អានតួអត្ថបទ
សហភាពអឺរ៉ុប-វ៉ាក់សាំង

សមាជិក​​​អឺរ៉ុប​ទាំងអស់​នឹង​ផ្តើម​ចាក់​ថ្នាំ​បង្ការកូវីដ១៩ ​ក្នុង​ថ្ងៃ​តែមួយ នៅមុន​ដំណាច់​ឆ្នាំ​

ក្រោយ​ពី​បាន​ទទួល​បាន​ការ​អនុញ្ញាត​ពី​​អាជ្ញាធរ​ឱសថ​អឺរ៉ុប​ឱ្យ​ប្រើ​ថ្នាំ​បង្ការ​របស់​ក្រុម​ភ្លាម រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧​ នឹងអាច​ចាប់​បើកយុទ្ធនាការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺកូវីដ​១៩ ក្នុង​ថ្ងៃមួយស្មើ​គ្នា។ នេះ​ជាប្រសាសន៍​អះអាង​​របស់​លោកស្រីប្រធាន​គណៈកម្មការ​អឺរ៉ុប​ អួស៊ុយឡា វ៉ុនឌឺលីយ៉ែន នៅ​ចំពោះ​មុខ​សភា​អឺរ៉ុប នា​ថ្ងៃពុធ​ទី ១៦​ធ្នូនេះ។ ការ​ចាក់​ថ្នាំ​បង្ការ​ទំនង​ជា​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​មុន​ដំណាច់​ឆ្នាំ​២០២០​នេះ​តែម្តង​ផង។

 លោកស្រី​ប្រធានគណៈកម្មការ​អឺរ៉ុប Ursula von der Leyenប្រកាសថាអឺរ៉ុប​នឹង​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​​បង្ការ​កូវីដ​ ក្នុង​ថ្ងៃ​តែមួយ នៅ​មុនដំណាច់​ឆ្នាំ​២០២០
លោកស្រី​ប្រធានគណៈកម្មការ​អឺរ៉ុប Ursula von der Leyenប្រកាសថាអឺរ៉ុប​នឹង​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​​បង្ការ​កូវីដ​ ក្នុង​ថ្ងៃ​តែមួយ នៅ​មុនដំណាច់​ឆ្នាំ​២០២០ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំងកូវីដ​នៅ​អឺរ៉ុប ដែល​គ្រោងធ្វើ​ជា​បឋម​ ​នៅ​ខែមករា​ឆ្នាំ​២០២១​ ទំនងអាច​​ចាប់​ផ្តើមបាន​នៅមុន​ដំណាច់​ឆ្នាំ​នេះ ឬ​​សប្តាហ៍​ក្រោយផង។ នៅ​ទីបំផុត​ ក្រោមគំនាប​របស់​អាល្លឺម៉ង់ ភ្នាក់ងារ​ឱសថ​អឺរ៉ុប​ដែល​ជា​អ្នក​ផ្តល់​សិទ្ធិ​ប្រើប្រាស់​ថ្នាំ​ នឹង​ត្រូវ​ផ្តល់​សេចក្តី​សម្រេច​ឱ្យប្រើ​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ១៩​របស់​ក្រុម​ហ៊ុន Pfizer-BioNTech ​ នៅ​ថ្ងៃទី ២១ ធ្នូ មិនមែន​ថ្ងៃ​ទី ២៩​ធ្នូ​ទេ។

ដូច្នេះ នៅ​ពេល “បានទទួលការ​អនុញ្ញាត​ភ្លាម យុទ្ធនាការ​ចាប់​ថ្នាំ​បង្ការ​ត្រូវ​​ចាប់​ផ្តើម​​​ភ្លាម ! ក្នុង​ពេល​ដ៏​​ឆាប់​បំផុត​ តាម​ដែលអាច​ធ្វើ​ទៅ​បាន​ ហើយត្រូវ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​តែមួយ នៅ​តាម​​គ្រប់​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ទាំង​២៧​”។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រីប្រធានគណៈកម្មការ​អឺរ៉ុប Ursula von der Leyen ដោយ​សន្យាថា​នឹង​ប្រឹង​ឱ្យអស់​​សមត្ថភាព​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​ថ្នាំប​ង្ការ​របស់​ក្រុមហ៊ុន លើ​ទីផ្សារ​អឺរ៉ុប ពីរ​ថ្ងៃ​ក្រោយ​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​ឱសថ​អឺរ៉ុប។

ថ្នាំ​បង្ការ​កូវីដ១៩ ដែល​បញ្ជា​ទិញរួម​​ដោយ​អឺរ៉ុប នឹង​ត្រូវ​ចែក​ចាយ​ដល់​ប្រទេស​ជា​សមាជិក​ តាមក្បួន​​សមមាត្រ​ ប្រទេសមានប្រជាជន​ច្រើន​ ទទួល​បានច្រើន ប្រជាជន​តិច​ទទួល​បាន​បរិមាណ​តិច និង​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​អឺរ៉ុប​គ្រប់​រូប។ នេះ​បើ​តាមការ​បញ្ជាក់​បន្ថែម​របស់​លោកស្រីប្រមុខ​សហភាពអឺរ៉ុប។

​អឺរ៉ុបទាំង​២៧​នឹង​ផ្តើម​ចាប់​ថ្នាំ​បង្ការ​ក្នុង​ថ្ងៃ​តែ​មួយ ជា​សកម្មភាព​ប្រកប​ដោយនិម្មិត្តរូបណាស់ ប៉ុន្តែ​វា​ដូច​ជា​យឺត​យ៉ាវ​ជាង​គេ​ខ្លាំង​ណាស់ មែនទេ ? ចិន រុស្ស៊ី អង់គ្លេស សហរដ្ឋ​អាមេរិក ​និង​កាណាដា ព្រមទាំងបណ្តាប្រទេសជា​ច្រើន​ទៀត ដូចយ៉ាង​ម៉ិចស៊ិក អារ៉ាប៊ីសាអូឌីត បាន​ផ្តើមយុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​​ហើយ​មែន តែ​វា​មិន​មែន​ជា​យឺត​យ៉ាវ​ទេសម្រាប់​អឺរ៉ុប ព្រោះ​អឺរ៉ុប​ត្រូវ​ការ​គិត​គូរ​ឱ្យ​បាន​ល្អិត​ល្អន់​អំពី​គុណភាព​នៃ​ថ្នាំ​វ៉ាក់សាំង ថា​ពិត​ជា​មាន​ប្រសិទ្ធភាព​ជា​​ប្រាកដសិន​ ទើប​ចាក់​ជូនពលរដ្ឋ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក Alain Fisher ប្រធានក្រុមប្រឹក្សាដឹកនាំ​យុទ្ធសាស្ត្រ​ថ្នាំ​បង្ការ​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ