អានតួអត្ថបទ
បារាំង-កូវីដ១៩

កូវីដ១៩៖ ក្រោយបិទ​ប្រទេស​១០ថ្ងៃមក បារាំងនៅតែស្ថិតនៅក្នុងភាព​អាសន្ន​ដដែល

ប្រឈមនឹងការឆ្លងរាលដាលជម្ងឺកូវីដ១៩ រដ្ឋាភិបាលបារាំង បាន​សម្រេច​បិទខ្ទប់ប្រទេសឡើងវិញ ប្រមាណ​១០ថ្ងៃមកហើយ។ ក៏ប៉ុន្តែជាការសង្កេតទូទៅ សន្ទុះនៃការឆ្លងរាលដាល នៅ​តែខ្លាំងដដែល ចំណែក​អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាព​ធ្ងន់ធ្ងរ ត្រូវសង្គ្រោះបន្ទាន់នោះ ក៏កាន់តែកើនឡើងជានិច្ច ធ្វើ​ឲ្យ​ប្រព័ន្ធមន្ទីរពេទ្យបារាំង មានការព្រួយបារម្ភបំផុត។ រដ្ឋាភិបាលបារាំង កំពុងរងសំពាធជាខ្លាំង រវាង​ប្រព័ន្ធមន្ទីរពេទ្យ​ដែលទាមទារឲ្យ​រិតបន្តឹង ខណៈប្រព័ន្ធសេដ្ឋកិច្ចអាជីវកម្ម ទាម​ទារ​​ឲ្យ​បើកដំណើរការឡើងវិញ។

បុគ្គលិកពេទ្យផ្នែកសង្គ្រោះបន្ទាន់ កំពុងសង្គ្រោះអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ  Melun-Senart ជាយ​ក្រុង​ប៉ារីស។ ថ្ងៃទី​៣០ តុលា ២០២០
បុគ្គលិកពេទ្យផ្នែកសង្គ្រោះបន្ទាន់ កំពុងសង្គ្រោះអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ Melun-Senart ជាយ​ក្រុង​ប៉ារីស។ ថ្ងៃទី​៣០ តុលា ២០២០ REUTERS - BENOIT TESSIER
ផ្សាយពាណិជ្ជកម្ម

តើឆ្លងកាត់១០ថ្ងៃ នៃការ​បិទខ្ទប់​ប្រទេសទាំងស្រុងនេះ វាបានហុចផល​វិជ្ជមានអ្វីខ្លះហើយ ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល ជំងឺកូវីដ១៩? នេះគឺជាចំងល់ ដែលប្រជាជនបារាំង គ្រប់រូប ចោទសួរ និងអន្ទះអន្ទែងចង់ដឹងចម្លើយ ព្រោះថាគ្រប់គ្នា ហាក់ដូចជាអត់ទ្រាំលែងបានទៀតហើយ ចំពោះវិធានការ​ការ​រិតត្បិតទាំងឡាយ។ ជាងនេះទៀត មានដំណឹងលេចឮថា រដ្ឋាភិបាលអាចនឹងសម្រេចបន្តបិទខ្ទប់ប្រទេស ថែមមួយ​ខែទៀត ពោលគឺរហូត​ដល់​ដើមខែមករា។

ឆ្លើយ​តបនឹងសំណួរអ្នកកាសែត នៅល្ងាចថ្ងៃអាទិត្យ​ទី​៨​វិច្ឆិកា លោក Olivier Veran រដ្ឋមន្ត្រីក្រសួង​សុខាភិបាលបារាំង បានលើកឡើងថា វិធានការបិទខ្ទប់​ប្រទេស​១០ថ្ងៃមកនេះ បានហុចផលវិជ្ជមានខ្លះហើយ ក៏ប៉ុន្តែសម្រាប់ពេលនេះ គេមិនត្រូវប្រញ៉ាប់ធ្វើការសន្និដ្ឋានពេកទេ។ លោកបាន​បញ្ជាក់ថា នៅសប្តាហ៍ក្រោយ​ក្រសួងនឹង​ពិនិត្យទិន្នន័យ ហើយ​ធ្វើការវិភាគសន្និដ្ឋាន ដើម្បី​ឲ្យ​ប្រជាជន​បានដឹង​។

ដោយឡែក លោកវិជ្ជបណ្ឌិត Philippe Juvin ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ George Pompidou ក្រុងប៉ារីស បាន​លើកឡើងតាមទូរទស្សន៍​ ដោយលោកបានក្រើន​រំលឹកថា មិនត្រូវដកចេញនូវវិធានការ​បិទខ្ទប់ ដោយ​លឿនរហ័សជ្រុលពេកនោះទេ។ អាចដកចេញនូវវិធាន​ការតឹងតែងទាំងនេះបាន ល្គឹកណា ការឆ្លងរាលដាលចុះអន់ថយ។

គួរបញ្ជាក់ថា គិតត្រឹម២៤ម៉ោងចុងក្រោយ នៅបារាំង មានអ្នកស្លាប់ដោយ​កូវីដ១៩ ចំនួន​២៧១​នាក់​​បន្ថែមទៀត ដែលធ្វើឲ្យ​ចំនួន​អ្នកស្លាប់សរុបទាំងអស់ គឺ៤០៤៣៩នាក់ នៅទូទាំងប្រទេស។ ចំនួនអ្នកជំងឺកូវីដ១៩ ដែលធ្ងន់ធ្ងរ ត្រូវការការសង្គ្រោះបន្ទាន់ បានកើនឡើងជាលំដាប់​ ដោយ​នៅស​ប្តាហ៍​កន្លងទៅ បានឡើងដល់ ៤៥២៧នាក់ ទល់នឹង ៣៧២១​នាក់​កាលពីសប្តាហ៍មុនមួយទៀត។ នៅតំបន់ខ្លះ មន្ទីរពេទ្យបានសម្រេចបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅកាន់តំបន់ផ្សេងទៀត ដើម្បី​កុំឲ្យ​ចាល់អ្នកជំងឺខ្លាំង។ ដោយឡែក ចំនួន​អ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែមវិញ ក៏​បានកើនឡើងឥតឈប់ ដោយ​នៅ​ថ្ងៃសុក្រ សប្តាហ៍មុន មានរហូតដល់ទៅ​៦ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលនេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានទេ នៅបារាំង។

គួរកត់សំគាល់ផងដែរថា វិធានការបិទខ្ទប់ប្រទេសនេះ បានធ្វើឲ្យ​សេដ្ឋកិច្ចបារាំង ជួបការលំបាកជាខ្លាំង។ សហគមហាងទំនិញ និងភោជនីយដ្ឋានជាដើម បាននាំគ្នាតវ៉ា ទាមទារបើក​ដំណើរការអាជីវកម្ម​ឡើងវិញ ឲ្យ​បានឆាប់ជាទីបំផុត។ លោកFrançois Villeroy de Galhau ទេសាភិបាលធនាគារជាតិបារាំង បាននិយាយថា ឆ្នាំ២០២០នេះ សេដ្ឋកិច្ចបារាំង និងដើរថយក្រោយ​ចំនួន​ចន្លោះ ពី​៩% ទៅ​១០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ