺរ៉ុប​ចង់​បាន​ការ​អនុវត្តន៍​លើ​គម្រោង​នេះ​ជាមួយ​នឹង​កម្រិត​តម្លាភាព​ខ្ពស់ មាន​អភិបាលកិច្ច​ល្អ និង​ប្រកប​ដោយ​គុណភាព។ គេ​បាន​មើល​ឃើញ​ថា គម្រោង​យុទ្ធសាស្រ្ត « Global Gateway » របស់​អឺរ៉ុប​មាន​គោលដៅ​ប្រជែង​នឹង​គម្រោង​យុទ្ធសាស្រ្ត​របស់​ចិន​ឈ្មោះ « ផ្លូវ និង​ខ្សែក្រវ៉ាត់ »។ គម្រោង​របស់​ចិន​មួយ​នេះ​សំដៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវសមុទ្រ​ដើម្បី​ត ភ្ជាប់​រវាង​ចិន​ជាមួយ​អាស៊ី អឺរ៉ុប និង​អាហ្រ្វិក។

តែ​ក្រោម​ភ្នែក​ច្រមុះ​របស់​បស្ចិមលោក គម្រោង « ផ្លូវ និង​ខ្សែក្រវ៉ាត់ » របស់​ចិន​ជា​ឧបករណ៍​ដែល​ចិន​ប្រើ​ដើម្បី​ដាក់​ឥទ្ធិពល​ទៅ​លើ​ក្រុម​ប្រទេស​ក្រីក្រ និង​បាន​ស្តីបន្ទោស​ចិន​ពី​ការ​ប្រើ​គម្រោង​នេះ​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​ទាំង​នោះ​ជំពាក់​បំណុល​ខ្លួន​កាន់​តែ​ច្រើន។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​គម្រោង​យុទ្ធសាស្រ្ត​សកល « Global Gateway » របស់​អឺរ៉ុប​នឹង​ចេញ​រូបរាង​ផ្លូវការ​នៅ​ពេល​ណា​ទេ។ តែ​សម្រាប់​គម្រោង « ផ្លូវ និង​ខ្សែក្រវ៉ាត់ » របស់​ចិន​កំពុង​មាន​ដំណើរ​ការ​ដោយ​ចិន​បាន​ចំណាយ​លុយ​ជិត ១២៤ ០០០លានអឺរ៉ូ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ