អានតួអត្ថបទ
ចិន-អឺរ៉ុប-ពាណិជ្ជកម្ម

ឆ្នាំ​២០២០ ចិនវ៉ា​ដាច់​អាមេរិក ក្លាយ​​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត ជាមួយ​​សហភាព​អឺរ៉ុប​

នៅក្នុងឆ្នាំ​២០២០ ទំនាក់ទំនងពាណិជ្ជកម្មនាំចេញចូល រវាងចិន និងប្រទេសសហភាពអឺរ៉ុប បានកើនឡើងខ្លាំងគួរ​ឲ្យ​កត់សំគាល់​។ យោងតាម​តួលេខ​បូកសរុប របស់​វិទ្យាស្ថានស្ថិតិអឺរ៉ុប នៅឆ្នាំ​២០២០ ដៃគូពាណិជ្ជកម្ម​ធំបំផុតរបស់អឺរ៉ុប គឺមិនមែន​ជាសហរដ្ឋអាមេរិកទៀតទេ គឺចិន! តែទន្ទឹមនឹងនេះ ក៏មានការព្រួយ​បារម្ភផងដែរ អំពីការដែល​ប្រទេសនៅអឺរ៉ុប ពឹងផ្អែកជ្រុល លើ​មុខទំនិញមួយចំនួនរបស់ចិន ជាក់ស្តែងដូចជាឧបករណ៍ និងគ្រឿងផ្សំអេឡិចត្រូនិកជាដើម។

លោក​​ស៊ី ជីនពីង និង​លោកប្រធានាធិបតីប៉ូឡូញ អង់ដ្រេច ឌូដា កំពុង​ពិសារផ្លែប៉ោម ក្នុងឱកាស​អបអរការទៅដល់ លើកដំបូង​ នៃខ្សែរថភ្លើងល្បឿនលឿន ពីក្រុងឆឹងទូ ប្រទេសចិន ទៅក្រុងវ៉ាកសូវី ប្រទេសប៉ូឡូញ។​ ថ្ងៃទី ២០ មិថុនា ២០១៦
លោក​​ស៊ី ជីនពីង និង​លោកប្រធានាធិបតីប៉ូឡូញ អង់ដ្រេច ឌូដា កំពុង​ពិសារផ្លែប៉ោម ក្នុងឱកាស​អបអរការទៅដល់ លើកដំបូង​ នៃខ្សែរថភ្លើងល្បឿនលឿន ពីក្រុងឆឹងទូ ប្រទេសចិន ទៅក្រុងវ៉ាកសូវី ប្រទេសប៉ូឡូញ។​ ថ្ងៃទី ២០ មិថុនា ២០១៦ AFP - JANEK SKARZYNSKI
ផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថានស្ថិតិអឺរ៉ុប Eurostat​ ទើបបានចេញតួលេខបូកសរុប នៃការនាំចេញនាំចូល ក្នុងឆ្នាំ២០២០ ដែលបង្ហាញថា ការនាំចេញនិងនាំចូល រវាងអឺរ៉ុបជាមួយចិន គឺមាន​ចំនួន​សរុប ៥៨៦ពាន់លានអឺរ៉ូ។ ចំណែកការនាំចេញ​នាំចូល​រវាងអឺរ៉ុប​និងសហរដ្ឋអាេមរិកវិញ គឺមានសរុប ចំនួន​៥៥៥ពាន់លានអឺរ៉ូ។ នេះគឺជាលើកទីមួយ​ហើយ ដែលចិន បានវ៉ាដាច់សហរដ្ឋអាមេរិក ក្នុងវិស័យពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប។

យោងតាម​តួលេខនេះ  ក្នុង​ឆ្នាំ​២០២០​​​ការនាំទំនិញពីចិន ចូលមក​ក្នុងទីផ្សារអឺរ៉ុប បានកើនឡើងចំនួ​​​ន៥.៦% បើប្រៀបធៀបទៅឆ្នាំ​២០១៩។ ចំណែក​ការនាំទំនិញចេញ ពីអឺរ៉ុប ចូលទៅចិនវិញ គឺបានកើនឡើង ២.២%។ ផ្ទុយទៅវិញ​ ការនាំចេញទំនិញ​អឺរ៉ុប ទៅសហរដ្ឋអាមេរិកវិញ បានចុះថយចំនួន​៨.២% រីឯការនាំចូលពីអាមេរិក មកអឺរ៉ុប គឺថយចុះចំនួន​១៣.២% ក្នុងឆ្នាំ​២០២០។

បើតាមការពន្យល់ពីអ្នកជំនាញ ក្នុងឆ្នាំ​២០២០ កន្លងទៅនេះ ចិនគឺជាប្រទេសតែមួយ​គត់ ដែលបាន​រលាស់ខ្លួន​ ចេញពីវិបត្តិសេដ្ឋកិច្ចបង្កឡើយ​ដោយ​កូវីដ​១៩ បានមុនគេ។ សង្វាក់ផលិតកម្ម​ នៃឧស្សាហកម្មចិន បានចាប់ផ្តើមស្ទុះឡើងវិញ តាំងតែពី​ពាក់កណ្តាលឆ្នាំ​២០២០ ខណៈដែល​ប្រទេសផ្សេងៗនៅអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម កំពុងតែវិកវរ ជ្រួលច្របល់ខ្លាំងដោយ​ការឆ្លងរាលដាលកូវីដ​១៩។ នៅអឺរ៉ុប ក្នុងឆ្នាំ​២០២០ តម្រូវការទំនិញ​មួយ​ចំនួន​បានកើនឡើងខ្លាំង ដូចជាសម្ភារៈបរិក្ខាពេទ្យ សម្ភារៈអនាម័យ និងទំនិញ​បច្ចេកវិទ្យា​អេឡិចត្រូនិកជាដើម ដោយសារតែមនុស្ស​ត្រូវរៀន ឬ ធ្វើការ​ពីផ្ទះ​ តាមប្រពន្ធអនឡាញ។ ទំនិញទាំងអស់នេះ គឺ​ភាគច្រើន ត្រូវនាំចូលពីចិន។

គួររំលឹកថា ក្នុងវិស័យពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប ចិនបានវ៉ាដាច់ជប៉ុន នៅឆ្នាំ​២០០៤ ហើយ​ពេល​នេះ​បានវ៉ាដាច់សហរដ្ឋអាមេរិក។ តែយ៉ាងណាក៏ដោយ ជញ្ជីងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និង​ចិន គឺមិនមានតុល្យភាពទេ ដោយ​ផ្អៀងទៅខាងចិនខ្លាំង ហើយ​ចេះតែកើនពី​មួយឆ្នាំទៅ​មួយ​ឆ្នាំ។ ឆ្នាំ​២០១៩ ជញ្ជីងពាណិជ្ជកម្ម​ផ្អៀងទៅខាងចិន ចំនួន​ប្រមាណ​១៦៤.៧ពាន់លានអឺរ៉ូ ហើយ​នៅឆ្នាំ​២០២០វិញ គឺមាន​ចំនួន​ ១៨១ពាន់លានអឺរ៉ូ។​

ដោយឡែក នៅថ្ងៃចន្ទទី​១៥កុម្ភៈ លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានថ្លែង​ការ​បារម្ភថា អឺរ៉ុបកំពុងស្ថិតក្នុងភាពងាយ​គ្រោះថ្នាក់​ ដោយសារពឹងផ្អែកជ្រុលទៅលើមុខទំនិញយុទ្ធសាស្ត្រមួយចំនួន ដែលនាំចូលពីចិន និងពី​អាស៊ី ជាក់ស្តែង ​ដូចជាគ្រឿងផ្សំអេឡិចត្រូនិក (Semi-conducteur) និង​​គ្រឿងផ្សំ​ថ្មអគ្គិសនីជាដើម។ ប្រការនេះ ធ្វើឲ្យ​ឧស្សាហកម្ម​ផលិតរថយន្ត​នៅអឺរ៉ុប ត្រូវ​ប្រឈមនឹង​បញ្ហាទៅថ្ងៃមុខ។ លោកបានអំពាវនាវឲ្យ​អឺរ៉ុប ​ចាត់វិធាន​ការ​​ដាក់រនាំងច្បាប់ ដើម្បី​ពង្រឹងការផលិតក្នុងស្រុក និង​ទប់ស្កាត់ការរបូតហូរចេញ នូវ​ចំណេះដឹងបច្ចេកវិទ្យា តាមរយៈការទិញប្រមូលយក​ក្រុម​ហ៊ុនអឺរ៉ុប ពីសំណាក់ក្រុមហ៊ុន​បរទេស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ