អានតួអត្ថបទ
អឺរ៉ុប-កូវីដ​១៩

​សហភាព​​អឺរ៉ុប​ អំពាវនាវ​ឲ្យ​​ប្រទេស​សមាជិក​ បិទ​តំបន់​ដែល​​មាន​ការ​ឆ្លងកូវីដ​​១៩​ខ្លាំង​​

គណកម្មការអឺរ៉ុប បានស្នើអនុសាសន៍ទៅកាន់​ប្រទេសសមាជិក ឲ្យ​ចេញវិធានការបិទខ្ទប់ តំបន់​ដែល​មានការឆ្លងរាលខ្លាំងបំផុត នូវកូវីដ១៩ នៅប្រទេសរៀងៗខ្លួន។ តាមរយៈអនុសាសន៍នេះ គឺគេបាន​ដឹងថាសហភាព​អឺរ៉ុប មិន​ចង់​បញ្ចៀស មិនចង់​ឲ្យ​មាន​ការបិទព្រំដែន​រវាងប្រទេសសមាជិក។

លោក Didier Reynders មន្ត្រីគណកម្មការអឺរ៉ុប លើកបង្ហាញ​អំពី​ផែនទី​តំបន់​ក្រហម​ក្រម៉ៅ ដែល​មានការឆ្លងរាលដាល​កូវីដ​១៩ ខ្លាំងបំផុត។  ក្រុងព្រុចសែល ថ្ងៃទី​២៥ មករា ២០២០
លោក Didier Reynders មន្ត្រីគណកម្មការអឺរ៉ុប លើកបង្ហាញ​អំពី​ផែនទី​តំបន់​ក្រហម​ក្រម៉ៅ ដែល​មានការឆ្លងរាលដាល​កូវីដ​១៩ ខ្លាំងបំផុត។ ក្រុងព្រុចសែល ថ្ងៃទី​២៥ មករា ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ប្រឈមនឹងការឆ្លងរាលដាលខ្លាំង នូវកូវីដ​១៩ទម្រង់បំប្លែងខ្លួនថ្មី ដែលមានប្រភពពីអង់គ្លេស គណកម្មការអឺរ៉ុប បានចេញអនុសាសន៍កាលពីថ្ងៃចន្ទទី​២៥មករា ស្នើទៅកាន់​ប្រទេសសមាជិក ឲ្យ​បិទ​ខ្ទប់​ ការធ្វើដំណើរចេញចូល នៅតាមតំបន់​ដែលមានការឆ្លងរាលដាលខ្លាំង ដោយរាប់ទាំង​ការធ្វើដំណើរចំបាច់​ផងដែរ។ វិធានការបិទ ជាលក្ខណៈតំបន់ក្នុងប្រទេសសមាជិកបែបនេះ គឺដើម្បី​បញ្ចៀស មិនចាំបាច់ឈានទៅ​បិទព្រំដែន រវាងប្រទេសសមាជិក។

សូមបញ្ជាក់ថា ក្រោយកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សហភាពអឺរ៉ុប បានសម្រេច​បន្ថែម ការចែកថ្នាក់ តំបន់ពិសេសមួយ​កម្រិតទៀត ដែលតំណាងដោយ​ពណ៌ក្រហមក្រម៉ៅ នៅ​ក្នុងផែនទីសុខាភិបាល​អឺរ៉ុប។ តំបន់ទាំងនេះ គឺជាតំបន់​ដែល​មានករណីឆ្លងកូវីដ​១៩ ចាប់ពី​៥០០ករណីឡើងទៅ ក្នុងមួយថ្ងៃ សម្រាប់​ប្រជាជន​រស់នៅ​ចំនួន​១០ម៉ឺននាក់។ ចាប់ពីពេលនេះទៅ ជារៀងរាល់មួយសប្តាហ៍ម្តង ទីភ្នាក់ងារ​អឺរ៉ុប ទទួលបន្ទុកតាមដានជំងឺឆ្លង នឹងចេញផ្សាយ​ដំណឹងស្តីពី​តំបន់ទាំងនេះ​។

លោក Didier Reynders មន្ត្រីតំណាងគណកម្មការអឺរ៉ុប បានលើកឡើងថា វាជារឿងចាំបាច់ និងបន្ទាន់បំផុត ដែលត្រូវ​តែ​កាត់ផ្តាច់ការធ្វើដំណើរ ចេញចូលជាមួយ​តំបន់ដែលមានការឆ្លងរាលដាលខ្លាំង ដើម្បីជួយ​សម្រាលបន្ទុក​នៅតាមមន្ទីរពេទ្យ។​ មន្ត្រីរូបនេះ អះអាង​ថា​បើតាមការសន្និដ្ឋាន​​បឋម គឺមានតំបន់ក្រហមក្រម៉ៅ ប្រមាណ​ចន្លោះពី​១០ ទៅ២០តំបន់ នៅតាម​ប្រទេសសមាជិកអឺរ៉ុបទាំងអស់។​

គណកម្មការអឺរ៉ុប មានបំណងទប់ស្កាត់ការធ្វើដំណើរចេញចូល​តំបន់ក្រហមក្រម៉ៅ។ ក្នុង​ករណីដែល​មាន​មូលហេតុចាំបាច់បំផុតត្រូវធ្វើដំណើរ គណកម្មការអឺរ៉ុបផ្តល់អនុសាសន៍ ថាត្រូវតែ​ធ្វើតេស្តកូវីដជាមុន ឬអាចត្រូវ​ដាក់ឲ្យ​ចត្តាឡីស័ក ពេលទៅដល់គោលដៅ។ សម្រាប់ការដឹកជញ្ជូន​ទំនិញឆ្លងកាត់តំបន់នានា ក្នុងសហភាពអឺរ៉ុប គឺត្រូវតែធានាឲ្យ​មានដំណើរការទៅរលូនដដែល ដោយ​ការប្រើប្រាស់បណ្តាញ​ដឹកជញ្ជូន ដែលត្រូវបានកំណត់ទុកមុន។

ដោយឡែក ទាក់ទិននឹងការធ្វើដំណើរពីប្រទេសក្រៅ ចូលមកក្នុងសហភាពអឺរ៉ុបវិញ គឺអ្នកដំណើរត្រូវធ្វើ​តេស្តប្រភេទ PCR ក្នុងរយៈពេល​៧២ម៉ោង មុនចេញដំណើរ។ តែ​សម្រាប់​ប្រជាជនអឺរ៉ុប គឺអាចធ្វើតេស្តពេល​មកដល់ដី​អឺរ៉ុបក៏បាន។ គណកម្មការអឺរ៉ុប កំពុងតែរៀបចំផងដែរ ឲ្យ​មានកាតព្វកិច្ច ត្រូវ​បំពេញ​ក្រដាសប្រាប់ព័ត៌មាន សម្រាប់អ្នកដំណើរទាំងអស់ ដែលចង់ធ្វើដំណើរ នៅក្នុង​សហភាពអឺរ៉ុប។ អនុសាសន៍ទាំងអស់នេះរបស់គណកម្មអឺរ៉ុប នឹងត្រូវឆ្លងកាត់ការយល់ព្រមពីសំណាក់ ក្រុមប្រឹក្សាឬស្ថាប័នមានសមត្ថកិច្ចនៅតាមប្រទេសសមាជិកនីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ