អានតួអត្ថបទ
អាមេរិក-អឺរ៉ុប-អាកាសធាតុ

ប្រេសិតពិសេស​ទទួលបន្ទុក​ផ្នែក​អាកាសធាតុ​របស់​​អាមេរិកមកបំពេញ​ទស្សនកិច្ច​នៅអឺរ៉ុប

លោកប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង ត្រូវ​ទទួល​ជួ​ប​លោកចន ឃែរី ប្រេសិត​ពិសេស​ទទួល​បន្ទុក​ផ្នែក​អាកាសធាតុ​ នៅ​ថ្ងៃពុធ​ទី ១០​មីនា​នេះ ដើម្បី​ពង្រឹង​​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ មុ​ន​មក​ដល់​ក្រុង​ប៉ារីស លោក​ ចន​ ឃែរី បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្រុចសែល​ និង​បាន​ជួប​ពិភាក្សា​មួយ​ទល់​នឹង​មួយ​ ជាមួយ​លោកស្រី​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធាន​គណៈកម្មការ​អឺរ៉ុប​​ ក្នុង​កម្មវត្ថុ​តែមួយ គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាមេរិក-អឺរ៉ុប ដើម្បី​អាកាសធាតុ។

ប្រេសិត​ពិសេស​ទទួលបន្ទុក​អាកាសធាតុ​របស់​អាមេរិកលោកចន ឃែរី និង​លោកស្រី​ប្រធានគណៈកម្មការ​អឺរ៉ុប Ursula von der Leyen នៅ​ព្រុចសែល ថ្ងៃទី ៩ មីនា ២០២១
ប្រេសិត​ពិសេស​ទទួលបន្ទុក​អាកាសធាតុ​របស់​អាមេរិកលោកចន ឃែរី និង​លោកស្រី​ប្រធានគណៈកម្មការ​អឺរ៉ុប Ursula von der Leyen នៅ​ព្រុចសែល ថ្ងៃទី ៩ មីនា ២០២១ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

អាមេរិករបស់​លោក​ចូ បៃដិន ​ត្រូវ​ធ្វើ​ជា​មគ្គុទេសក៏​ដឹកនាំពិភពលោក​រក​ចម្លើយប្រឈម​នឹ​ងការ​ប្រែប្រួល​អាកាសធាតុ។ ជា​សញ្ញា​នៃការ​ប្តូរ​ផ្លាស់ បេសិត​ពិសេស​ទទួល​បន្ទុក​ផ្នែក​អាកាសធាតុ លោក ចន ឃែរី បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប តាំ​ងពីថ្ងៃអង្គារ​ទី​៩​មីនា​មក។

នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី ប្រធានគណៈកម្មការ​អឺរ៉ុប លោក ចន​ ឃែរី បាន​អះអាង​ថា​លោក​ធ្វើ​ដំណើរ​មក​​រឹត​ចំណង​កិច្ច​សហប្រតិបត្តិការ​​អឺរ៉ុប-អាមេរិក​ដើម្បី​អាកាសធាតុ។ ជា​កិច្ចសហប្រតិបត្តិការ​ដ៏​អស្ចារ្យក្នុង​ការ​សម្រេចកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​កាលពី​ឆ្នាំ​២០១៥​​ដែល​ត្រូវ​ពង្រឹង​បន្ថែម។ ដល់​វេលា​ដែល​​អឺរ៉ុប​និង​អាមេរិក​​កាន់ដៃ​គ្នា​ បញ្ចេញ​សកម្មភាពហើយ !​ នេះ​បើ​តាមប្រសាសន៍​របស់​​​លោក ចន ឃែរី ដោយ​អះអាង​ទៀត​ថា សន្និសីទ​អាកាសធាតុ​អន្តរជាតិ ឬ​COP26 ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា នៅប្រទេស​អង់គ្លេស​ ជា​ឱកាសដ៏​ថ្លៃថ្លាបំផុត សម្រាប់អឺរ៉ុបនិង​អាមេរិក។

​គឺ​ជា​ចាំបាច់​ណាស់​ដែល​ប្រទេស​បញ្ចេញ​ឧស្ម័ន​ពុលខ្លាំង​ជាង​គេ​​លំដាប់​ទី​ពីរ​ពិភពលោក (អាមេរិក)​ និង​ទី​បី​ (អឺរ៉ុប)​ យល់ព្រមព្រៀង​គ្នា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នោះ។ អឺរ៉ុប​បាន​កំណត់​កម្មវត្ថុ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ​៥៥% បើ​ប្រៀប​ទៅនឹង​ឆ្នាំ​១៩៩០ នៅ​ឆ្នាំ​២០៣០​។ ចំណែក​​សហរដ្ឋ​អាមេរិកក៏​ត្រូវ​ប្រកាស​កម្មវត្ថុ​របស់​ខ្លួន​ដែរ នៅថ្ងៃទី ២២​មេសា ក្នុង​សន្និសីទអាកាសធាតុ​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​អាមេរិក។ ប្រធានាធិបតី​អាមេរិក​ធ្លាប់​បាន​សន្យា​ធ្វើ​អព្យាក្រិត្យ​កាបោន​ ក្នុង​វិស័យ​ថាមពល​នៅ​ឆ្នាំ​២០៣៥ និង​នៅ​ឆ្នាំ ២០៥០​សម្រាប់​គ្រប់​វិស័យ​សេដ្ឋកិច្ចទាំងអស់។

នៅ​ថ្ងៃពុធ​នេះ លោក​ឃែរី ត្រូវ​ជួប​ជាមួយ​ប្រធានាធិប​តី​បារាំង ដើម្បី​ជជែក​អំពី​ដំណាក់កាល​បន្ទាប់​នៃកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បីអាកាសធាតុ។ បន្ទាប់​ប៉ារីស លោក​ឃែរី នឹង​បន្ត​ដំណើរ​ទៅ​អង់គ្លេស​ ដើម្បី​ជួប​តំណាង​រដ្ឋាភិបាល​ប្រទេស​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​COP២៦៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ