អានតួអត្ថបទ
អឺរ៉ុប

សហភាពអឺរ៉ុប៖ប្រទេសសមាជិកនិយាយមិនចុះសម្រុងគ្នាជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី និងរឿងរ៉ាវជាមួយហុងគ្រី

ថ្ងៃ​សុក្រ ទី២៥ មិថុនា​ជា​ថ្ងៃទី២ នៃ​ជំនួបកំពូល​សហភាព​អឺរ៉ុប​រៀប​ចំ​នៅ​ក្នុង​ទីគ្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ ជំនួបកំពូល​ថ្ងៃ​ទី២ នេះ​ផ្តោត​សំខាន់​លើ​ប្រធានបទ​សេដ្ឋកិច្ច។ ចំណែក​នៅ​ក្នុង​ជំនួបកំពូល​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មិថុនា សមាជិក​ទាំង ២៧ ប្រទេស​បាន​ជជែក​គ្នា​លើ​ប្រធានបទ​អន្តោប្រវេសន៍ វិបត្តិ​ជំងឺ​កូវី១៩ និង​ទំនាក់ទំនង​អន្តរជាតិ។ តែ​មាន​ប្រធានបទ​ចំនួន​ពីរ​ដែល​មិន​បាន​ចែង​នៅ​ក្នុង​របៀបវារៈ​នៃ​ជំនួបកំពូល និង​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​ពេល​នេះ។ ប្រធានបទ​ទី១​ទាក់ទង​ជាមួយ​ប្រទេស​រុស្ស៊ី និង​ប្រធានបទ​ទី២ ទាក់ទង​នឹង​ច្បាប់​ស្តីពី​ផ្លូវភេទ​របស់​ប្រទេស​ហុងគ្រី​ដែល​ជា​សមាជិក​មួយ​របស់​សហភាពអឺរ៉ុប។

សហភាពអឺរ៉ុប៖ប្រទេសសមាជិកនិយាយមិនចុះសម្រុងគ្នាជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី និងរឿងរ៉ាវជាមួយហុងគ្រី
សហភាពអឺរ៉ុប៖ប្រទេសសមាជិកនិយាយមិនចុះសម្រុងគ្នាជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី និងរឿងរ៉ាវជាមួយហុងគ្រី AFP - OLIVIER HOSLET
ផ្សាយពាណិជ្ជកម្ម

ប្រធានបទ​ទាក់ទង​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ដែល​គេ​ចង់​និយាយ​នេះ គឺ​ការ​ចង់​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​រុស្ស៊ី​តាម​រយៈ​ការ​បើក​ឲ្យ​​មាន​កិច្ចសន្ទនា​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។ គំនិត​នេះ​មិន​មែន​ជា​គំនិត​រួម​របស់​ប្រទេស​សមាជិក​អឺរ៉ុប​ទេ តែ​ជា​គំនិត​ដែល​បាន​ស្នើ​ឡើង​រួម​គ្នា​ដោយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​អង់ហ្កេឡា មែរកិល និង​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង។ លោកស្រី​មែរកិល និង​លោក​ម៉ាក្រុង​មិន​បាន​បញ្ជាក់​ពី​រូបភាព និង​ទ្រង់ទ្រាយ​នៃ​កិច្ចសន្ទនា​រវាង​សហភាព​អឺរ៉ុប និង​លោក​ពូទីន​ជា​យថាហេតុ​ទេ។ តែ​គេ​អាច​និយាយ​បាន​ថា អាច​ជា​ជំនួប​ថ្នាក់​ប្រមុខរដ្ឋ​ច្រើន​នាក់ ឬ​ជា​ជំនួបកំពូល​ដូច​នៅ​មុន​ឆ្នាំ ២០១៤ ជាមួយ​ថ្នាក់ដឹកនាំ​របស់​ស្ថាប័ន​អឺរ៉ុប។

សំណើ​របស់​លោកស្រី​មែរកិល និង​លោក​ម៉ាក្រុង​ត្រូវ​បាន​ប្រទេស​សមាជិក​ជជែក​គ្នា​រហូត​ដល់​យប់​ជ្រៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មិថុនា និង​ទីបំផុត​និយាយ​មិន​ចុះ​សម្រុង​គ្នា។ ប្រទេស​សមាជិក​ជា​ច្រើន​បាន​យល់​ឃើញ​ថា ការ​មាន​ជំនួប​ណា​មួយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ជា​រឿង​ឆាប់​រហ័ស​ពេក។ តែ​មាន​ចំណុច​មួយ​ដែល​ប្រទេស​សមាជិក​សហភាពអឺរ៉ុប​បាន​ទទួល​ស្គាល់ និង​យល់​ឃើញ​ដូច​គ្នា​នោះ​គឺ​ថា ទំនាក់ទនង​រវាង​សហភាពអឺរ៉ុប និង​ប្រទេស​រុស្ស៊ី​កំពុង​មាន​កម្រិត​ទាប​បំផុត។ ក្រៅ​ពី​និយាយ​មិន​ចុះ​សម្រុង​គ្នា​លើ​ប្រធានបទ​ជាមួយ​ប្រទេស​រុស្ស៊ី សហភាព​អឺរ៉ុប​ក៏​កំពុង​បន្ត​ឈឺ​ក្បាល​នឹង​ហុងគ្រី​ដែល​ជា​ប្រទេស​សមាជិក​ម្នាក់។

ឈឺក្បាល​នឹង​ហុងគ្រី​ដែល​ទើប​អនុម័ត​ច្បាប់​មួយ​ដោយ​បាន​កំណត់​ពី​ការ​ហាម​មិន​ឲ្យ​មនុស្ស​វ័យ​ក្រោម​១៨ឆ្នាំ​អាច​មើលឃើញ ឬ​ទទួល​បាន​នូវ​ការ​ផ្សព្វផ្សាយ​រូបភាព​គ្រប់​ទំរង់​ទាំង​អស់ រាប់​ទាំង​រូបភាព និង​វីដេអូអាសអាភាស​ដែល​បង្ហាញ​ពី​មនុស្ស​ស្រលាញ់​ភេទដូចគ្នា ឬ​អ្នក​កែភេទ។ ក្រៅ​ពី​ប្រទេស​ប៉ូឡូញ​ដែល​បាន​គាំទ្រ​ហុងគ្រី ប្រទេស​សមាជិក​ផ្សេង​ទៀត​បាន​បរិហារ និង​ថ្កោលទោស​លើ​ច្បាប់​មួយ​នេះ​របស់​ហុងគ្រី​ដោយ​ពួក​គេ​ចាត់​ទុក​ជា​ច្បាប់​ដែល​ផ្ទុយ​នឹង​គុណតម្លៃ​របស់​សហភាព​អឺរ៉ុប។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ចាត់​ទុក​ច្បាប់​ហុងគ្រី​នេះ​ជា​ច្បាប់​គួរ​ឲ្យ​ខ្មាស់អៀន ហើយ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ចាត់​ទុក​ជា​ច្បាប់​ដ៏​អាក្រក់។

ចំណែក​នាយករដ្ឋមន្រ្តី​ហូឡង់​បាន​យល់​ឃើញ​ថា​ជាមួយ​នឹង​ច្បាប់​នេះ ហុងគ្រី​គ្មាន​កន្លែង​នៅ​ក្នុង​សហភាព​អឺរ៉ុប​ទេ។ តែ​នាយករដ្ឋមន្រ្តី​ហុងគ្រី​លោក​វ៉ិចទ័រ អកបាន​ឆ្លើយ​បក​វិញ​ថា ច្បាប់​របស់​លោក​មិន​បាន​វាយប្រហារ​លើ​អ្នក​ស្រឡាញ់​ភេទដូច​គ្នា និង​បាន​តាំង​ខ្លួន​លោក​ជា​អ្នក​ការពារ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ