អានតួអត្ថបទ
បារាំង-កូវីដ១៩

កូវីដ១៩៖បារាំងលើកការបិទខ្ទប់ប្រទេស តែដាក់ជំនួសវិញដោយបំរាមគោចរពី​ម៉ោង ៨យប់​ដល់ម៉ោង ៦ភ្លឺ

នៅ​ក្នុង​ប្រទេស​បារាំង ការ​បិទខ្ទប់​ប្រទេស​លើកទី២ រយៈពេល ១ខែ​កន្លះ​ត្រូវ​បាន​លើក​ចេញ​វិញ​នា​ថ្ងៃទី១៥ ធ្នូ។ តែ​ត្រូវ​ដាក់​ជំនួស​វិញ​ដោយ​បំរាមគោចរ​ពី​ម៉ោង ៨យប់​ដល់​ម៉ោង ៦ភ្លឺ​ចាប់​ពី​ថ្ងៃទី១៥ ធ្នូ​ដល់​ថ្ងៃទី៧ មករា ឆ្នាំ ២០២១។ ដោយឡែក ពិភពលោក​វប្បធម៌ ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​នឹង​បន្ត​បិទទ្វារ​រហូត​ដល់​ថ្ងៃ​ទី ២០មករា។ តែ​នាយករដ្ឋមន្រ្តី​លោក​ហ្សង់ កាស្តិច​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​មួយ​ក្នុង​ថ្ងៃ​អង្គារ ទី១៥ ធ្នូ​ថា ការ​បើក​ពិភពលោក​វប្បធម៌ ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ឲ្យ​មាន​ដំណើរការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃទី២០ មករា​ក៏​នៅ​មិន​ទាន់​ច្បាស់​ដែរ។

នាយករដ្ឋមន្រ្តី​បារាំង​លោក​ហ្សង់ កាស្តិច (រូបឆ្វេង) និង​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង
នាយករដ្ឋមន្រ្តី​បារាំង​លោក​ហ្សង់ កាស្តិច (រូបឆ្វេង) និង​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង AP - Ludovic Marin
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃទី១៥ ធ្នូ ឆ្នាំ ២០២០​ដល់​ថ្ងៃទី៧ មករា ឆ្នាំ ២០២១ ពលរដ្ឋ​បារាំង​អាច​ធ្វើ​ដំណើរ​បាន​ដោយ​សេរី​ដោយ​មិន​ចាំ​បាច់​បំពេញ​លិខិត​អនុញ្ញាត​ទៀត​ឡើយ។ តែ​ការ​ធ្វើ​ដំណើរ​ដោយ​សេរី​នេះ​មាន​ត្រឹម​ពី​ម៉ោង ៦ព្រឹក​ដល់​ម៉ោង ៨យប់​ប៉ុណ្ណោះ ព្រោះ​ការ​លើក​ចេញ​វិញ​នូវ​ការ​បិទខ្ទប់​ប្រទេស​រយៈពេល ១ខែ​កន្លះ​កន្លង​ទៅ​ត្រូវ​បាន​ដាក់​ជំនួស​វិញ​ដោយ​បំរាមគោចរ។ ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​ចន្លោះ​ពី​ម៉ោង ៨យប់​ដល់​ម៉ោង ៦ភ្លឺ​ត្រូវ​បំពេញ​លិខិត​អនុញ្ញាត ពិសេស​អ្នក​ចេញ​ទៅ​ធ្វើ​ការ ទៅ​មើល​សាច់ញាតិ​មាន​ធុរៈ ឬ​ទៅ​ជួប​ពេទ្យ។ បើ​គ្មាន​ហេតុផល​ត្រឹមត្រូវ​ទេ​នឹង​ទទួល​ការ​ផាកពិន័យ​ចំនួន ១៣៥អឺរ៉ូ។ តែ​បំរាមគោចរ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​យប់​ថ្ងៃ​ទី២៤ និង ២៥ធ្នូ​ដែល​ជា​ថ្ងៃ​បុណ្យ​ណូអែល​ទេ។

រហូត​មក​ទល់​ពេល​នេះ ហាង​លក់​ទំនិញ​គ្រប់​ប្រភេទ​បាន​អនុញ្ញាត​ឲ្យ​បើក​ទ្វារ​ឡើង​វិញ។ គឺ​លើកលែង​តែ​ពិភពវប្បធម៌ ដូច​ជា​រោងកុន រោងល្ខោន និង​ហាង​កាហ្វេ រួម​ទាំង​ភោជនីយដ្ឋាន​នឹង​ត្រូវ​បន្ត​បិទទ្វារ​រហូត​ដល់​ថ្ងៃទី២០ មករា ឆ្នាំ ២០២១។ តើ​ចាប់​ពី​ថ្ងៃទី២០ មករា​ឆ្នាំ​ក្រោយ​ទៅ រោងកុន រោងល្ខោន ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​អាច​បើក​ទ្វារ​ទទួល​ភ្ញៀវ​ឡើង​វិញ​បាន​ទេ?។ មិន​ធានា​ទេ ព្រោះ​អ្វីៗ​វា​អាស្រ័យ​លើ​ការ​វិវឌ្ឍន៍​ជាក់ស្តែង​របស់​កូវីដ១៩ និង​អាស្រ័យ​លើ​អកប្បកិរិយា​របស់​ពលរដ្ឋ​ម្នាក់ៗ​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​ថ្មី នេះ​ជា​ចម្លើយ​របស់​នាយករដ្ឋមន្រ្តី​លោក​ហ្សង់ កាស្តិច​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​មួយ​នា​ព្រឹក​ថ្ងៃទី១៥ ធ្នូ។

នៅ​ក្រោយ​ចម្លើយ​របស់​លោក​កាស្តិច ក្រុម​បុគ្គលិក​ក្នុង​វិស័យ​ពាក់ព័ន្ធ​នឹង​វិធានការ​នេះ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ផ្សេង​ទៀត​ក្នុង​ប្រទេស​បារាំង។ ម្ចាស់​ភោជនីយដ្ឋាន​បាន​ចោទ​ជា​សំណួរ​ថា តើ​ភោជនីយដ្ឋាន​ជា​កន្លែង​ចម្លង​វីរុស​កូវីដ១៩ ឬ?។ ពិត​ណាស់ នេះ​ជា​ចម្លើយ​របស់​លោក​កាស្តិច​ដោយ​លោក​សំអាង​លើ​លទ្ធផល​សិក្សា​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត។ ដោយឡែក និង​ដើម្បី​កម្រិត​ហានិភ័យ​នៃ​ការ​ចម្លង​កូវីដ១៩​នៅ​មុន​ពេល​វ៉ាកង​របស់​សិស្សសាលា​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី១៩ ធ្នូ លោក​កាស្តិច​បាន​លើក​សំណើ​របស់​ក្រុមប្រឹក្សាវិទ្យាសាស្រ្ត​ដែល​ស្នើ​ឲ្យ​សិស្ស​ឈប់ ២ថ្ងៃ​មុន ពោល​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ធ្នូ។

ក្រៅ​ពី​នៅ​សាលា ក្រុមប្រឹក្សាវិទ្យាសាស្រ្ត​ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​អ្នក​ដែល​គ្រោង​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ទី២៤ ធ្នូ និង​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ទី៣១ ធ្នូ​ត្រូវ​ធ្វើ​ស្វ័យចត្តាឡីស័ក​មួយ​សប្តាហ៍​មុន​នឹង​ចេញ​ទៅ​ជួបជុំ​គ្រួសារ។ គួរ​បញ្ជាក់​ថា​នៅ​បារាំង​សព្វថ្ងៃ ចំនួន​អ្នក​ឆ្លង​ថ្មី​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​ជាង ១០ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ