អានតួអត្ថបទ
បារាំង-កូវីដ១៩

WHO៖កូវីដ១៩ បានសម្លាប់មនុស្សជាង ៤លាននាក់ ខណៈ​ដែល​មេរោគបំប្លែងខ្លួន "ដែលតា" កំពុង​ស្ទុះឡើង

អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​ក្នុង​ថ្ងៃ​ពុធ ទី៧ កក្កដា​ថា កូវីដ១៩ បាន​សម្លាប់​មនុស្ស​ជាង ៤លាននាក់​ហើយ​នៅ​ទូទាំង​ពិភពលោក។ តាម WHO ផ្លូវ​ឆ្ពោះ​ទៅ​បិទ​បញ្ចប់​វិបត្តិ​កូវីដ១៩ នៅ​ឆ្ងាយ​ដោយ WHO បាន​លើក​ឡើង​ពី​សន្ទុះ​កំណើន​ករណី​ឆ្លង​ដោយ​មេរោគបំប្លែងខ្លួន « ដែលតា » នៅ​ក្នុង​ប្រទេស​ជា​ច្រើន។ នៅ​ក្នុង​ន័យ​នេះ WHO បាន​ព្រមាន​ពី​ការ​បើក​ប្រទេស​លឿន​ពេក​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន រួម​ទាំង​ប្រទេស​ដែល​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ផង។ នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​កំពុង​បារម្ភ​ពី​រលកឆ្លង​លើក​ទី៤ និង​កំពុង​រិះរក​វិធីសាស្រ្ត​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង។

WHO ថា កូវីដ១៩ បានសម្លាប់មនុស្សជាង ៤លាននាក់ ខណៈ​ដែល​មេរោគបំប្លែងខ្លួន "ដែលតា" កំពុង​ស្ទុះឡើង
WHO ថា កូវីដ១៩ បានសម្លាប់មនុស្សជាង ៤លាននាក់ ខណៈ​ដែល​មេរោគបំប្លែងខ្លួន "ដែលតា" កំពុង​ស្ទុះឡើង AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​លើក​វិធានការ​បិទខ្ទប់​ចុង​ក្រោយ​បាន​ជាង ២សប្តាហ៍​មក បារាំង​កំពុង​ប្រឈម​នឹង​សន្ទុះ​កំណើន​ឆ្លង​ថ្មី​រហូត​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ពី​រលក​ឆ្លង​លើក​ទី៤ នៅ​ពេល​ចូល​បវេសនកាល​នា​ពេល​ខាង​មុខ ឬ​អាច​នៅ​មុន​នេះ។ ចំនួន​ករណី​ឆ្លង​ថ្មី​បាន​បន្ត​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល ១០ថ្ងៃ​ចុង​ក្រោយ​នេះ។ ជាក់ស្តែង​ក្នុង​ថ្ងៃ​ពុធ ទី៧ កក្កដា បារាំង​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៤០៨១ករណី។ បារាំង​ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន មេរោគបំប្លែងខ្លួន « ដែលតា » កំពុង​នាំ​មុខ និង​គ្របដណ្តប់​លើ​មេរោគ​បំប្លែងខ្លួន​ផ្សេង​ទៀត ពិសេស​មេរោគបំប្លែងខ្លួន « អាល់ហ្វា »។

តាម​រដ្ឋអំណាច​សុខាភិបាល ប៉ារីស​បាន​ក្លាយ​ជា​ទីក្រុង​ដែល​កំពុង​មាន​កម្រិត​ឆ្លង​អាសន្ន​ដោយ​មេរោគបំប្លែងខ្លួន « ដែលតា »។ កំណើន​ឆ្លង​ខ្ពស់​នេះ​បាន​កើត​មាន​ច្រើន​លើ​ក្មេង​ទើប​ពេញវ័យ។ គ្រាន់​តែ​ក្នុង​មួយ​សប្តាហ៍ ករណី​ឆ្លង​ថ្មី​បាន​កើន​ទ្វេដង​លើ​ក្មេង​ទើប​ពេញ​វ័យ​មាន​អាយុ​ចន្លោះ ២០ឆ្នាំ និង ២៩ឆ្នាំ។ ដើម្បី​ប្រឈម​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង​ដោយ « ដែលតា » ពេល​នេះ រដ្ឋាភិបាល​កំពុង​បង្កើន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង។ បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​ចំនួន​ពីរ​សប្តាហ៍​មក ចំនួន​នៃ​ការ​ណាត់​ជួប​ចាក់​វ៉ាក់សាំង​បាន​ចាប់​ផ្តើម​កើន​ឡើង​វិញ។

តែ​ក្នុង​ពេល​ជាមួយ​គ្នា រដ្ឋាភិបាល​កំពុង​រិះរក​វិធីសាស្រ្ត​ដើម្បី​ជំរុញ​អ្នក​ដែល​នៅ​បន្ត​រារែក អល់អែក​ក្នុង​ការ​ចាក់​វ៉ាក់សាំង។ ទន្ទឹម​នឹង​ចង់​ឲ្យ​ការ​ចាក់​វ៉ាក់សាំង​ជា​កតាព្វកិច្ច​សម្រាប់​ក្រុម​បុគ្គលិក​ពេទ្យ មាន​វិធីសាស្រ្ត​ផ្សេង​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​ពិចារណា​ដើម្បី​បង្ខំ​អ្នក​ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង។ វិធីសាស្រ្ត​ទាំង​នោះ​រួម​មាន ត្រូវ​បង់​លុយ​ធ្វើ​តេស្តិ៍​រក​កូវីដ​ដោយ​ខ្លួន​ឯង ចូល​ភោជនីយដ្ឋាន ឬ​សារៈមន្ទីរ​ត្រូវ​បង្ហាញ​លិខិត​បញ្ជាក់​ចាក់​វ៉ាក់សាំង ឬ​មួយ​ក៏​ធ្វើ​ដូច​នៅ​អាមេរិក​ដោយ​រៀបចំ​ឲ្យ​មាន​ល្បែង​ឆ្នោត​សម្រាប់​អ្នក​សុខចិត្ត​ចាក់​វ៉ាក់សាំង​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​ចង់​សម្រេច​ការងារ​ទាំង​នេះ​ឲ្យ​បាន​លឿន​ដើម្បី​បញ្ជៀស​រលកឆ្លង​ទី៤ ដោយ​មេរោគបំប្លែងខ្លួន « ដែលតា »។ វិធានការ​ថ្មីៗ​អាច​នឹង​អនុម័ត​នៅ​ថ្ងៃ​អង្គារ ទី១៣ កក្កដា​សប្តាហ៍​ក្រោយ​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ