អានតួអត្ថបទ
អឺរ៉ុប-វ៉ាក់សាំង​កូវីដ

សហភាពអឺរ៉ុបបាន​​នាំ​ចេញ​វ៉ាក់សាំង​កូវីដ​ជាង​១ពាន់​លាន​ដូស

ក្នុង​អំឡុង​ពេល​១០​ខែ សហភាពអឺរ៉ុប​បាន​នាំ​ចេញ​វ៉ាក់សាំង​កូវីដ ទៅ​កាន់​យ៉ាងហោច​១៥០​ប្រទេស ពោល​គឺ​ស្មើ​នឹង​ពាក់កណ្តាល​នៃ​បរិមាណ​វ៉ាក់សាំង​ផលិត​នៅ​លើ​ទឹក​ដីអឺរ៉ុប​សរុប។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប អួរស៊ូឡា វ៉នឌែរឡេយែន Ursula Von der Leyen តាមរយៈ​សារ​​វីដេអូ​​អន​ឡាញ ដោយ​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ថា អឺរ៉ុប​ជា​អ្នក​នាំ​ចេញ​វ៉ាក់សាំង​កូវីដ​​លំដាប់​ទី​មួយ​ពិភពលោក។

សហភាពអឺរ៉ុបបាន​​នាំ​ចេញ​វ៉ាក់សាំង​កូវីដ​ជាង​១ពាន់​លាន​ដូស​
សហភាពអឺរ៉ុបបាន​​នាំ​ចេញ​វ៉ាក់សាំង​កូវីដ​ជាង​១ពាន់​លាន​ដូស​ Mamyrael AFP
ផ្សាយពាណិជ្ជកម្ម

គិត​មក​ទល់​នឹង​ថ្ងៃ​ចន្ទទី ១៨​តុលា​២០២១​នេះ អឺរ៉ុប​បានប្រើ​​វ៉ាក់សាំង​​អស់​ជាង ៥៨០​លាន​ដូដោយ​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ដល់​ជាង​៧៥% នៃ​ប្រជាជន​សរុប។ ប៉ុន្តែ​អឺរ៉ុប​ក៏​បាន​ចែក​ចាយ​​ថ្នាំ​បង្ការ​កូវីដ ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត នៅ​លើ​ពិភពលោក ប្រកប​ដោយ​សមភាព និង​ចែក​​ទៅ​ឱ្យ​បណ្តា​ប្រទេស​ក្រីក្រនិង​មាន​ចំណូល​មធ្យម​ ​ តាម​រយៈ​យន្តការ​​Covax បាន​ចំនួន​៨៧​លាន​ដូស។

ហើយ​អឺរ៉ុប​មិន​ឈប់​ត្រឹម​នេះ​ទេ នៅ​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ សហភាពអឺរ៉ុប​នឹង​ផ្តល់​យ៉ាង​ហោច​ណាស់​៥០០​លាន​ដូស​បន្ថែម​ទៀត ទៅ​ឱ្យ​ប្រទេស​ទន់​ខ្សោយ​ក្រីក្រ។ តែ​សូម​​ប្រទេស​ផ្សេងទៀត​​ត្រូវ​ប្រឹង​ប្រែង​ទ្វេ​ឡើង​ដែរ​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោកស្រី ប្រធាន​គណៈកម្មការ​អឺរ៉ុប​ អួរស៊ូឡា វ៉ុនឌែរឡេយែន។

ប៉ុន្តែ​អឺរ៉ុប​នឹង​បន្ត​យន្តការ​ត្រួត​ពិនិត្យ​ការ​នាំ​ចេញ​វ៉ាក់សាំង​ ដែល​ផលិត​នៅលើ​ទឹក​ដី​​អឺរ៉ុប រហូត​ដល់​ដំណាច់​ឆ្នាំ ដើម្បី​អាច​ធានា​បាន​ថា​​អឺរ៉ុប​នឹង​មាន​ស្តុក​វ៉ាក់សាំង​ប្រឆាំង​កូវីដ​គ្រប់​គ្រាន់​​សម្រាប់​សមាជិក​ទាំង​២៧​ប្រទេស​ ដែលនៅ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ឡើយ នៅ​ចំពោះ​មុខ​ការ​លេច​ឡើង​នៃ​​មេរោគ​កូវីដបំប្លែង​ខ្លួន​។

យន្តការ​ត្រួត​ពិនិត្យ​ការ​នាំ​ចេញ​វ៉ាក់សាំង​កូវីដ​របស់​អឺរ៉ុប បាន​ចូល​ជា​ធរមាន​តាំង​ពី​ចុង​ខែ​មករា ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំងអស់​សុំ​ការ​ព្រមព្រៀង​ពី​រដ្ឋ​ជា​សមាជិក និង​គណៈកម្មការអឺរ៉ុប​​សិន​មុន​នឹង​អាច​នាំ​ចេញ​វ៉ាក់សាំង​ទៅប្រទេស​ផ្សេង​ក្រៅ​ពី​អឺរ៉ុប និង​លើក​លែង​តែ​ករណី​ថ្នាំវ៉ាក់សាំង​នោះ​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​ក្រីក្រ។ ជាក់ស្តែង​គឺ​ការ​ត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុន​ផលិត​ឱសថ​AstraZeneca​ ដែល​ជាប់​ចោទ​មិន​គោរព​កិច្ចសន្យា​ យក​វ៉ាក់សាំង​​ផលិត​សម្រាប់​អឺរ៉ុបទៅ​លក់ប្រទេស​ផ្សេង។ តាំង​ពី​ខែ​មករា​ដល់​ចុង​ខែ​កញ្ញា អឺរ៉ុប​បាន​អនុម័ត​សំណើ​សុំ​នាំ​ចេញ​វ៉ាក់សាំង​ចំនួន ២៦០០​សំណើ ទៅ​កាន់​ប្រទេស​និ​ងដែន​ដី​ចំនួន​៥៦ ក្នុង​នោះ​មាន​សំណើ​តែ​មួយករណី​គត់​ដែល​អឺរ៉ុប​បដិសេធ គឺ​សំណើ​នាំ​ចេញ​វ៉ាក់សាំង​ទៅ​អូស្ត្រាលី។

ប្រទេ​សមហាអំណាច​ជា​ច្រើន​ មាន​ជាអាទិ៍​ សហរដ្ឋ​អាមេរិក ឥណ្ឌា ឬ​អាហ្វ្រិក​ខាង​ត្បូង ... រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​បាន​ទាមទារ​ឱ្យ​មាន​ការ​លើក​អាជ្ញាបណ្ណផលិត​វ៉ាក់សាំង​ជា​បណ្តោះ​អាសន្ន​ ដើម្បី​បង្កើន​ផលិតកម្ម​ ប៉ុន្តែ​អឺរ៉ុប​បដិសេធ​ និង​សុខចិត្ត​បង្កើន​ជំនួយ​តាម​រយៈ​យន្តការ​Covax៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ