អានតួអត្ថបទ
កូវីដ១៩-អឺរ៉ុប

ប្រឈមនឹង​រលកទី​៥​នៃ​ជំងឺកូវីដ អូទ្រីស​ប្រកាស​បិទខ្ទប់ប្រទេស មុនគេ នៅ​ទឹកដីអឺរ៉ុប

ជំងឺរាតត្បាតកូវីដ​បាន​បង្កើនល្បឿន​ឆ្លងខ្លាំង នៅសហរដ្ឋអាមេរិក និង​នៅទឹកដីអឺរ៉ុប​នៅសប្តាហ៍នេះ។ ជាលទ្ធផល​ ប្រទេស​នៅអឺរ៉ុប​ដែលកំពុង​មានករណីឆ្លងកូវីដ​កាន់តែច្រើន​បាន​ចាត់វិធានការ​រឹតបន្តឹងឡើង​វិញ ដើម្បី​ទប់ស្កាត់​រលកទី​៥​នៃជំងឺកូវីដ។ នៅអូទ្រីស​រដ្ឋាភិបាល​បាន​សម្រេច​កាលពី​ថ្ងៃ​សុក្រ បិទខ្ទប់ប្រទេស​ទាំងស្រុង​ចាប់ពីថ្ងៃចន្ទ ទី២២​វិច្ឆិកា ចំណែក​អាល្លឺម៉ង់​បាន​សម្រេច​ហាម​មិន​ឲ្យ​អ្នក​ដែល​គ្មាន​បណ្ណ​វ៉ាក់សាំង ចេញចូល​កន្លែងសាធារណៈ ឬ​ភោជនីយដ្ឋាន។

ប៉ូលិសអូទ្រីស​ត្រួតពិនិត្យ បណ្ណវ៉ាក់សាំង​របស់​អ្នកដំណើរ នៅក្នុង​ក្របខ័ណ្ឌបិទខ្ទប់ប្រទេស​សម្រាប់អ្នកដែល​មិន​បាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២១
ប៉ូលិសអូទ្រីស​ត្រួតពិនិត្យ បណ្ណវ៉ាក់សាំង​របស់​អ្នកដំណើរ នៅក្នុង​ក្របខ័ណ្ឌបិទខ្ទប់ប្រទេស​សម្រាប់អ្នកដែល​មិន​បាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២១ © REUTERS/Lisi Niesner/File Photo
ផ្សាយពាណិជ្ជកម្ម

អូទ្រីសជាប្រទេស​អឺរ៉ុប​ដំបូងគេ ដែល​វិលត្រលប់​ទៅ​ចាត់វិធានការ​បិទខ្ទប់​ប្រទេស​សាជាថ្មី ដើម្បី​ទប់ស្កាត់ការឆ្លងរាតត្បាត​នៃជំងឺកូវីដ។ នៅ​៥ថ្ងៃ​ក្រោយ​បិទខ្ទប់​អ្នក​ដែល​គ្មានចាក់វ៉ាក់សាំង​ឲ្យ​នៅ​តែក្នុងផ្ទះ រដ្ឋាភិបាល​អូទ្រីស​បាន​សម្រេច​កាលពីថ្ងៃ​សុក្រ បិទខ្ទប់​ប្រទេស រយៈពេល ២០ ថ្ងៃ គិត​ចាប់ពីថ្ងៃ​ចន្ទ ដើម​សប្តាហ៍ក្រោយ។ ប្រឈម​នឹង​រលកឆ្លងថ្មី​នៃ​ជំងឺកូវីដ១៩ និង​សម្ពាធ​លើ​មន្ទីរពេទ្យ ដោយសារ​ចំនួន​កើន​ឡើង​នៃ​អ្នកជំងឺកូវីដ ដែល​មិនបាន​ចាក់វ៉ាក់សាំង រដ្ឋាភិបាល​អូទ្រីស​បាន​សម្រេចផងដែរ កាតព្វកិច្ច​ចាក់វ៉ាក់សាំង បង្កា​ជំងឺកូវីដ សម្រាប់​គ្រប់ពលរដ្ឋ​អូទ្រីស​ ចាប់ពី​ដើម​ខែ​កុម្ភៈ ឆ្នាំក្រោយ។

នៅអាល្លឺម៉ង់ ជាមួយ​ករណីឆ្លងថ្មី កើនឡើង​ខ្ពស់ជាងគេ ក្នុង​រង្វង់សហភាពអឺរ៉ុប (ប្រមាណ ៤៣០០០​នាក់ ក្នុងមួយថ្ងៃ) រដ្ឋាភិបាល ​បាន​ចាត់វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​របស់​អ្នក​ដែលមិន​បាន​ចាក់វ៉ាក់សាំង​ដូចអូទ្រីសដែរ។ នៅ​សប្តាហ៍នេះ អាជ្ញាធរ​សុខភាពអាល្លឺម៉ង់​បាន​វាយតម្លៃថា វិធានការ​បិទខ្ទប់តែ អ្នកដែល​មិនបាន​ចាក់វ៉ាក់សាំង គ្មានប្រសិទ្ធិភាពគ្រប់គ្រាន់ ទៅ​កាច់បំបាក់​រលកឆ្លងថ្មី​នៃ​ជំងឺកូវីដ​នោះទេ។

អឺរ៉ុប​កំពុង​ជួបការផ្ទុះជំងឺកូវីដ​សាជាថ្មី។ នៅក្រោយ បានករណីឆ្លង​បាន​ថយចុះ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត អឺរ៉ុប​ខាងលិច ជាទី​ដែល ៦០%​នៃប្រជាជន​បាន​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ កំពុង​ប្រឈម​នឹង​ការកើនឡើងខ្លាំង​នៃ​ករណី​ឆ្លងកូវីដ នៅសប្តាហ៍នេះ។ ជាក់ស្តែង ក្នុង​ចំណោម​ប្រទេសចំនួន​​១០នាំមុខគេ ខាងមាន​ចំនួន​អ្នក​ឆ្លង​ថ្មី​កើន​ឡើងខ្លាំង នៅសប្តាហ៍នេះ មាន​ប្រទេស​៩ (អាល្លឺម៉ង់ អង់គ្លេស អូទ្រីស បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ ស្វ៊ីស ហូឡង់ ដាណឺម៉ាក )ដែល​ស្ថិតនៅ​ក្នុង​ទ្វីបអឺរ៉ុប។

បន្ទាប់មក គឺ​អាមេរិក ដែល​មាន​អ្នកឆ្លងកូវីដ ​ច្រើនជាងគេ​ក្នុងពិភពលោក (៩៧០០០​នាក់ ក្នុង​មួយថ្ងៃ)។ អាមេរិក​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ​ច្រើន​ជាងគេ (១២៨១​នាក់ក្នុងមួយថ្ងៃ) ដោយ​នាំមុខ​រុស្ស៊ី (១២៣៥នាក់) បាន​ចាប់ផ្តើម យុទ្ធនាការ​ចាក់វ៉ាក់សាំង ដូស​ទី​៣ សម្រាប់ពលរដ្ឋទូទៅ ដែលបាន​ចាក់វ៉ាក់សាំង ២ដូស​រួចហើយ។

នៅទូទាំង​ពិភពលោក ជំងឺកូវីដ​ឆ្លង​ទៅ​មនុស្ស​ជាង ៥សែននាក់ និង​សម្លាប់​មនុស្ស ជាង ៧៤៣៩នាក់ ក្នុងមួយថ្ងៃ។ នេះបើតាម​ទិន្នន័យ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP។

នៅថ្ងៃ​សុក្រ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប ទើប​សម្រេច​ផ្តល់​ភ្លើងខៀវ​ឲ្យ​គេ​ប្រើថ្នាំគ្រាប់​របស់​ក្រុមហ៊ុន​Merck សម្រាប់​ព្យាបាល​ជំងឺកូវីដ និង​កំពុង​ពិចារណា​លើ​បេក្ខភាព​របស់​ថ្នាំព្យាបាល​ជំងឺកូវីដ​របស់​ក្រុមហ៊ុន​Pfizerមួយទៀត។

បន្ថែម​ពីលើ​វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩ ថ្នាំគ្រាប់ព្យាបាល​ជំងឺកូវីដ របស់​ក្រុមហ៊ុន​Pfizer និង​Merck ដែល​មាន​ប្រសិទ្ធិភាព កាត់បន្ថយ​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​អត្រាមរណភាព​របស់អ្នកជំងឺ កូវីដ ត្រូវបាន​អ្នក​វិទ្យាសាស្ត្រ​ចាត់ទុកជា​ក្តី​សង្ឃឹម​សំខាន់មួយ​ដើម្បី​ ដោះស្រាយ​វិបត្តិកូវីដ​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ