អានតួអត្ថបទ
បារាំង

បារាំង៖ ​មហាបាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ « សន្តិសុខរួម »

នៅទីក្រុងប៉ារីស ក៏ដូចជានៅតាមទីក្រុងធំៗមួយចំនួននៃប្រទេសបារាំង កាលពី​រសៀលថ្ងៃសៅរ៍ ទី​២៨វិច្ឆិកា​ មានមនុស្ស​ជាច្រើនពាន់នាក់ បានធ្វើបាតុកម្ម​ ប្រឆាំងនឹងគម្រោងច្បាប់សន្តិសុខរួម ដែលរដ្ឋាភិបាលបារាំង បានដាក់ស្នើទៅកាន់រដ្ឋសភា។ ក្នុងចំណោមចំណុចដែលរងនូវ​ការ​តវ៉ា​ គឺមាន​មាត្រាមួយដែលកំណត់ ​ផ្ទន្ទាទោស​​មនុស្សដែល​ថតវីដេអូ សកម្មភាព​​អន្តរាគមន៍របស់​សមត្ថកិច្ច​ ហើយយក​វាទៅផ្សព្វផ្សាយ​ ដើម្បី​បង្ក​បញ្ហាដល់សមត្ថកិច្ច។

បាតុករម្នាក់ ដែល​ចូលរួម​បាតុកម្ម ប្រឆាំងច្បាប់ "សន្តិសុខរួម" នៅទីក្រុងប៉ារីស ថ្ងៃទី ២៨ វិច្ឆិកា ២០២០
បាតុករម្នាក់ ដែល​ចូលរួម​បាតុកម្ម ប្រឆាំងច្បាប់ "សន្តិសុខរួម" នៅទីក្រុងប៉ារីស ថ្ងៃទី ២៨ វិច្ឆិកា ២០២០ REUTERS - BENOIT TESSIER
ផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅក្នុងសង្កាត់ Bastille និងទីលាន Place de la République កណ្តាលទីក្រុង​ប៉ារីស ដើម្បីប្រឆាំងនឹងគម្រោង​ច្បាប់ ​« សន្តិសុខរួម » (Loi Sécurité globale)។ បាតុករហឹង្សាខ្លះ ស្លៀកខ្មៅពាក់ខ្មៅ បាន​នាំគ្នាដុតបំផ្លាញរថយន្ត ធុងសំរាម និងជំរកចាំរថយន្តក្រុង នៅតាមផ្លូវ ព្រមទាំងបាន​យកសម្ភារៈការដ្ឋានសំណង់ ដើម្បី​ដាក់បាំងជារនាំថែមទៀតផង។ បាតុករខ្លះទៀត បាន​គាស់ដុំថ្ម គប់​ទៅលើសមត្ថកិច្ច យ៉ាងអាណាធិបតេយ្យបំផុត។

ក្រៅពីដើម្បី​ប្រឆាំង​នឹងគម្រោងច្បាប់សន្តិសុខរួម បាតុកម្មដែលមាន​សឹងតែទូទាំង​ប្រទេសនេះ បានសំដៅផងដែរ បរិហាអំពីសកម្មភាពបង្រ្កាបដោយ​ហិង្សា របស់នគរបាល​ ហើយ​ដែលករណីខ្លះ គឺជាអំពើរើសអើងប្រកាន់ពូជសាសន៍ មកលើ​ប្រជាជន។ ពាក្យ​ថា « នគរបាលហិង្សា » ឬ « យើងស្អប់នគរបាល » បានបន្លឺចេញពីមាត់​បាតុករសឹងតែគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅក្នុងគម្រោងច្បាប់សន្តិសុខរួម ដែលរដ្ឋាភិបាល​បារាំង បានស្នើទៅកាន់សភា មានមាត្រាមួយ គឺមាត្រា២៤​ ដែលបានកំណត់​ ផ្តន្ទាទោសការថតនិងផ្សព្វផ្សាយ​វីដេអូ ក្នុងពេល​សមត្ថកិច្ច​ធ្វើអន្តរាគមន៍ បើ​ការផ្សព្វផ្សាយ​នេះ ធ្វើទៅក្នុងគោលបំណង​អាក្រក់ណាមួយ​ មកលើសមត្ថកិច្ច។ សមាជិកសភា ក៏ដូចជាសមាជិករដ្ឋភិបាលដែល​គាំទ្រមាត្រានេះ បានអះអាងថា ស្មារតីរបស់មាត្រា គឺដើម្បីធានាការពារការងាររបស់​សមត្ថកិច្ច ដែលប្រឈម និងរងនូវអំពើហិង្សាកាន់តែច្រើនឡើង ដោយសារតែការថតវីដេអូផ្សព្វផ្សាយ បង្ហាញអត្តសញ្ញាណរបស់ពួកគេ នៅតាមបណ្តាញសង្គម។

យ៉ាងណាក៏ដោយ មាត្រាច្បាប់នេះ បានបង្កឲ្យ​មានការតវ៉ា ពីសំណាក់មតិ​ប្រជាជនភាគច្រើន និងជាពិសេស ពីសំណាក់ ក្រុមអ្នកកាសែត និងអង្គការការពារសិទ្ធិមួយចំនួន​ផង ដោយ​គេលើកឡើងថា វាមានខ្លឹមសារ​រិតត្បិតសិទ្ធិសេរីភាព ​ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន។ ជាងនេះទៀត ការថតវីដេអូ ក្នុងពេលអន្តរាគមន៍របស់សមត្ថកិច្ច គឺជាវិធីតែមួយ​គត់ ដើម្បី​ទប់ទល់ជាមួយ​ ការប្រើកម្លាំងហួសប្រមាណ ដោយ​ហិង្សារបស់សមត្ថកិច្ច។

យ៉ាងណាមិញ ក្នុងពេល​ដែលកំពុង​តែមានការតវ៉ា ទាក់ទិននឹងមាត្រាច្បាប់នេះ ស្រាប់តែមួយ​ករណី បែកធ្លាយ​​វីដេអូ​​ នគរបាល​បារាំង ធ្វើសកម្មភាពវាយដំទៅលើបុរសស្បែកខ្មៅម្នាក់ យ៉ាងដំណំ កាលពី​ថ្ងៃព្រហស្បតិ៍ទី​២៦វិច្ឆិកា។ បញ្ហានេះ វាបានមកបន្ថែម ពីលើកំហិងរបស់បាតុករ ក៏ដូចជាអ្នកតវ៉ាបរិហារ អំពីអំពើហិង្សារបស់នគរបាលបារាំង ដែលកាន់តែមានទំរង់ធ្ងន់ធ្ងរឡើង។

បច្ចុប្បន្នច្បាប់ សន្តិសុខរួម​នេះ ត្រូវបានសភាជាតិបារាំង សម្រេចអនុម័តយល់ព្រម និងបញ្ជូន​បន្តទៅកាន់ព្រឹទ្ធសភា។ ប្រឈមនឹងការតវ៉ាកាន់តែខ្លាំងឡើង លោកនាយករដ្ឋមន្ត្រីបារាំង បានធានាអះអាង នៅថ្ងៃទី២៧វិច្ឆិកាថា លោកនឹងបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីពិនិត្យ​លើខ្លឹមសារនៃច្បាប់នេះឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ