ប្រធានាធិបតីរុស្ស៊ីទាត់ចោលព័ត៌មានដែលថា រុស្ស៊ីផ្គត់ផ្គង់ផ្កាយរណបស៊ើបការណ៍ឲ្យអ៊ីរ៉ង់
រុស្ស៊ី នឹងផ្គត់ផ្គង់ផ្កាយរណប ដ៏ទំនើប ដើម្បីជួយពង្រឹងសមត្ថភាពយកការណ៍សម្ងាត់ របស់កងទ័ពអ៊ីរ៉ង់ នៅតំបន់ដើមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់កាសែត Washington Post កាលពីថ្ងៃព្រហស្បតិ៍ ទី ១០មិថុនា។ ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍អាមេរិកាំង NBC នៅថ្ងៃសុក្រទី ១១មិថុនា ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរ ពូទីនបានបដិសេធ ថាជាព័ត៌មានមិនពិត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៨
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរពូទីនបានចាត់ទុកព័ត៌មានចុះផ្សាយ ដោយកាសែតអាមេរិកាំងថា ជារឿងល្ងេល្ងឺ និងថា វាសុទ្ធតែជាព័ត៌មានមិនពិត។
តាមការចុះផ្សាយរបស់កាសែតWashington Post រុស្ស៊ី កំពុងត្រៀមប្រគល់ ផ្កាយរណប ដ៏ទំនើបមួយគ្រឿងទៅឲ្យអ៊ីរ៉ង់ ដើម្បីជួយពង្រឹងសមត្ថភាពយកការណ៍សម្ងាត់របស់អ៊ីរ៉ង់។ តាមកាសែតអាមេរិកាំង ដែល បានដកស្រង់សំដីរបស់អ្នកទទួលខុសត្រូវ និងអតីត មន្រ្តីអាមេរិកាំង ប្រចាំ នៅតំបន់ដើមបូព៌ា ផ្កាយរណបរុស្ស៊ី ឈ្មោះ Kanopus-V មានបំពាក់កាមេរ៉ា ដ៏មានគុណភាព នឹងអាចជួយឲ្យរបបអ៊ីស្លាម អ៊ីរ៉ង់អាចតាមដាន ថតយករូបភាព ទីតាំង របស់សត្រូវ ដូចជាមូលដ្ឋានទ័ពរបស់អ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិកនៅទឹកដីអ៊ីរ៉ាក់ ឬរោងចក្រចម្រាញ់ប្រេង នៅឈូងសមុទ្រពែរ្សជាដើម។
ផ្កាយរណប kanopus-Vត្រូវបានដាក់លក់សម្រាប់ការប្រើប្រាស់ស៊ីវិល។ ប៉ុន្តែ ថ្នាក់ដឹកនាំរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើដំណើរចេញចូល ទៅរុស្ស៊ី ជាច្រើនដង ចាប់តាំង ពីឆ្នាំ ២០១៨ ដើម្បីចរចាទិញ វាពីប្រទេសរុស្ស៊ី។ តាមកាសែត Washington Post អ្នកជំនាញរុស្ស៊ី បានធ្វើដំណើរផងដែរទៅអ៊ីរ៉ង់ដើម្បីបណ្តុះបណ្តាលអ្នកបច្ចេកទេសអ៊ីរ៉ង់ ឲ្យចេះប្រើប្រាស់ គ្រប់គ្រងផ្កាយរណប តាំងពីមជ្ឈមណ្ឌលដែល ទើបសាងសង់ថ្មី នៅKaraj ភាគខាងលិចទីក្រុងតេហេរ៉ង់។
តាមកាសែតអាមេរិក ផ្កាយរណបដែលអ៊ីរ៉ង់ ទិញពីរុស្ស៊ី នឹងត្រូវបាញ់បង្ហោះ ចេញពីទឹកដីរុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ បើទោះជាផ្កាយរណបដែលអ៊ីរ៉ង់បានទទួលពីរុស្ស៊ី នៅមិនទាន់មានសមត្ថភាពខ្លាំងដូចផ្កាយរណបរបស់អាមេរិក ប៉ុន្តែ អ៊ីរ៉ង់អាចប្រើវា សម្រាប់សកម្មភាពយកការណ៍សម្ងាត់ ពីទីតាំង ជាក់ច្បាស់ណាមួយ។ ការណ៍នេះធ្វើឲ្យកើតមានក្តីបារម្ភដែលថា អ៊ីរ៉ង់ អាចចែករំលែកព័ត៌មានសម្ងាត់ជាមួយយេម៉ែន អ៊ីរ៉ាក់ និងលីបង់ ជាទីដែលអ៊ីរ៉ង់ មានឥទ្ធិពល ទៅលើកម្លាំងទ័ពក្នុងស្រុក។
ដំណឹងដែលថា អ៊ីរ៉ង់ នឹងបានទទួលផ្កាយរណបពីរុស្ស៊ី សម្រាប់សកម្មភាពយកការណ៍សម្ងាត់ បានកើតឡើង នៅក្នុងកាលៈទេសៈដែល ក្រុមប្រទេសលោកខាងលិច កំពុងចរចាដោយលំបាក ជាមួយអ៊ីរ៉ង់ ដើម្បីស្រោចស្រង់ កិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរ អ៊ីរ៉ង់ ដែលអាមេរិក ក្រោមអាណត្តិរបស់លោកដូណាល់ ត្រាំ បានប្រកាសដកខ្លួន កាលពីឆ្នាំ ២០១៨។ មួយវិញទៀត វាកើតឡើង នៅតែប៉ុន្មានថ្ងៃមុនដែលប្រធានាធិបតីអាមេរិក លោកចូ បៃដិន ត្រូវជួបប្រមុខរដ្ឋរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន នៅទីក្រុងហ្សឺណែវ។ នៅក្នុងបទសម្ភាសន៍ជាមួយទូទស្សន៍អាមេរិកាំង NBC កាលពីថ្ងៃ សុក្រ ប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោកសង្ឃឹម លោកចូ បៃដិន នឹងមិនឆេវឆាវ ដូចលោកដូណាល់ ត្រាំនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ