អានតួអត្ថបទ
ILO-កូវីដ១៩

OIL៖ជំងឺកូវីដ១៩ បានបង្កឲ្យមានភាពច្រឡំបល់រវាងពេលវេលាសម្រាប់ជីវិតការងារ និងជីវិតឯកជន

នៅ​ថ្ងៃ​ពុធ ទី១៣ មករា អង្គការ​ពលកម្ម​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស ILO បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ភាព​ស្រពិចស្រពិល​ទាក់ទង​នឹង​ពេល​ម៉ោង​ធ្វើ​ការងារ​នៅ​ផ្ទះ និង​ពេល​ម៉ោង​សម្រាប់​ជីវិត​ឯកជន និង​គ្រួសារ។ ភាព​ស្រពិចស្រពិល​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​កូវីដ១៩ ពោល​ខណៈ​ដែល​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​នីតិវិធី​ធ្វើ​ការងារ​ពី​ផ្ទះ​របស់​បុគ្គលិក​ខ្លួន។ ILO បាន​គូសបញ្ជាក់​ថា ការ​ធ្វើ​ការងារ​ពី​ផ្ទះ​នឹង​បន្ត​មាន​យូរ​ពេល​ទៅ​មុខ​ទៀត ហើយ​អ្វី​ដែល​ក្រុម​និយោជិក​ត្រូវ​ការ គឺ​ទទួល​បាន​ការ​ការពារ​ប្រសើរ និង​ទទួល​បាន​នូវ​ការ​យល់ដឹង​ឲ្យ​បាន​ច្បាស់លាស់​ពី​សិទ្ធិ រួម​ទាំង​ហានិភ័យ​ស្តីពី​ជីវិតរស់នៅ​បែបថ្មី​នេះ។

OIL​ថា ជំងឺកូវីដ១៩ បានបង្កឲ្យមានភាពច្រឡំបល់រវាងពេលវេលាសម្រាប់ជីវិតការងារ និងជីវិតឯកជន។
OIL​ថា ជំងឺកូវីដ១៩ បានបង្កឲ្យមានភាពច្រឡំបល់រវាងពេលវេលាសម្រាប់ជីវិតការងារ និងជីវិតឯកជន។ AP - Thein Zaw
ផ្សាយពាណិជ្ជកម្ម

តើ​ពេលវេលា​ធ្វើ​ការងារ​ត្រូវ​ចប់​នៅ​ពេល​ណា ហើយ​ពេលវេលា​សម្រាប់​ជីវិតឯកជន និង​គ្រួសារ​ត្រូវ​ចាប់​ផ្តើម​នៅ​ពេល​ណា? នេះ​ជា​សំណួរ​ដែល​ចោទ​ឡើង​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ ឬ​ហៅ​កាត់ ILO។ ការងារ​ដែល ILO ចង់​និយាយ​នេះ គឺ​ការ​ធ្វើ​ការងារ​ពី​ផ្ទះ។ តាម​ពិត​ទៅ ការ​ធ្វើ​ការងារ​ពី​ផ្ទះ​មិនមែន​ជា​រឿង​ថ្មី​ទេ តែ​វា​បាន​ស្ទុះ​ឡើង​យ៉ាង​គំហុក​តែ​មួយ​ប៉ប្រិច​ភ្នែក​នៅ​ពេល​ដែល​ពិភពលោក​បាន​ញាំញី​ដោយ​វីរុស​កូវីដ១៩។ តាម​ការ​ប៉ាន់ស្មាន​របស់ ILO មាន​និយោជិក​ប្រមាណ​ជា ២៦០លាននាក់ ពោល​ស្មើ​នឹង ៧,៩% នៃ​និយោជិក​សរុប​ក្នុង​លោក​បាន​ធ្វើ​ការ​ពី​ផ្ទះ​ក្នុង​ឆ្នាំ ២០១៩ ហើយ​ភាគ​ច្រើន​ជា​ស្រ្តី។

តែ​នៅ​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ២០២០ ដែល​ពិភពលោក​វាយលុក​ដោយ​កូវីដ១៩ ពេញ​ទំហឹង អត្រា​និយោជិក​ធ្វើ​ការ​ពី​ផ្ទះ​បាន​ស្ទុះ​ឡើង​ដល់ ២០%។ ILO បាន​បែង​ចែក​ក្រុម​និយោជិក​ធ្វើ​ការងារ​ពី​ផ្ទះ​ជា ៣ប្រភេទ ប្រភេទទី១ ក្រុម​និយោជិក​ដែល​ធ្វើ​ការងារ​ពី​ផ្ទះ​ជា​លក្ខណៈ​អចិន្រ្តៃយ៍ ប្រភេទទី២ ក្រុម​និយោជិក​មួយ​ភាគ​ធំ​ទទួល​បន្ទុក​ផ្នែក​ផលិត​ដែល​សង្វាក់​ផលិតកម្ម​មិន​អាច​ធ្វើ​ដោយ​ស្វ័យប្រវត្តិ​បាន ដូច​ជា​ផលិតកម្ម​ធ្វើ​ដោយ​ដៃ ឬ​ការ​ផ្គុំដំឡើង​គ្រឿង​អេឡិចត្រូនិក​ជា​ដើម និង​ទី៣ ក្រុម​និយោជិក​ដែល​ត្រូវ​ការ​តែ​ទូរស័ព្ទ និង​ម៉ាស៊ីនកុំព្យូទ័រ​ដើម្បី​ធ្វើ​ការងារ។ តាម ILO អ្នក​ធ្វើ​ការងារ​នៅ​ផ្ទះ​មួយ​ភាគ​ដែល​រស់​ក្នុង​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ត្រូវ​បាន​ចាត់​ទុក​ជា​និយោជិក​ឯករាជ្យ ពោល​មិនមែន​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ណា​មួយ​ទេ។

យ៉ាង​ណា​ក៏​ដោយ និង​ដោយសារ​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​បន្ត​មាន​យូរ​អង្វែង​ទៀត ILO ចង់​ឲ្យ​មាន​ច្បាប់​ការងារ​មួយ​ច្បាស់លាស់​ស្តីពី​លក្ខខណ្ឌ​ធ្វើ​ការងារ​ពី​ផ្ទះ។ ILO បាន​គូសបញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ហានិភ័យ​ខ្ពស់​ចំពោះ​អ្នក​ធ្វើ​ការងារ​នៅ​ផ្ទះ គឺ​ភាព​មិន​ច្បាស់លាស់​រវាង​ពេល​ម៉ោង​សម្រាប់​ធ្វើ​ការងារ និង​ពេល​ម៉ោង​សម្រាប់​ជីវិត​ឯកជន និង​ជីវិត​គ្រួសារ។ តែ ILO បាន​ទទួល​ស្គាល់​ថា គុណប្រយោជន៍​មួយ​ដ៏​ល្អ​នៃ​ការ​ធ្វើ​ការងារ​នៅ​ផ្ទះ គឺ​ភាព​បត់បែន​នៃ​ម៉ោងពេល។ ILO បាន​ផ្តល់​ជា​អនុសាសន៍​ថា ការ​ធានារ៉ាប់រង​ជួយ​មើល​កូន​របស់​អ្នក​ធ្វើ​ការងារ​នៅ​ផ្ទះ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ជួយ​បង្កើន​បរិមាណ និង​គុណភាព​ការងារ រួម​ទាំង​ជួយ​ធ្វើ​ឲ្យ​មាន​សមភាព​រវាង​ជីវិត​ការងារ និង​ជីវិត​ឯកជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ