អានតួអត្ថបទ
បារាំង-ច្បាប់-វ៉ាក់សាំងកូវីដ១៩

បារាំង​ផ្អាក​ការ​ងារ​បុគ្គលិក​សុខា​ភិបាល​៣​ពាន់​នាក់​ដែល​មិន​បាន​ចាក់​វ៉ាក់​សាំង​កូវីដ

នៅបារាំង​ បុគ្គលិក​សុខាភិបាល​ប្រមាណ​ ៣​ពាន់​នាក់​ត្រូវ​បាន​ព្យួរ​ពី​ការងារ​ ដោយ​មិន​ទទួល​បានប្រាក់ខែឡើយ​ ក៏​ព្រោះតែ​ពួកគេ​ខកខាន​មិន​បាន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដឲ្យ​បាន​ទាន់​ពេល​កំណត់​នៅ​សប្តាហ៍​នេះ​។ ការ​មិន​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ គឺជាអំពើ​បំពាននឹងច្បាប់ថ្មី​ដែល​ផ្តល់​ធម្មនុញ្ញភាព​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បារាំង​កាលពីដើមខែ​សីហា​កន្លងទៅនេះ​។

បាតុកម្មប្រឆាំងនឹងកាតព្វកិច្ចបង្ហាញប័ណ្ណសុខភាព ធ្វើឡើងនៅពីមុខ Louvre ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២១។
បាតុកម្មប្រឆាំងនឹងកាតព្វកិច្ចបង្ហាញប័ណ្ណសុខភាព ធ្វើឡើងនៅពីមុខ Louvre ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២១។ © REUTERS - Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ថ្មី​របស់​បារាំង​ដែល​តម្រូវ​ឲ្យ​ការ​ចាក់វ៉ាក់សាំង​ជា​កាតព្វកិច្ចសម្រាប់​បុគ្គលិក​ពេទ្យនេះ​ បាន​​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ ទី១៥ ខែកញ្ញា ឆ្នាំ​២០២១​។ ​ដោយសារ​តែ​ខកខាន​មិន​បាន​ទៅ​ទទួលការចាក់ថ្នាំ​បង្ការជំងឺកូវីដឲ្យទាន់​ពេល​កំណត់​ មាន​បុគ្គលិក​សុខាភិបាល​បារាំង​ជាច្រើនពាន់នាក់​ត្រូវ​បាន​ព្យួរ​ពី​ការងារ​។

កាលពី​សប្តាហ៍​មុន ទីភ្នាក់​ងារ​សុខភាព​សាធារណៈ​ជាតិ​របស់​បារាំង​បាន​ប៉ាន់ស្មានថា​មាន ១២ %​នៃបុគ្គលិក​មន្ទីរពេទ្យ​ និង​មាន​វេជ្ជបណ្ឌិត​ធ្វើការ​ឲ្យ​វិស័យ​ឯកជន​ចំនួន​ប្រមាណ​ ៦%នៅ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដនៅឡើយទេ​។

រដ្ឋមន្ត្រី​សុខាភិបាល​បារាំង​លោក​ Olivier Véran បាន​និយាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ កញ្ញា​ថា​ បុគ្គលិក​ចំនួន​ប្រមាណ​ ៣ពាន់​ដែលមិនបាន​ចាក់វ៉ាក់សាំង​កូវីដ ត្រូវ​បាន​គេ​ជូន​ដំណឹង​ពី​ការ​ផ្អាកការងារ​កាលពីថ្ងៃពុធ​នៅតាមមណ្ឌលសុខភាព​និងគ្លីនិកនានា​។ តែ​លោក​រដ្ឋ​មន្រ្តី​សុខាភិបាលបារាំង​បានបញ្ជាក់ថា​ ការ​ព្យួរភាគច្រើន​គឺ​គ្រាន់​តែ​ផ្អាក​ជា​បណ្តោះ​​អាសន្ន​តែ​ប៉ុណ្ណោះ​។

បើ​ផ្អែកលើ​តួលេខ​ដែល​ផ្តល់ដោយ​មន្ទីរពេទ្យនានា​នៅក្នុង​ប្រទេស​បារាំង​ ចំនួន​បុគ្គលិក​ដែល​ត្រូវបាន​ព្យួរ​ពី​ការងារ​អាច​ខ្ពស់​ជាងនេះ​។ ប្រព័ន្ធ​មន្ទីរ​ពេទ្យ​ក្រុងប៉ារីស​ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា​ មាន​បុគ្គលិក​ចំនួន​ ៣៤០ នាក់​ត្រូវ​បាន​ព្យួរ​ការងារ​។ ជាមួយគ្នានេះ​ បើយោងតាម​របាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP មាន​បុគ្គលិក​ពេទ្យ​ រហូតដល់ជិត ១ ៥០០ នាក់នៅឯមន្ទីរពេទ្យជាង ១២ ត្រូវ​បាន​ផ្អាកពី​ការងារ​ព្រហស្បតិ៍​។ ក្រៅពីនេះ នៅ​មាន​បុគ្គលិក​រាប់សិប​នាក់​ផ្សេងទៀត​ នៅក្នុងប្រទេស​បារាំង​ ត្រូវ​បាន​ព្យួរ​ពីការងារ​នៅថ្ងៃ​ព្រហស្បតិ៍​ដដែលនេះ​។

គួរបញ្ជាក់ថា​ បុគ្គលិកថែ​ទាំ​សុខភាព​របស់​បារាំង​មានចំនួនប្រមាណ ២ លាន ៧ សែន​នាក់​។ ក្នុងចំណោមនោះ មានបុគ្គលិកជាច្រើន នៅតែមិនទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ​នោះទេ ដោយសារ​ពួកគេបារម្ភអំពី​សុវត្ថិភាព​ ឬប្រសិទ្ធភាព​វ៉ាក់សាំង​។

កាលពីខែថ្ងៃទី​១២ កក្កដាកន្លងទៅ ​ លោកប្រធានាធិបតីបារាំង​ម៉ាក្រុង បាន​ប្រកាស​កំណត់ឲ្យ​បុគ្គលិកពេទ្យ និង​អ្នក​ធ្វើការ​ជាមួយ​ក្រុម​មនុស្ស​​ងាយ​រងគ្រោះ​ ត្រូវ​តែមាន​កាតព្វកិច្ច​ចាក់វ៉ាក់សាំង​យ៉ាងហោច​ឲ្យបាន​មួយដូសនៅ​មុន​ថ្ងៃទី​១៥ កញ្ញា ឆ្នាំ​២០២១នេះ។​ បើ​មិន​ដូច្នោះទេ​ ពួកនឹងប្រឈមនឹងការ​ផ្អាកពីការងារ​ដោយមិន​ទទួលបានប្រាក់ខែឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ