អានតួអត្ថបទ
ការប្រែប្រួល​អាកាសធាតុ

ការស្ទង់មតិ ៖ ការ​ប្រែប្រួល​អាកាសធាតុ ជា​ភាព​បន្ទាន់​ពិភពលោក

កម្មវិធី​ដើម្បីការ​​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ហៅកាត់​ថា PNUD បាន​ដឹកនាំ​ធ្វើ​អង្កេត​មួយ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ក្នុង​ប្រទេស​ចំនួន​៥០។ ហើយ​ប្រទេសភាគច្រើន​​ពុំ​ដែល​ធ្លាប់​បាន​បញ្ចេញ​មតិយោបល់​សោះ​ តាម​រយៈ​​ការ​ស្ទង់​មតិសាធារណៈ​ទេ។ បើតាម​លទ្ធផល​ចេញ​ផ្សាយ​នៅថ្ងៃពុធ​ទី ២៧មករា​២០២១​នេះ ពីរភាគ​បី នៃ​អ្នក​​ដែល​បាន​ចូល​រួម​​​ស្ទង់​មតិ​ គិត​ថា ការប្រែប្រួលអាកាសធាតុ គឺជា​ “ភាព​បន្ទាន់​របស់​ពិភពលោក”។

 បាតុករ​នៅ​អូស្ត្រាលី​សរសេរ​សារ ទាមទារ​ឱ្យ​ពិភពលោកមានកិច្ចព្រមព្រៀង​ពិត​ប្រាកដ​ស្តី​ពីការ​ប្រែប្រួលអាកាសធាតុ
បាតុករ​នៅ​អូស្ត្រាលី​សរសេរ​សារ ទាមទារ​ឱ្យ​ពិភពលោកមានកិច្ចព្រមព្រៀង​ពិត​ប្រាកដ​ស្តី​ពីការ​ប្រែប្រួលអាកាសធាតុ REUTERS/Tim Wimborne
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ការស្ទង់មតិ​ទ្រង់ទ្រាយ​ធំ​ស្តី​ពី បញ្ហា​អាកាសធាតុ ដែល​ប្រមូល​បានអ្នក​បញ្ចេញ​​យោបល់​១,២២លាន​នាក់ នៅទូទាំង​​ពិភពលោក​ ដោយ​រាប់​តាំង​ពី អូស្ត្រាលី ទៅ​សហរដ្ឋ​អាមេរិក ពី​អាហ្វ្រិក​ខាង​ត្បូង ឡើង​ដល់​រុស្ស៊ី និង​ពី អាហ្សង់ទីន​ទៅដល់​ហ្វីលីពីន ព្រមទាំង​ពី​អេហ្ស៊ីបទៅ​ដល់​តួកគី ហើយ​ក្នុង​នោះ ៥៥ម៉ឺន​នាក់​ជា​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ និង​មាន​រស់នៅ ក្នុង​ប្រទេស​អ៊ីរ៉ាក់​ឬ​ប៉ាគីស្ថានផង។ នេះ​បើ​តាម​អង្គការ​​កម្មវិធី​ដើម្បីការ​អភិវឌ្ឍន៍ដែល​ជា​ស្ថាប័ន​​មួយ​របស់​អង្គការ​សហប្រជាជាតិ  ដោយ​បន្ថែមទៀត​ថា​នៅក្នុង​ចំណោម​៥០​ប្រទេស មួយ​ចំនួន​ធំពុំ​ធ្លាប់​មាន​នរណាមក​អង្កេត​សួរ​យោបល់​​សាធារណៈ​ ស្តីអំពីការ​ប្រែប្រួលអាកាសធាតុ​ទេ​ពី​មុន​មក។

សហការធ្វើ​ជាមួយ​សាកលវិទ្យាល័យ Oxford លទ្ធផល​នៃ​​ការ​ស្ទង់មតិ បាន​បង្ហាញ​ថា ការ​ព្រួយ​បារម្ភ​ជុំ​វិញ​បញ្ហាប្រែប្រួល​​អាកាសធាតុ​​មាន​ទំហំធំធេង​ជាង​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​បានគិត​​ពី​មុន​​​ទៅ​ទៀត។

ជា​សរុប​ ៦៤%​ នៃ​អ្នក​ចូល​រួម​ គិតថា​ការ​ប្រែប្រួលអាកាសធាតុ​ជា​ភាពបន្ទាន់ពិភពលោក។

​នៅ​អង់គ្លេស​ អ៊ីតាលី និង​ជប៉ុន ចំនួន​អ្នក​​ខ្វល់ខ្វាយបាន​ឡើង​ដល់​៨០%។ ​បន្ទាប់​មក​អត្រា​នៃការព្រួយ​បារម្ភ​បាន​ធ្លាក់មក​នៅ​ត្រឹម​ ២/៣​នៅ​អាមេរិក រុស្ស៊ី វៀតណាម និង​ប្រេស៊ីល។ ពោលគឺ​មនុស្ស​ភាគ​ច្រើនបាន​ចាត់​ទុក​ការ​ប្រែប្រួលអាកាសធាតុ​ជា​ភាព​បន្ទាន់​ហើយ ចង់បាន​​វិធានការ​បន្ទាន់​​និង​ជារួម​ទៀត។ នេះ​បើ​តាម​របាយការណ៍​ដដែល។

ជា​ទូទៅ ស្ត្រី គិត​គូរ​អំពី​បញ្ហា​អាកាសធាតុ​ជាង​បុរស។ បើ​និយាយ​អំពី​អាយុវិញ ក្មេង​មាន​ទំនោរព្រួយ​បារម្ភ​​អំពី​បញ្ហា​អាកាសធាតុ​ខ្លាំង​ជាង​គេ​ បន្ទាប់​មក​គឺ​មនុស្ស​វ័យ​កណ្តាល​ (៣៦-៥៩​ឆ្នាំ)។ ចំណែក​មនុស្ស​វ័​យ​ចំណាស់​ ចាប់​ពី​អាយុ​៦០​ ព្រួយ​បារម្ភ​តិច​ជាងគេ។

នៅក្នុង​ចំណោមអ្នក​ចូល​រួម​ស្ទង់​មតិ​ទាំង​៥០​ប្រទេស ៥៤% យល់​ថា​ ដំណោះស្រាយ​ទប់​ស្កាត់ការប្រែប្រួលអាកាសធាតុ​ដ៏​ប្រសើរ​ជាង​គេ គឺ​ ការពារព្រៃឈើ ជម្រក​ធម្មជាតិ បន្ទាប់​មក​គឺ​ការអភិវឌ្ឍន៍​ថាមពលកើត​ឡើង​វិញ បច្ចេកទេស​កសិកម្ម​ដែលគោរព​បរិស្ថាន និង​ត្រូវ​បង្កើន​ការ​វិនិយោគ​ក្នុង​វិស័យ​សេដ្ឋកិច្ច​បៃតង។ មានតែ​៣០%​ប៉ុណ្ណោះ​ដែល​យល់ថា ​ ដើម្បីអាកាសធាតុ​​ត្រូវ​កុំ​បរិភោគ​សាច់សត្វ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ