អានតួអត្ថបទ
អាកាសធាតុ-រថយន្ត

COP26 ៖ ប្រទេស​ជាង​៣០ និង​​ក្រុមហ៊ុន​​ផលិត​​រថយន្ត សន្យា​ផលិត​​តែរថយន្ត​ដែល​​មិន​បញ្ចេញ​​ឧស្ម័ន​ពុល​ ​​ចាប់ពី​ឆ្នាំ​​២០៤០​ទៅ

មាន​ប្រទេសយ៉ាងហោច ជាង​៣០ប្រទេស រួមជាមួយ​ក្រុមហ៊ុន​ផលិតរថយន្តចំនួន​ជាង១០ បានរួមគ្នាសន្យាថា ចាប់ពី​ឆ្នាំ​២០៤០ទៅ រថយន្តថ្មីទាំងអស់ដែលគេផលិត គឺនឹងត្រូវតែជារថយន្ត ដែល​មិនបញ្ចេញឧស្ម័នពុល។ នេះយោង តាមលិខិតប្រកាស របស់​ក្រុម​ការងារអង់គ្លេស ដែលចាត់ចែងរៀបចំសន្និសីតអន្តរជាតិស្តីពីអាកាសធាតុ COP26 នៅទីក្រុងហ្ក្លាសហ្កូវ កាលពីថ្ងៃទី​១១វិច្ឆិកា។

រថយន្តលិចក្នុងគ្រោះធម្មជនទឹកជំនន់ នៅក្រុងសារ៉ាចេវ៉ូ ប្រទេសបូសនី ថ្ងៃទី ៦ វិច្ឆិកា ២០២១
រថយន្តលិចក្នុងគ្រោះធម្មជនទឹកជំនន់ នៅក្រុងសារ៉ាចេវ៉ូ ប្រទេសបូសនី ថ្ងៃទី ៦ វិច្ឆិកា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

ចាប់ពីឆ្នាំ ២០៤០ទៅ រថយន្តថ្មីដែលគេផលិតបាន ទាំងរថយន្តធ្វើដំណើរ​ជាលក្ខណៈគ្រួសារ និងរថយន្តដឹកជញ្ជូនធនតូច គឺត្រូវតែជារថយន្តដែល​មិន​បញ្ចេញ​ឧស្ម័នពុល។ ហើយសម្រាប់ទីផ្សារធំដែលសំខាន់វិញ គឺការសន្យានេះនឹងចូលជាធរមាន​នៅឆ្នាំ​២០៣៥។ តែ​យ៉ាងណា សេចក្តីប្រកាសរួមគ្នា គឺពុំមានលក្ខណៈចាប់បង្ខំទេ។ ពោលគឺវាគ្រាន់តែជា​ការសន្យា ប្រឹងប្រែងរវាង​ ក្រុមប្រទេសជាង​៣០ និងក្រុមហ៊ុន​ផលិតរថយន្តមួយចំនួន​​តែប៉ុណ្ណោះ។

ក្នុងចំណោម​ប្រទេសដែលបានចុះហត្ថលេខា ក្នុងការសន្យានេះ គឺមានដូចជា អង់គ្លេស អៀរឡង់ ស៊ុយអែដ អ៊ីស្រាអែល ដែលប្រទេសទាំងនេះ សុទ្ធតែបានដាក់ចេញនូវកម្មវត្ថុ​ ឈប់លក់រថយន្តដែលប្រើម៉ាស៊ី​ន​ដើរដោយ​ប្រេងឥន្ធនៈ នៅឆ្នាំ​២០៣០។ ប្រទេសន័រវែសវិញ បាន​​កំណត់ថានឹងឈប់លក់​រថយន្តប្រើប្រេងឥន្ធនៈ ក្នុងទីផ្សារខ្លួន នៅឆ្នាំ​២០២៥។ ដោយឡែក ប្រទេសមួយចំនួនទៀត ដែលជាប្រទេសផលិត​រថយន្តធំជាងគេ មានដូចជា សហរដ្ឋអាមេរិក បារាំង ជប៉ុន និងអាល្លឺម៉ង់ ជាដើម មិនបានចុះហត្ថលេខាលើ​កការប្រកាសសន្យានេះទេ។

លោកស្រី Barbara Pompili រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បារាំង បានលើកឡើងថា បារាំងយល់ព្រមថាចាប់ពី​ឆ្នាំ​២០៣៥ នឹងឈប់លក់រថយន្តថ្មី ដែល​មិនប្រើចរន្តអគ្គីសនី។ ក៏ប៉ុន្តែបញ្ហានេះ គេកំពុងតែពិភាក្សាគ្នា ក្នុងក្របខណ្ឌអឺរ៉ុប ថាតើគេរាប់បញ្ចូលរថយន្ត hybrides ចូលទៅក្នុងនេះដែរឬទេ។

ដោយឡែកសម្រាប់សហរដ្ឋអាមេរិក កម្មវត្ថុនៃការកាត់បន្ថយ​ឲ្យ​បាន​៥០% នៃរថយន្តដែល​បញ្ចេញឧស្ម័នពុល នៅឆ្នាំ​២០៣០ គឺគេរាប់បញ្ចូលទាំងរថយន្តអគ្គិសនី១០០% រថយន្ត​ប្រើអ៊ីដ្រូសែន ព្រមទាំងរថយន្ត hybrides សាកបាន​ ដែលមាន​បំពាក់​ម៉ាស៊ីន​ប្រើ​ប្រេងឥន្ធនៈ។

ចំណែក​ក្នុងចំណោម​ក្រុមហ៊ុន​ផលិតរថយន្ត គេសង្កេតឃើញក្រុមហ៊ុនធំៗ មានដូចជា Toyota Volkswagen Hyundai  និង Renault-Nissan-Mitsubishi មិនបានចុះហត្ថលេខាលើ​ការប្រកាសសន្យានេះទេ។ មានតែក្រុមហ៊ុន Ford Mercedes-Benz General Motors និង Volvo ដែល​មានកម្មវត្ថុ​​ ឈប់​ផលិត​​រថយន្តប្រើម៉ាស៊ីនធម្មតា ​ដែល​បានចុះហត្ថលេខាលើការប្រកាសសន្យានេះ។

ដោយយោងលើហេតុផលនេះ អង្គការបរិស្ថាន មិន​បានសម្តែងក្តីអបអរប៉ុន្មានទេ ជាមួយ​នឹងការប្រកាសនេះ។ លោក Martin Kaiser តំណាងអង្គការ Greenpeace អាល្លឺម៉ង់ បាន​លើកឡើងថា ដើម្បីចាកចេញឲ្យ​ផុតពីការ​ប្រើប្រាស់ប្រេងឥន្ធនៈ ដែលជាប្រភពនៃការ​បញ្ចេញ​ឧស្ម័ន​កាបូនិក គឺយើងត្រូវតែឈប់​ប្រើ​ម៉ាស៊ីនរថយន្តដែលដើរដោយ​ចំហេះប្រេង ហើយ​ត្រូវតែ​ពង្រីកសេវាដឹកជញ្ជូនសាធារណៈ ឲ្យ​បានទូលំទូលាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ