អានតួអត្ថបទ
បារាំង-វ៉ាក់សាំងកូវីដ

ការ​សិក្សា​បារាំង ៖ ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាពការពារ​មិនឱ្យ​ឈឺកូវីដ​​​ធ្ងន់​​ ទោះឆ្លង​ដែលតា

វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ​១៩ មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​អាច​កាត់​បន្ថយ​​ជំងឺ​កូវីដ​ទម្រង់ធ្ងន់ និង​ការ​ស្លាប់​ របស់​អ្នក​ជំងឺ​អាយុចាប់​ពី​៥០​ឆ្នាំ​ទៅ បាន​ដល់​ ៩០%។ វ៉ាក់សាំង​កូវីដ​បច្ចុប្បន្ន​ក៏​ទំនង​ជា​មា​ន​សមត្ថភាព​ខ្លាំង​​ក្នុង​ការ​ទប់​ទល់​នឹង​មេរោគ​កូវីដបំប្លែង​ដែលតាដែរ ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​មាន​​ព័ត៌មានពេញ​លេញ​នៅ​ឡើយ​។ នេះ​បើ​តាម​លទ្ធផល​នៃ​កា​រសិក្សា​ទ្រង់ទ្រាយ​ធំ របស់​បារាំងលើ​មនុស្ស​ជាង​២២​លាននាក់ រស់​នៅ​ក្នុង​ប្រទេស​ខុស​គ្នា អ៊ីស្រាអែល អង់គ្លេស ឬ​សហរដ្ឋ​អាមេរិក។

ការ​សិក្សា​បារាំង​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ​១៩
ការ​សិក្សា​បារាំង​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ​១៩ AP - Darko Vojinovic
ផ្សាយពាណិជ្ជកម្ម

ជា​ការ​សិក្សា​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ដឹក​នាំដោយ​អ្នក​ស្រាវជ្រាវ​បារាំង​ ក្នុង​អំឡុង​ពេល​ពី​ថ្ងៃទី ២៧​ធ្នូ​២០២០​ដល់​ថ្ងៃទី ២០​កក្កដា​២០២១ លើ​មនុស្ស​ចាប់​ពីអាយុ​៥០​ឆ្នាំ​ឡើង​ទៅ ចំនួន​១១​លាន​នាក់​បាន​ចាក់​ថ្នាំ​បង្ការ​កូវីដ​ និង​១១​លាន​នាក់​ផ្សេង​មិន​ចាក់​ថ្នាំបង្ការ។

“អ្នក​បាន​ចាក់​វ៉ាក់សាំង​ហើយ​មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ចូល​ពេទ្យ និង​ស្លាប់​ ទាប​ជាង​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង ដល់​ទៅ​៩​ដង”។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ Mohmoud Zureik នាយក​ស្ថាប័ន​Epi-Phare បារាំង ដោយ​លម្អិត​ថា ១៤​ថ្ងៃ​ក្រោយ​ចាក់​ម្ជុល​ទីពីរ​រួច អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​មាន​ការ​កាត់​បន្ថយ​ទម្រង់​ធ្ងន់​នៃ​ជំងឺ​កូវីដ​១៩ បាន​លើ​ស​ពី​៩០%។

ការ​ធ្លាក់​ចុះនៃ​ចំនួន​អ្នក​ជំងឺ​​ចូល​ព្យាបាល​នៅមន្ទីរពេទ្យ ចាប់​ពី​ថ្ងៃទី ២០​មិថុនា​២០២១​ ក្នុង​ខណៈ​ដែល​ដែលតា​កំពុង​វាយ​លុក​ខ្លាំង​ដំបូង ជា​សារ​បញ្ជាក់​ថា ​ថ្នាំ​វ៉ាក់សាំង​​មាន​​ប្រសិទ្ធភាពខ្ពស់​ទល់​នឹង​មេរោគកូវីដ​បំប្លែង​ដែលតាដែរ។ ក្នុង​រយៈ​ពេល​តែ​១​ខែនេះ​ អ្នក​ស្រាវជ្រាវ​សង្កេត​ឃើញ​ប្រសិទ្ធភាព​ថ្នាំ​បង្ការ​​មាន​ប្រហាក់​ប្រហែល​មុន គឺ​ប្រសិទ្ធភាព​ដល់​៨៤%​ សម្រាប់​មនុស្ស​ចាស់​អាយុ​លើ​ស៧៥​ឆ្នាំ និង​ដល់​៩២%ចំពោះ​​មនុស្ស​អាយុ​ពី​៥០-​៧៤​ឆ្នាំ​។ រយៈពេល​មួយ​ខែ​ជា​ពេល​វេលា​ខ្លី​ណាស់សម្រាប់​វាយ​តម្លៃ​ឥទ្ធិពល​របស់​វ៉ាក់​សាំង​ចំពោះ​ដែលតា។ ដូច្នេះ​គេ​ត្រូវ​ការ​សិក្សា​បន្ថែម​បញ្ចូល​ទិន្នន័យ​ខែ​សីហា​និង​កញ្ញា​ទៀត​សិន។

មាន​ការ​សិក្សា​ជា​ច្រើន​​លើក​ឡើង​អំពី​ប្រសិទ្ធភាព​ធ្លាក់​ចុះ​ទៅ​តាម​ពេលវេលា ប៉ុន្តែ​ នៅ​​ក្នុង​អំឡុង​នៃ​ ​តាមដាន​សិក្សា រយៈ​ពេល៥ខែ ​ថ្នាំ​ហាក់​ដូច​ជា​មិន​ធ្លាក់​​ប្រសិទ្ធភាព​ទេ។ នេះ​បើតា​មការបញ្ជាក់​របស់​អ្នក​ស្រាវជ្រាវ​បារាំង។

សូម​បញ្ជាក់​ថា​ការ​សិក្សា​បារាំង​នេះ ធ្វើឡើង​ចំពោះ​វ៉ាក់សាំង​បី​ប្រភេទ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​អឺរ៉ុប គឺ Pfizer/BioNtech Moderna និង​ AstraZeneca ដោយ​ពុំ​បានរាប់​បញ្ចូល​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​Johnson & Johnsonទេ ព្រោះ​វាទើប​មក​ដល់​ទីផ្សារ​ក្រោយគេ។ ហើយ​ការ​សិក្សា​នេះ ​ផ្តោត​តែ​លើ​ប្រសិទ្ធភាព​ថ្នាំ​ក្នុង​ទប់​ទល់​មិន​ឱ្យ​ធ្លាក់​ខ្លួនឈឺ​ធ្ងន់​ឬ​ស្លាប់ និង​​មិន​បាន​គិត​ដល់​សមត្ថភាព​ទប់ស្កាត់​ការ​ឆ្លង​និ​ងការ​ចម្លង​របស់​មេរោគ​កូវីដ​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ នៅ​ពេល​ជំងឺ​រាតត្បាត​លែង​ផ្តល់​ទម្រង់ធ្ងន់ធ្ងរ​ នោះ​គេ​លែង​ហៅ​ថា​ជំងឺ​រាតត្បាត​ទៀត​ហើយ ហើយនេះ​​ជា​កម្មវត្ថុ​ចម្បង​សម្រាប់​ការពារ​សុខភាព​សាធារណៈ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​ Zureikដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ