អានតួអត្ថបទ
អ.ស.ប.-ស្បៀងអាហារ

FAO៖តម្លៃគ្រឿងបរិភោគជាមូលដ្ឋានបានឡើងខ្ពស់មិនធ្លាប់មានគិតតាំងពីឆ្នាំ ២០១៤

អង្គការ​កសិកម្ម និង​ស្បៀងអាហារ​ពិភពលោក​ហៅកាត់ FAO បាន​ប្រកាស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៤ កុម្ភៈ​ថា តម្លៃ​គ្រឿងបរិភោគ​ជា​មូលដ្ឋាន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ស្ទុះ​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១៤។ គ្រាប់​ធញ្ញជាតិ ស្ករ ប្រេងឆា ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ឬ​មួយ​ក៏​​សាច់​ត្រូវ​បាន FAO ចាត់​ទុក​ជា​ស្បៀង​មូលដ្ឋាន​ចាំ​បាច់​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្សលោក។ តាម FAO តម្លៃ​គ្រឿងបរិភោគ​ជា​មូលដ្ឋាន​ទាំង​នេះ​បាន​កើន​ឡើង​ជា​មធ្យម​ចំនួន ៤,៣% ក្នុង​ខែ​មករា ឆ្នាំ ២០២១ បើ​ធៀប​នឹង​ខែ​ធ្នូ ឆ្នាំ ២០២០ កន្លង​ទៅ។ តែ​កំណើន​នេះ​មាន​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន បើ​គិត​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១៤។

FAO ថា តម្លៃគ្រឿងបរិភោគជាមូលដ្ឋានបានឡើងខ្ពស់មិនធ្លាប់មានគិតតាំងពីឆ្នាំ ២០១៤
FAO ថា តម្លៃគ្រឿងបរិភោគជាមូលដ្ឋានបានឡើងខ្ពស់មិនធ្លាប់មានគិតតាំងពីឆ្នាំ ២០១៤ © FAO
ផ្សាយពាណិជ្ជកម្ម

ស្ករ​សជា​ផលិតផល​ដែល​តម្លៃ​របស់​វា​បាន​ស្ទុះ​ឡើង​ខ្លាំង​ក្នុង​ខែ​មករា​កន្លង​ទៅ​ជាមួយ​នឹង​កំណើន​ចំនួន ៨,១% បើ​ធៀប​នឹង​ខែ​ធ្នូ ឆ្នាំ ២០២០។ មាន​កត្តា​សំខាន់​ចំនួន​ពីរ​ដែល​បាន​ជំរុញ​ឲ្យ​ស្ករស​ឡើង​ថ្លៃ គឺ​កត្តា​អាកាសធាតុ និង​កត្តា​បារម្ភ​ពី​កង្វះ​ស្ករស។ បន្ទាប់​ពី​ស្ករស គឺ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​តម្លៃ​កើន​ឡើង​ចំនួន ៧% ពិសេស​គ្រាប់ពោត​ដែល​តម្លៃ​របស់​វា​បាន​កើន​ឡើង​ជាង ៤០% ក្នុង​ឆ្នាំ ២០២០។ តម្លៃ​គ្រាប់ពោត​ហក់​ឡើង​ខ្លាំង​ក៏​ដោយសារ​តែ​ចិន​ត្រូវ​ការ​ច្រើន និង​ការ​ផ្គត់ផ្គង់​ក្នុង​លោក​មាន​ការ​ថយ​ចុះ​ជាមួយ​នឹង​បរិមាណ​ស្តុក​តិចតួច​នៅ​សហរដ្ឋអាមេរិក និង​ការ​ផ្អាក​នាំ​ចេញ​គ្រាប់ពោត​របស់​​ប្រទេស​អាហ្សង់ទីន។

ចំណែក​តម្លៃ​ស្រូវសាឡី​បាន​កើន​ឡើង​ចំនួន ៦,៨% ក្នុង​ខែ​មករា​បើ​ធៀប​នឹង​ខែ​ធ្នូ ឆ្នាំ ២០២០។ រុស្ស៊ី​ដែល​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាឡី​ទី១ ក្នុង​លោក​បាន​សម្រេច​ដំឡើង​ពន្ធ​នាំ​ចេញ​ទ្វេដង​កាល​ពី​ខែ​មីនា ឆ្នាំ ២០២០។ តម្លៃ​អង្ករ​ក៏​កំពុង​ស្គាល់​កំណើន​ដោយសារ​មាន​តម្រូវការ​ខ្លាំង​ពី​ក្រុម​អតិថិជន​អាស៊ី និង​អាហ្រ្វិក។ ទាក់ទង​នឹង​តម្លៃ​ប្រេងឆា​វិញ​ត្រូវ​បាន FAO បញ្ជាក់​ថា មាន​ការ​កើន​ឡើង​ចំនួន ៥,៨% ដែល​ជា​កម្រិត​មួយ​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១២។ តម្លៃ​ប្រេងឆា​ឡើង​ថ្លៃ​មក​ពី​ផលិតកម្ម​ប្រេងដូង​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​មាន​បរិមាណ​តិច​ជាង​ការ​គ្រោង​ទុក​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ច្រើន​ពេក និង​កង្វះ​ពលករ​បរទេស។

ដោយឡែក តម្លៃ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​បាន​ស្គាល់​កំណើន ១,៦% ប្រចាំ​ខែ​ដោយសារ​តែ​ចិន​បាន​នាំ​ចូល​ច្រើន​នៅ​ពេល​ជិត​​ចូល​ឆ្នាំ​ចិន​ខាង​មុខ។ គ្រឿង​បរិភោគ​ជា​មូលដ្ឋាន​ចុង​ក្រោយ​លើក​ឡើង​ដោយ​អង្គការ FAO គឺ​សាច់។ សាច់​ដែល​តម្លៃ​របស់​វា​បាន​កើន​ឡើង​ចំនួន ១% ក្នុង​ខែ​មករា បើ​ធៀប​នឹង​ខែ​ធ្នូ​ឆ្នាំ ២០២០។ តម្លៃ​សាច់​ឡើង​ថ្លៃ​ក៏​ដោយសារ​តែ​មាន​កំណើន​តម្រូវ​ការ​សាច់​បសុបក្សី​នៅ​ក្នុង​លោក ពិសេស​សាច់​បសុបក្សី​ពី​ប្រទេស​ប្រេស៊ីល។ តម្រូវ​ការ​សាច់​បសុបក្សី​ពី​ប្រេស៊ីល​ក៏​មក​ពី​មាន​ប្រទេស​អឺរ៉ុប​ជា​ច្រើន​បាន​កម្រិត​ផលិកម្ម និង​ការ​នាំ​ចេញ​សាច់​បសុបក្សី​របស់​ខ្លួន​ដោយសារ​តែ​មាន​ការ​ឆ្លង​រាតត្បាត​នូវ​ជំងឺ​គ្រុនផ្តាសាយ​បក្សី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ