អានតួអត្ថបទ
បារាំង-កូវីដ១៩

រដ្ឋបារាំង​សម្រេចបញ្ជូន​​កងកម្លាំង​ពិសេស ក្រោយ​​ផ្ទុះ​អំពើ​ហិង្សា​ទប់​មិន​ឈ្នះ នៅ​កោះ​ហ្ក័រឌឺលូព

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានផ្ទុះអំពើហិង្សាកាន់តែខ្លាំង នៅកោះហ្ក័រឌឺលូព ដែលជាកោះនាយ​សមុទ្រមួយរបស់បារាំង ស្ថិតនៅ​តំបន់សមុទ្រ​ការ៉ាអ៊ីប។ អំពើហិង្សាដែល​បានកើតឡើង បន្ទាប់ពីមាន​បាតុកម្ម ​ប្រឆាំងនឹង​ការដាក់កំហិត​ ឲ្យ​បុគ្គលិកពេទ្យមានកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ ជាមួយការផ្ទុះអំពើ​ហិង្សា កាន់តែខ្លាំងឡើងៗបែបនេះ ក្រសួងមហាផ្ទៃបារាំង បាន​បញ្ជូន​កងកម្លាំងពិសេសជាង​៥០នាក់ ទៅកាន់កោះនេះ ដើម្បី​បង្រ្កាប និងទប់ស្កាត់សកម្មភាពរបស់ក្រុមជនជ្រុលនិយម។

បាតុករដុតកង់ឡាន និងដាក់រនាំងឃាំងផ្លូវ នូវសង្កាត់ Perrin Les Abymes លើកោះ Guadeloupe ថ្ងៃទី១៧ វិច្ឆិកា ២០២១
បាតុករដុតកង់ឡាន និងដាក់រនាំងឃាំងផ្លូវ នូវសង្កាត់ Perrin Les Abymes លើកោះ Guadeloupe ថ្ងៃទី១៧ វិច្ឆិកា ២០២១ AFP - CARLA BERNHARDT
ផ្សាយពាណិជ្ជកម្ម

ក្រោយចប់ការប្រជុំបន្ទាន់ នៅល្ងាចថ្ងៃសៅរ៍ទី​២០វិច្ឆិកា លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានសម្រេចបញ្ជូន​កងកម្លាំងពិសេស ចំនួនជាង​៥០នាក់ ទៅកាន់កោះហ្ក័រឌឺលូព (Guadeloupe) ដើម្បី​បង្ក្រាបស្ថានការណ៍ចលាចលហិង្សា។ ចំណែកលោក Sébastien Lecornu រដ្ឋមន្ត្រីទទួល​បន្ទុកដែនដីនាយសមុទ្របារាំង បាន​ប្រកាសថា នៅថ្ងៃចន្ទទី២២វិច្ឆិកា នឹងនឹង​មាន​ការប្រជុំ រវាង​លោក​នាយករដ្ឋមន្ត្រី​បារាំង ជាមួយសមាជិកសភា តំណាងអាជ្ញាធរមូលដ្ឋាន តំបន់​ហ្ក័រឌឺលូព និងលោករដ្ឋមន្ត្រីសុខាភិបាល​បារាំងផងដែរ។

គួរបញ្ជាក់ថា ករណីផ្ទុះអំពើហិង្សាចលាចល វាយ​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន​ បានកើតឡើង នៅតាមទីប្រជុំជនធំៗ ជាច្រើនកន្លែងនៅលើកោះនេះ ប្រមាណ​៣ថ្ងៃមកហើយ។ បើទោះបីជា ក្រសួង​មហាផ្ទៃ​បារាំង បានចេញ​បញ្ជា​ដាក់បំរាម​គោរចរ ហាមចេញដើរ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង​៥ព្រឹក​ តែអំពើហិង្សា នៅតែបន្តមាន នៅរវាងយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ។ រថយន្តនគរបាល ត្រូវបាន​ក្រុម​ជនជ្រុលនិយម យកដុំថ្ម និង​ដបភ្លើងគុប ហាងលក់​គ្រឿងអល្លង្ការ ធនាគារ និង​ផ្សារទំនើប ជាង២០ទីតាំង ត្រូវបាន​ជនឆក់ឱកាសប៉ុនប៉ង វាយបំផ្លាញលួចទំនិញ។ ក្រុមបាតុករ ក៏បានដាក់រនាំង ឃាំង​ការធ្វើចរាចរណ៍ តាមបណ្តោយផ្លូវ​សំខាន់ៗ​​ មួយចំនួន​ផងដែរ។

សហជីពគ្រូពេទ្យ​កោះហ្ក័រឌឺលូព បានអំពាវនាវ ឲ្យ​ប្រជាជន រក្សាភាពស្ងៀមស្ងាត់ ដោយ​បាន​រំលឹកថា​ប្រព័ន្ធសុខភិបាលកោះនេះ អាចប្រឈមនឹងគ្រោះថ្នាក់ ក្នុងករណីមានការឆ្លងរាលខ្លាំងនូវជំងឺកូវីដ​​១៩។ សហជីពនេះ ក៏បាន​ថ្កោលទោសផងដែរ អំពីករណី​បាតុករជ្រុលនិយម​ខ្លះ បានរារាំងអ្នកជំងឺ និង​បុគ្គលិកពេទ្យ មិនឲ្យចូលទៅក្នុងមន្ទីរពេទ្យ។

សូមរំលឹកថា បាតុកម្មហិង្សាចលាចល បានផ្ទុះឡើងនៅលើកោះហ្ក័រឌឺលូព បន្ទាប់ពីក្រុមមួយឈ្មោះ ​សហជីពពលរដ្ឋប្រឆាំងកាតព្វកិច្ចចាក់វ៉ាក់សាំង បាន​ចាប់ផ្តើមធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងការដាក់កំហិត​ ឲ្យ​បុគ្គលិកពេទ្យត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ​១៩។ គួួរបញ្ជាក់ថា យោងតាម​តួលេខផ្លូវការ នៅលើកោះហ្ក័រឌឺលូព ក្នុងចំនោមមនុស្សអាយុលើសពី១៨ឆ្នាំ មានតែ​ប្រមាណ​៤៦.៤%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំង យ៉ាងហោចមួយដូស។ តួលេខដែលទាបខ្លាំង បើប្រៀបធៀប​​នឹង​​តួលេខមធ្យម ទូទាំងប្រទេសបារាំង។ អាជ្ញាធរសុខាភិបាលបារាំង កំពុងតែភ័យ​បារម្ភ ពីករណីផ្ទុះរលកឆ្លងរាលដាលសារជាថ្មីទៀត នៅលើកោះនេះ។

គួរកត់សំគាល់ដែរថា បាតុកម្មដែល​ដំបូងឡើយ មានកម្មវត្ថុ​ប្រឆាំង​វិធានការសុខាភិបាល​នេះ​ បានឈានក្លាយទៅជាបាតុកម្ម​ ដែលមានលក្ខណៈជាការប្រឆាំងរដ្ឋាភិបាល​បារាំង។ កោះហ្ក័រឌឺលូប ជាដែនដីបារាំង ដែលមាន​វិបត្តិសង្គម និងសេដ្ឋកិច្ចក្រីក្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈទ្រុឌទ្រោមខ្លាំង។ អ្នកនយោបាយ​បារាំងមួយចំនួន បានអំពាវនាវ ឲ្យរដ្ឋាភិបាល​ត្រូវតែរៀបចំយន្តការចរចា និងស្តាប់ការទាមទារចង់បានរបស់ប្រជាពលរដ្ឋលើកោះនេះ ជាជាងការប្រើកម្លាំងបង្ក្រាប ដែលមិនខុសពីការយកសាំងទៅចាក់លើភ្លើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ