អានតួអត្ថបទ
OCDE-សេដ្ឋកិច្ច

OCDE ព្យាករណ៍ពីសន្ទុះកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ ២០២១ និង ២០២២ តែបារម្ភពីការដំាក្បាលចុះជាថ្មី

នៅ​ថ្ងៃ​ចន្ទ ទី៣១ ឧសភា អង្គការ​នៃ​កិច្ចសប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហៅកាត់​ជា​ភាសា​បារាំង OCDE បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ ២០២១ និង ២០២២។ នៅ​ក្នុង​របាយការណ៍ OCDE បាន​ព្យាការណ៍​ពី​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២១ ចំនួន ៥,៨% និង​ឆ្នាំ ២០២២ ខាង​មុខ​ចំនួន ៤,៤%។ តែ​ក្នុង​ពេល​ជាមួយ​គ្នា OCDE ក៏​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ជា​ថ្មី​ដោយសារ​តែ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាក់​វ៉ាក៉សាំង​បង្ការ​កូវីដ១៩ ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ។

អគ្គនាយកអង្គការ OCDE លោក Angel Gurria
អគ្គនាយកអង្គការ OCDE លោក Angel Gurria AP - Martin Bureau
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​អត្រា​អវិជ្ជមាន ៣,៥% ក្រោម​សូន្យ​ក្នុង​ឆ្នាំ ២០២០ កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ ២០២១ មាន​អត្រា ៥,៨% ដែល​ជា​អត្រា​មួយ​ដ៏​ខ្ពស់​គិត​តាំង​ពី​ឆ្នាំ ១៩៧៣ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី​ឡូរ៉ង់ ប៊ូន ប្រធាន​សេដ្ឋវិទូ​នៃ​អង្គការ OCDE នៅ​ក្នុង​សន្និសីទកាសែត​នា​ថ្ងៃ​ចន្ទ ទី៣១ ឧសភា។ តែ​លោកស្រី​មិន​ភ្លេច​បញ្ជាក់​ដោយ​ធានា​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២១ អាច​នឹង​មាន​ច្រើន​ជាង​នេះ ប្រសិន​បើ​មាន​ការ​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​ប្រជាជន​បាន​ចាយ​លុយ​ដែល​ពួក​បាន​សន្សំ​ទុក​ក្នុង​ពេល​បិទខ្ទប់​ប្រទេស។ កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០២២ ខាង​មុខ​ត្រូវ​បាន​អង្គការ OCDE ព្យាករណ៍​ថា មាន​អត្រា ៤,៤% ពោល​លើស​ពី​ការ​ព្យាករណ៍​ក្នុង​ខែ​មីនា​កន្លង​ទៅ​ដែល​មាន​ត្រឹម ៤%។

ប្រធាន​សេដ្ឋវិទូ​នៃ​អង្គការ OCDE រូប​នេះ​ដដែល​បាន​បន្ថែម​ថា គិត​មក​ទល់​បច្ចុប្បន្ន មាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជិត ២ ០០០លានដូស​ត្រូវ​បាន​ប្រើ​នៅ​ទូទាំង​ពិភពលោក និង​ថា មិន​ធ្លាប់​ឃើញ​មាន​ទេ​នៅ​ក្នុង​វិបត្តិ​កន្លង​មក​ដែល​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​យ៉ាង​លឿន និង​ប្រកប​ដោយ​ប្រសិទ្ធិភាព​សម្រាប់​វិបត្តិ​កូវីដ១៩ ទោះ​ក្នុង​ផ្នែក​សុខភាព ការ​អភិវឌ្ឍន៍​វ៉ាក់សាំង ផែនការ​រូបិយវត្ថុ ថវិកា ឬ​មួយ​ក៏​ផែនការ​ហិរញ្ញវត្ថុ។ តាម​ការ​ព្យាករណ៍​របស់​អង្គការ OCDE មាន​តែ​ចិន និង​អាមេរិក​ដែល​បាន​រក​ឃើញ​ឡើង​វិញ​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច​ដូច​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩ សម្រាប់​ឆ្នាំ ២០២១ គឺ ៨,៥% សម្រាប់​ចិន និង ៦,៩% សម្រាប់​អាមេរិក។

ដោយឡែក បារាំង​អាច​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ចំនួន ៥,៨% អាល្លឺម៉ង់​មាន ៣,៣% ហើយ​ជប៉ុន​អាច​មាន​ត្រឹម ២,៦% ប៉ុណ្ណោះ។ គម្លាត​ខ្លាំង​នៃ​ការ​ទទួល​បាន​អត្រា​កំណើន​សេដ្ឋកិច្ច​នេះ​ត្រូវ​បាន​អគ្គនាយក​អង្គការ OCDE លោក Angel Gurria យល់​ឃើញ​ថា ជា​លទ្ធផល​បាន​មក​ពី​ការ​មិន​សូវ​មាន​កិច្ចសហប្រតិបត្តិ​ជា​លក្ខណៈ​អន្តរជាតិ។ យ៉ាង​ណា​ក៏​ដោយ អង្គការ OCDE មិន​ភ្លេច​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ជា​ថ្មី​ដោយសារ​តែ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាក់​វ៉ាក៉សាំង ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ។ លោកស្រី​ឡូរ៉ង់ ប៊ូន​បាន​បញ្ជាក់​ច្បាស់ៗ​ថា ដរាប​នៅ​មាន​ប្រជាជន​ភាគ​ច្រើន​ក្នុង​លោក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទេ ដរាប​នោះ​គេ​នឹង​បន្ត​ប្រឈម​នឹង​ការ​លេច​ចេញ​នូវ​វីរុស​កូវីដ១៩ បំប្លែង​ខ្លួន​ថ្មីៗ​ជា​បន្ត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ