អានតួអត្ថបទ
បារាំង-មេរោគកូវីដបំប្លែងខ្លួន

ប្រឈម​នឹង​មេរោគ​កូវីដបំប្លែងខ្លួន​ថ្មី បារាំងត្រូវ​បិទ​ប្រទេស​ជាលើ​កទីបី ?

​​មិនស្ទុះ​​​​ឡើង​ខ្លាំង​មែន តែ​ចំនួន​អ្នក​ឆ្លង​​កូវីដ១៩ នៅ​ប្រទេស​បារាំង និង​នៅ​អឺរ៉ុប បើ​និយាយ​ជា​រួម កើន​ឡើង​ ជាលំដាប់​ និង​បន្ត​កើន​ឡើងក្នុង​ទិស​តែ​មួយ​​ ដោយ​ប្រាកដ​ ជា​រៀងរាល់​ថ្ងៃ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​សុខាភិបាល បារម្ភ​ថា បារាំង​ទំនង​ជា​ត្រូវ​បិទប្រទេស​ជា​លើក​ទី​បី​ដោយ​ចៀស​មិន​រួច​ទេ ​បើ​មេរោគកូវីដបំប្លែង​ខ្លួន​ថ្មី​ ចាប់​វាយ​លុក​មក​ដល់​បារាំង ព្រោះ​មេរោគកូវីដបំប្លែង​ខ្លួន​អង់គ្លេស ឬ​អាហ្វ្រិក​ខាងត្បូង ចម្លង​លឿន​ជា​មេរោគកូវីដ​ដើម​ឆ្ងាយណាស់។

បារាំង​នឹង​បិទ​ខ្ទប់​ប្រទេស​ជា​លើក​ទី​បី ?
បារាំង​នឹង​បិទ​ខ្ទប់​ប្រទេស​ជា​លើក​ទី​បី ? Pierre René-Worms / RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បានចេញ​បម្រាមគោចរទូទាំង​ប្រទេស​ ចាប់ពី​ម៉ោង​៦​ល្ងាច​ទៅ​ទល់​នឹង​ម៉ោង​៦​ព្រឹក​ បាន​មួយ​សប្តាហ៍មក សម្មតិកម្ម​​បិទ​ខ្ទប់​ប្រទេស​ជា​លើក​ទី​បី​កំពុង​គ្រលាស់​ចេញ​ពី​បបូរ​មាត់​អ្នក​ជំនាញ​កាន់តែ​ច្រើន​ឡើងៗ។

បារាំង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្ទាក់ស្ទើរ​ខ្លាំង ព្រោះម្យ៉ាង​វា​ដូច​ជា​ឆាប់​បន្តិច​ក្នុង​ការ​វាយ​តម្លៃ​អំពី​ឥទ្ធិពល​នៃ​បម្រាម​គោចរ​​​ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​កូវីដ។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា ​មេរោគ​កូវីដបំប្លែង​ខ្លួន​ថ្មី​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង កំពុង​គំរាមកំហែង​បារាំង​និង​អឺរ៉ុប​កាន់​តែខ្លាំង។ ជាមួយ​សមត្ថភាព​ចម្លង​ខ្លាំង​ប្រមាណ​ពី ៤០%ទៅ​៧០%​ខ្លាំង​ជាង​មេរោគ​កូវីដ​១៩​ដើម មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី អាច​នឹង​ធ្វើ​ឱ្យ​ចំនួនអ្នក​ឆ្លង​កូវីដ១៩​ ស្ទុះ​ឡើងលឿន​​ខ្លាំងនៅ​សប្តាហ៍​ខាង​មុខ និង​ដែលអាច​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​បិទ​ខ្ទប់​ប្រទេស​ជា​ថ្មី។

ចំណែក​ក្រុមប្រឹក្សា​សន្តិសុខជាតិបារាំង​ ដែល​បាន​ជួប​ប្រជុំ​គ្នា​​ជា​ថ្មី នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ព្រមទាំងនាយករដ្ឋមន្ត្រី​ផ្ទាល់ មិន​បាន​ច្រាន​ចោល​សេណារីយោ​បិទ​ខ្ទប់​ប្រទេស​​ជា​លើក​ទី​បី​ដែរ។ លោកប្រមុខ​រដ្ឋាភិបាល​បារាំង​ត្រូវ​ផ្តល់​សម្រេច​នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​នេះ​។ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ២១មករា​នេះដែរ បារាំង​និង​បណ្តាសមាជិក​សហភាពអឺរ៉ុប​២៦​ផ្សេងទៀត​ត្រូវ​បើក​ជំនួប​កំពូល​​អឺរ៉ុប​ជា​លើក​ទី​៩ ដើម្បី​រក​ដំណោះស្រាយ​រួមក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​បំប្លែងខ្លួន​ថ្មី​ផង ពន្លឿនការ​ចាក់ថ្នាំបង្ការ​ផង។

ក្នុង​ពេល​រង់​ចាំ ថា​តើ​បារាំង​នឹង​ពង្រឹង​វិធានការ​បន្ថែម​ឬ​យ៉ាងណា​នោះ ចិន​បាន​ប្រកាស​ផ្អាក​ជើង​ហោះ​ហើរ​ នៃ​ក្រុមហ៊ុន​   Air France ប៉ារីស-តានជីន Tianjin (ជិត​ទីក្រុង​ប៉េកាំង) ចាប់​ពី​ថ្ងៃទី ២៥មករា ២០២១​ទៅ​សម្រាប់​រយៈ​ពេល​ពីរ​សប្តាហ៍ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ដំណើរ​៥​នាក់ ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ប៉ារីស មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នៃ​ជំងឺ​កូវីដ​១៩។ សូម​បញ្ជាក់​ថា​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០២០​មក ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរហ្វ្រង់ បាន​ទទួល​ការ​អនុញ្ញាត​​ឱ្យ​​ហោះហើរភ្ជាប់​ពី​​បារាំង​ទៅ/​មក​​ចិន​បី​ជើង​ក្នុង​មួយ​សប្តាហ៍​ (ប៉ារីសសៀងហៃ​ពីរ​ជើង​មួយសប្តាហ៍ និង​ប៉ារីសទានជីន​មួយ​ជើង។ អាជ្ញាធរចិន​បានកំរិត​ចរាចរណ៍​ជើង​អាកាសអន្តរជាតិ​ខ្លាំងណាស់​ ដោយហាមឃាត់​ការហោះហើរ​ទាំងស្រុង​ជាមួយ​ប្រទេសខ្លះ និង​មាន​លក្ខខណ្ឌ​​តេស្តកូវីដ១៩​អវិជ្ជមាន​ជាមួយ​ប្រទេស​ខ្លះ​ទៀត​ ដូច​យ៉ាង​បារាំង អាល្លឺម៉ង់ ឬអាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ