អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

ក្រុមហ៊ុន Sanofi ប្រកាសពីលទ្ធផលវិជ្ជមាននៃការសាកល្បងវ៉ាក់សាំងកូវីដដំណាក់កាលទី២

ក្រុមហ៊ុន​ឳសថបារាំង Sanofi ដែល​ជួបបញ្ហា​យឺតយ៉ាវយ៉ាងច្រើន នៅក្នុង​ដំណើរការ​ស្រាវជ្រាវ​​រកវ៉ាក់សាំង​កូវីដ ទើបនឹង​បានប្រកាស​ឲ្យដឹង​នៅថ្ងៃ​ចន្ទនេះ​ថា ខ្លួនបាន​បញ្ចប់​ការធ្វើតេស្ត​ដំណាក់កាលទី២ ដោយជោគជ័យ ហើយ​គ្រោងនឹង​ចាប់ផ្តើម​ការ​ធ្វើ​តេស្ត​ដំណាក់កាលទី៣ ដែល​ជា​ដំណាក់កាលចុងក្រោយ មុននឹង​អាច​ឈានទៅ​​ស្នើសុំ​ការ​អនុញ្ញាត​ដាក់​ឲ្យ​ប្រើប្រាស់​។

វ៉ាក់សាំងកូវីដ​របស់​ក្រុមហ៊ុន Sanofi កាលពី​ពេលដាក់​សាកល្បង​ កាលពីចុងឆ្នាំ២០២០​កន្លងទៅ
វ៉ាក់សាំងកូវីដ​របស់​ក្រុមហ៊ុន Sanofi កាលពី​ពេលដាក់​សាកល្បង​ កាលពីចុងឆ្នាំ២០២០​កន្លងទៅ © Joel Saget AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃចន្ទ​នេះ ក្រុមហ៊ុន Sanofi បាន​ឲ្យដឹង​ថា នៅក្នុងការ​សាកល្បង​ដំណាក់កាលទី២​នាពេល​កន្លងមក វ៉ាក់សាំង​កូវីដ ដែលខ្លួន​សហការស្រាវជ្រាវ​ជាមួយ​ក្រុមហ៊ុន GSK របស់​​អង់គ្លេស អាច​បង្កើត​អង់ទីគ័រ​ការពារ​មេរោគ​កូវីដ​បាន​រហូតដល់​ ៩៥% ទៅ ១០០% ហើយថា ប្រសិទ្ធភាព​នេះគឺមាន​ដូចគ្នា ​​ចំពោះ​មនុស្ស​គ្រប់វ័យ ចាប់ពី​អាយុ ១៨ឆ្នាំ ដល់ ៩៥ឆ្នាំ ដែល​ទទួល​បានវ៉ាក់សាំង​ចំនួន​ពីរដូស។ ចំណែក​អ្នក​ដែល​ធ្លាប់​ឆ្លង​មេរោគ​កូវីដ​រួចហើយ ត្រូវការ​តែមួយដូស​ប៉ុណ្ណោះ។

ក្រោយពី​មាន​លទ្ធផលវិជ្ជមាន​នៅ​ក្នុង​ការសាកល្បង​ដំណាក់កាលទី២​នេះ ក្រុមហ៊ុន​ Sanofi គ្រោង​ចាប់ផ្តើម​​នៅ​ក្នុង​រយៈពេល​ប៉ុន្មានសប្តាហ៍ខាងមុខ ការសាកល្បង​ដំណាក់កាល​ទី៣ ដែលជាការ​សាកល្បង​លើកចុងក្រោយ ធ្វើឡើង​ទៅលើ​មនុស្ស​ជាង ៣ម៉ឺន៥ពាន់នាក់ ដើម្បី​បញ្ជាក់​អំពីប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ផង និង​​ពិនិត្យមើល​ទៅលើផលប៉ះពាល់​ផ្នែក​សុខភាព ដើម្បី​ធានា​អំពី​សុវត្ថិភាព​របស់​វ៉ាក់សាំង មុននឹង​ឈាន​ទៅ​សុំ​ការអនុញ្ញាត​​ដាក់​ឲ្យ​ប្រើប្រាស់។

គួររំឭកឡើងវិញ​ថា នៅក្នុង​ដំណើរការ​ស្រាវជ្រាវ​រកវ៉ាក់សាំង​កូវីដ​នេះ ក្រុមហ៊ុន Sanofi ត្រូវប្រឈម​នឹង​បញ្ហា​ចម្រូងចម្រាស​ខ្លាំង​ កាលពីពេលកន្លងមក ជាពិសេស នៅ​ក្នុង​ប្រទេស​បារាំង។ ចម្រូងចម្រាស ដោយសារ​តែការស្រាវជ្រាវ​រកវ៉ាក់សាំង​នេះ​មាន​ការ​យឺតយ៉ាវខ្លាំង​ចាញ់ប្រៀបគូប្រជែង ហើយ​ក្នុងពេល​ជាមួយគ្នា ក្រុមហ៊ុន​បាន​សម្រេច​​កាត់បន្ថយ​បុគ្គលិក​ ​រហូត​ដល់​ទៅ​ ៤០០នាក់ ដែលធ្វើការ​នៅ​ក្នុង​ផ្នែកស្រាវជ្រាវ។

តាមគម្រោង ក្រុមហ៊ុន Sanofi ត្រូវបញ្ចប់​ការសាកល្បង​ដំណាក់កាល​ទី៣ ហើយ​ឈាន​ទៅ​សុំ​ការ​អនុញ្ញាត​ដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ខ្លួន នៅ​ក្នុង​អំឡុង​ត្រីមាសទី៤ ឆ្នាំ២០២១នេះ ដែលមានន័យថា នឹង​ត្រូវ​យឺត​ជាង​ក្រុមហ៊ុន​ជា​គូប្រជែង រួមមាន​ដូចជា Pfizer និង Moderna ជាដើម រហូតដល់​ទៅ​ប្រមាណ​ជា​១ឆ្នាំ​ឯណោះ។

ទោះជាយ៉ាងណា ការចេញវ៉ាក់សាំង​ថ្មី​​របស់ក្រុមហ៊ុន Sanofi នេះ បើសិន​ជា​វាពិតជាមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដូចលទ្ធផល​​សាកល្បង​ដំណាក់កាលទី២​នេះមែន គឺ​នៅតែ​ជា​ដំណឹងដ៏ល្អមួយ សម្រាប់​ការ​ដោះស្រាយ​វិបត្តិ​កូវីដ ដោយ​ម្យ៉ាង​វានឹងអាច​ជួយ​បំពេញ​ការ​ខ្វះខាត​វ៉ាក់សាំង ដែល​ក្រុមហ៊ុន​បច្ចុប្បន្ន​ផលិត​មិនទាន់ ហើយ​រឹតតែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​វ៉ាក់សាំង​ថ្មី​​របស់​ក្រុមហ៊ុន Sanofi នេះ ជា​ប្រភេទ​វ៉ាក់សាំង​ដែល​អាច​រក្សាទុក ក្នុង​សីតុណ្ហភាព​ក្នុងចន្លោះ​ត្រឹម​ពី ២°C ទៅ ៨​°C ដូច្នេះ វាមាន​ភាព​ងាយស្រួល​ក្នុងការ​ស្តុក ដឹកជញ្ជូន និង​ចែកចាយ ជាង​ប្រភេទវ៉ាក់សាំង Pfizer/BioNTech និង Moderna បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ