អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

មន្ត្រី​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ថា Astra Zeneca មាន​ពាក់ព័ន្ធ​នឹង​ការកកឈាម​ក្នុង​សរសៃឈាម

មន្ទិល​សង្ស័យ​ជុំវិញ ផលវិបាក​នៃ​ថ្នាំវ៉ាក់សាំង​ប្រឆាំងកូវី​១៩ របស់​ក្រុមហ៊ុន​AstraZeneca នៅ​តែ​បន្ត​ផុសផុល​ដដែល។ ​មន្ត្រីម្នាក់​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប បានបញ្ជាក់​​អះអាង​នៅ​ថ្ងៃ​អង្គារ​ទី ៦មេសា​ម្សិលមិញ ថា​ថ្នាំ​បង្ការ​AstraZeneca ពិត​ជាមានទាក់ទង នឹង​ជំងឺ​កំណកឈាម​ ត្រុមបូស្ស​ នៅ​ក្នុង​សរសៃឈាម​ខួរ​ក្បាល​  តែ​ជា​ករណី​ដ៏កម្របំផុត។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ដុំ​កំណកឈាម​នោះ​មិន​អាច​បំភ្លឺ​បាន​ទេ។ ប៉ុន្តែ​​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប ថា​មិន​ទាន់​អាច​ផ្តល់​​សេចក្តី​សន្និដ្ឋាន បាន​ទេ។

មន្ត្រីទីភ្នាក់ងារឱសថអឺរ៉ុបថា Astra Zeneca មានពាក់ព័ន្ធនឹងការកកឈាមក្នុងសរសៃឈាម
មន្ត្រីទីភ្នាក់ងារឱសថអឺរ៉ុបថា Astra Zeneca មានពាក់ព័ន្ធនឹងការកកឈាមក្នុងសរសៃឈាម REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ទី​ភ្នាក់ងារឱសថ​អឺរ៉ុប ត្រូវ​ផ្តល់​សេចក្តី​សន្និដ្ឋាន​ស្តី​អំពីហានិភ័យ​នៃថ្នាំបង្ការ​ប្រឆាំងកូវីដ​១៩​របស់​ក្រុមហ៊ុន​AstraZeneca នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខ​។ គណៈកម្មការ​គ្រប់គ្រង​សុវត្ថិភាពឱសថ​អឺរ៉ុប ដែល​មានទីស្នាក់ការ​នៅ​ទីក្រុង​អាំស្ទែដាំ​ប្រទេស​ហូឡង់ ទំនង​ជា​ត្រូវ​ផ្តល់សេចក្តី​សម្រេចនៅ​រវាង​ថ្ងៃ​​ព្រហស្បតិ៍ឬ​សុក្រ។

ប៉ុន្តែមន្ត្រី​របស់​ទីភ្នាក់ងារ​ម្នាក់​បាន​ព្រលយ​ឱ្យដឹង តាំង​ពី​ថ្ងៃអង្គារ​ទី ៦​មេសា​ម្សិលមិញ​ ​ថា​ ថ្នាំវ៉ាក់សាំង​AstraZeneca ពិត​ជា​មានជាប់​ទាក់ទង​នឹង​ជំងឺ​កំណកឈាម​ក្នុង​សរសៃវែន​មែន​ គ្រាន់​តែ គេ​នៅ​មិនទាន់​ដឹង​ថា​អ្វី​ទៅ​ជាមូល​ហេតុ​នាំ​ឱ្យ​មាន​ប្រតិកម្មកក​ឈាម​នោះ​ឡើង។ ភ្នាក់​ងារ​អឺរ៉ុប​កំពុង​បន្តសិក្សា​ដើម្បី​បាន​យល់​អំពីយន្តការ​នេះ។ នេះបើ​តាមការ​បញ្ជាក់​បន្ថែម​របស់​មន្ត្រី​ដដែល​ ដែល​អះអាង​ទៀត​ថា នៅ​ក្នុង​ចំណោម​អ្នក​ទទួល​បាន​វ៉ាក់សាំង​រួច​ហើយ​ គេសង្កេត​ឃើញ​មាន​អ្នកចាក់​ថ្នាំ​បង្ការ​វ័យកណ្តាល​​កើត​ជំងឺដុំកំណក​ឈាមក្នុង​សរសៃឈាមខួរក្បាល​​ ច្រើន​ជាង​ធម្មតា (ជាង​អត្រា​មនុស្ស​ពេល​វ័យ​តែ​នៅ​ក្មេង​មិន​បាន​ចាក់​ថ្នាំ​បង្ការ) និង​ជាង​អ្វី​ដែល​គេ​បាន​គិត។

ផលរំខាននាំ​ឱ្យ​​កើត​មានដុំកំណកឈាមដែល​អាច​នាំ​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ផងនោះ ជា​ករណី​កម្រ​ទេ។ គិត​រហូត​មកទល់ថ្ងៃ​ទី ២៤​មីនា គេ​សង្កេត​ឃើញមាន​៣០​ករណី ក្នុង​នោះ​៧ករណីបានស្លាប់នៅ​ក្នុង​ប្រទេសអង់គ្លេស ដែលមានការ​ចាក់​ថ្នាំបង្ការ​AstraZeneca​ ដល់​ទៅ​១៨,១​លាន​ដូស និង​១២​ករណី​ក្នុង​ស្លាប់​បួន​ករណី​នៅ​ប្រទេស​បារាំង​ដែល​បាន​ចាក់​អស់​២,៥លាន​ដូស។

ក្នុង​ពេល​រង់ចាំ​ផ្តល់​សេចក្តី​សន្និដ្ឋានចុងក្រោយ​ ​ទីភ្នាក់ងារ​ឱសថអឺរ៉ុប បាន​បង្ហាញ​ការ​ជឿជាក់ថា​ ប្រសិន​បើ​ថ្នាំ​បង្ការ​របស់​AstraZeneca អាច​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កំណកឈាម​មែនក៏​ដោយ​ ក៏គុណប្រយោជន៍​នៃ​ថ្នាំប​ង្ការ​នៅ​មាន​ខ្ពស់​ជាង​ផលវិបាក​ឆ្ងាយ​ណាស់។

ចំណែក​ខាង​ក្រុមហ៊ុន​AstraZenecaវិញ បាន​អះអាង​កាលពី​ខែមីនា​ថាគ្មាន​ភស្តុតាង​បង្ហាញ​ពី​ផលរំខាន​ធ្ងន់ធ្ងរ​របស់​ថ្នាំបង្ការ​​ទេ។ ប៉ុន្តែ​នៅ​ថ្ងៃអង្គារ​នេះ សកលវិទ្យាល័យ​Oxford បានប្រកាសផ្អាក​ការ​ធ្វើ​តេស្ត​សាកល្បង​ការ​ចាក់​ថ្នាំ​បង្ការ​AstraZeneca លើ​កូនក្មេង​សិន ដើម្បី​ទុក​ពេល​ឱ្យ​​ទីភ្នាក់ងារ​ឱសថ​អង់គ្លេស​សម្រេច​ចិត្ត​និងផ្តល់ព័ត៌មាន​​បន្ថែម​ស្តី​អំពី​ហានិភ័យ​នៃ​ថ្នាំ​បង្ការ​​និង​ការ​កើត​មាន​​ដុំ​កំណាកឈាម​ក្នុង​សរសៃ​ឈាម​ ដ៏​កម្រ​លើ​មនុស្ស​ធំ​វ័យ​ក្មេងសិន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ