អានតួអត្ថបទ
បារាំង

បារាំង៖លោកម៉ាក្រុងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិស្តីពីសុខភាពមនុស្ស សត្វ និងបរិស្ថាន

នៅ​ថ្ងៃ​អង្គារ ទី៨ ធ្នូ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈអន្តរជាតិ​ស្តីពី​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន។ កម្មវត្ថុ​នៃ​កិច្ចសហប្រតិបត្តិ​មួយ​នេះ គឺ​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​ឆ្លង​រាតត្បាត​នា​ពេល​អនាគត។ ការ​អំពាវនាវ​របស់​លោក​ម៉ាក្រុង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ដែល​ចាក់​ផ្សាយ​នា​ការ​បិទបញ្ចប់​សន្និសីទវិទ្យាសាស្រ្ត​រៀបចំ​ដោយ​បណ្តាញ​ឆ្លុះបញ្ចាំង​ពី​អនាគត​វិស័យ​កសិកម្ម។

ប្រធានាធិបតីបារាំង លោកម៉ាក្រុងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិស្តីពីសុខភាពមនុស្ស សត្វ និងបរិស្ថាន
ប្រធានាធិបតីបារាំង លោកម៉ាក្រុងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិស្តីពីសុខភាពមនុស្ស សត្វ និងបរិស្ថាន Ian LANGSDON POOL/AFP
ផ្សាយពាណិជ្ជកម្ម

សន្និសីទវិទ្យាសាស្រ្ត​រៀបចំ​ដោយ​បណ្តាញ​ឆ្លុះបញ្ចាំង​ពី​អនាគត​វិស័យ​កសិកម្ម​បាន​ចូលរួម​ដោយ​ក្រុម​អ្នកវិទ្យាសាស្រ្ត ក្រុម​គ្រូពេទ្យ ក្រុម​អ្នកជំនាញ​កសិកម្ម ក្រុម​អ្នក​ចិញ្ចឹមសត្វ និង​ក្រុម​អ្នក​បរិស្ថាន។ « ការ​សន្យា​របស់​អស់លោក​ក្នុង​ការ​គិតគូរ​ពី​បញ្ហា​កសិកម្ម និង​ផែនដី​សម្រាប់​ពេល​អនាគត​គឺ​សំខាន់​ណាស់ »នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង។ តាម​ប្រមុខ​រដ្ឋ​បារាំង ជំងឺ​ឆ្លងរាតត្បាត​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​ពេល​នេះ​ជា​ការ​ទាញ​សញ្ញាអាសន្ន​មួយ។ អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋ​បារាំង​នៅ​ក្នុង​សន្និសីទវិទ្យាសាស្រ្ត​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ប្រកាស​ពី​ការ​បង្កើត​នូវ​ក្រុមប្រឹក្សា​អន្តរជាតិ​នៃ​អ្នកជំនាញជាន់ខ្ពស់​មួយ​ដោយ​ដាក់​ឈ្មោះ « One health » ឬ​ប្រែថា « សុខភាពមួយ »

ទស្សនៈ « សុខភាពមួយ » នេះ​ជា​ការ​ចម្លង​យក​គំរូ​ពី​ក្រុម​អ្នកជំនាញ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ និង​អង្គការ​អន្តរជាតិ​ស្តីពី​សុខភាព​សត្វ។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ថា នៅ​ក្នុង​សង្វាក់​ជីវសាស្រ្ត​ដែល​ប្រមូល​ផ្តុំ « សុខភាព​មនុស្ស » « សុខភាព​សត្វ » និង « សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី »ក្រុម​កសិករ​ជា​អ្នក​ធានា​សុខភាព​នៃ​ការ​មាន​ជីវិត។ ទន្ទឹម​គ្នា​នេះ ប្រមុខរដ្ឋ​បារាំង​ក៏​បាន​ឡើង​ពី​ការ​ពង្រឹង​វិស័យ​កសិកម្ម​ដើម្បី​ចិញ្ចឹម​មនុស្សលោក​ដោយ​គិតគូរ​ពី​ការ​ថែ​រក្សា​ជីវចម្រុះ និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ។ លោក Thierry Lefrançois នាយក​នៃ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ជីវសាស្រ្ត​បាន​យល់​ឃើញ​ពី​ការ​បាត់បង់​ចំណង​ទាក់ទង​រវាង​ជីវចម្រុះ ការ​កាប់បំផ្លាញ​ព្រៃឈើ និង​សុខភាព។

ចំណែក​លោក Jean-Pierre Rennaud ប្រធាន​ក្រុមប្រឹក្សាវិទ្យាសាស្រ្ត​ផែនដី A បាន​គូសបញ្ជាក់​ថា ទស្សនៈ « សុខភាពមួយ » ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ តែ​នៅ ១០ឆ្នាំ​ក្រោយ​មក ទស្សនៈ​មួយ​នេះ​ហាក់​មិន​សូវ​ចម្រើន​ទៅ​មុខ​សោះ។ តាម​លោក Rennaud ការ​ដែល​ប្រធានាធិបតី​បារាំង​ចង់​ជំរុញ​សក្ដានុពល​អន្តររដ្ឋ​លើ​ទស្សនៈ​មួយ​នេះ គឺ​ជាសញ្ញា​ល្អ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ