អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-សិទ្ធិមនុស្ស

អ៊ុយក្រែន​ប្តឹង​រុស្ស៊ី ចំពោះមុខ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប​ រឿង​សម្លាប់​អ្នក​នយោបាយ​​ប្រឆាំង

រដ្ឋាភិបាល​ប្រទេសអ៊ុយក្រែន បានដាក់ពាក្យប្តឹង​រដ្ឋាភិបាល​រុស្ស៊ី នៅចំពោះមុខ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ដោយ​ចោទថា រដ្ឋរុស្ស៊ី​ បាន​ធ្វើសកម្មភាព​​សម្លាប់ និង​ប៉ុនប៉ងសម្លាប់ សកម្មជននយោបាយ​ប្រឆាំងជាច្រើននាក់​។ នេះគឺជាបណ្តឹងទី​៩ហើយ ដែល​អ៊ុយក្រែនប្តឹងរុស្ស៊ី នៅចំពោះតុលាការ​សិទ្ធិមនុស្សអឺរ៉ុប។

ប្រជាជនរុស្ស៊ីដាក់បាច់ផ្កា នៅទីកន្លែងដែល​គេបាញ់សម្លាប់​លោក Boris Nemtsov ថ្ងៃទី​២៩ កុម្ភៈ ២០១៥ នៅកណ្តាលក្រុងម៉ូស្គូ។
ប្រជាជនរុស្ស៊ីដាក់បាច់ផ្កា នៅទីកន្លែងដែល​គេបាញ់សម្លាប់​លោក Boris Nemtsov ថ្ងៃទី​២៩ កុម្ភៈ ២០១៥ នៅកណ្តាលក្រុងម៉ូស្គូ។ AP - Pavel Golovkin
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការិយាល័យ​ទំនាក់ទំនងអ្នកកាសែត របស់​តុលាការសិទ្ធិមនុស្សអឺរ៉ុប គឺរដ្ឋាភិបាល​អ៊ុយក្រែន បានដាក់ពាក្យ​បណ្តឹងមួយ​ ប្តឹងរដ្ឋអំណាចរុស្ស៊ី ថាបានធ្វើសកម្មភាព សម្លាប់ ឬប៉ុនប៉ងសម្លាប់ សកម្មជននយោបាយប្រឆាំង ​ជាច្រើននាក់។

ក្នុង​ចំណោម​ជនរងគ្រោះ គឺមាន​ដូចជា ៖ លោក អាឡិចសី ណាវ៉ាល់នី (Alexeï Navalny)​ និង លោក Sergueï Skripal ដែលត្រូវគេ​ដាក់ថ្នាំបំពុល ប៉ុនប៉ងសម្លាប់។ ក្រៅពីនេះ ជនរងគ្រោះខ្លះ​ ត្រូវបាន​គេសម្លាប់បាត់ទៅហើយ គឺមាន លោក Boris Nemtsov អតីតអ្នកនយោបាយ​រុស្ស៊ី ដែលត្រូវបាន​គេ​បាញ់សម្លាប់នៅកណ្តាលក្រុង​ម៉ូស្គូ កាលពីថ្ងៃទី​២៧ ខែកុម្ភៈឆ្នាំ២០១៥  លោក Zelimkhan Khangochvili សកម្មជននយោបាយ​ហ្សកហ្ស៊ី ដើមកំណើតឆេឆិននី ត្រូវគេ​សម្លាប់នៅក្រុងប៊ែរឡាំង ឆ្នាំ​២០១៩ ព្រមទាំង​លោកស្រី Anna Politkovskaïa អ្នកកាសែតជនជាតិរុស្ស៊ី ដែលគេធ្វើឃាតនៅឆ្នាំ​២០០៦ ជាដើម។

លោក Ivan Lishchyna អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែន ដែលជាអ្នករៀបចំពាក្យ​បណ្តឹងនេះ បាន​លើកឡើងនៅលើ​ទំព័រ Facebookថា ក្រុមការងារលោក បានពិនិត្យសំណុំរឿង យ៉ាងម៉ដ្ឋចត់មួយ​ករណីម្តងៗ ដោយ​ប្រមូលភស្តុតាងជាក់ច្បាស់ និងរឹងមាំ ដើម្បី​ដាក់បន្ទុកទៅលើរដ្ឋាភិបាលរុស្ស៊ី។

តុលាការសិទ្ធិមនុស្សអឺរ៉ុប បញ្ជាក់ថា ក្រៅពី​ចោទរដ្ឋរុស្ស៊ី ថាជាអ្នកនៅពីក្រោយ​សកម្មភាព​សម្លាប់សកម្មជន ឬ អ្នកនយោបាយ​ប្រឆាំង រដ្ឋាភិបាលអ៊ុ​យក្រែន ក៏បាន​ចោទផងដែរ ថារដ្ឋាភិបាលរុស្ស៊ី មិនបាន​ចេញវិធានការស៊ើបអង្កេតស្វែងរកយុត្តិធម៌ជូនជន​រងគ្រោះ ហើយ​ព្រមទាំងបាន​បើកយុទ្ធនាការរារាំង រំខាន បង្អាក់ការស៊ើបអង្កេតថែមទាំងផង។ ប្រភពដដែល​បញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែន បាន​លើកឡើងថា រដ្ឋរុស្ស៊ីបានធ្វើបំពាននឹងសន្ធិសញ្ញាអឺរ៉ុប ស្តីពីសិទ្ធិរស់រានមានជីវិត។

គួរបញ្ជាក់ថា នេះគឺជាពាក្យ​បណ្តឹងអន្តររដ្ឋ​ ទី៩ហើយ ដែល​អ៊ុយក្រែនប្តឹងរដ្ឋរុស្ស៊ី ដែលក្នុងចំណោមនេះ​ មាន​៤ករណី កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យ ដោយ​ការិយាល័យ​យុត្តិធម៌ របស់​ក្រុមប្រឹក្សានៃទ្វីបអឺរ៉ុប។ ក្រៅពីបណ្តឹងដែលពាក់ព័ន្ធ ជាមួយ​នឹងការធ្វើឃាតអ្នកនយោបាយ​ប្រឆាំងនៅរុស្ស៊ី អ៊ុយក្រែនបានប្តឹងរុស្ស៊ី ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋមួយ​ចំនួន ដែលកើតឡើង នៅតំបន់គ្រីម៉េ និងតំបន់ភាគខាងកើតអ៊ុយក្រែន ដោយ​រាប់ទាំង ករណី​បាញ់ទំលាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ព្រមទាំងករណីចាប់នាវិក និងនាវាអ៊ុយក្រែន៣គ្រឿង នៅឆ្នាំ​២០១៨ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ