អានតួអត្ថបទ
អាស៊ែបៃហ្សង់-អាមេនី

ជម្លោះនៅតំបន់ការ៉ាបាក់៖អាស៊ែបៃហ្សង់ និងអាមេនីចោទគ្នាពីបទរំលោភលើបទឈប់បាញ់

នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី១០ តុលា ប្រទេស​អាស៊ែបៃហ្សង់ និង​ប្រទេស​អាមេនី​បាន​ចោទ​គ្នា​ពី​បទ​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​ដែល​ទើប​ចូល​ជាធរមាន​នា​ម៉ោង ១២ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​សៅរ៍​ដដែល។ កិច្ចព្រមព្រៀង​ឈប់បាញ់​នេះ​ជា​លទ្ធផល​នៃ​កិច្ចចរចា​រវាង​ប្រមុខ​ការទូត​អាស៊ែបៃហ្សង់ និង​អាមេនី​ក្នុង​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​សុក្រ ទី៩ ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១០ តុលា​ដោយ​មាន​ប្រមុខ​ការទូត​រុស្ស៊ី​ធ្វើ​ជា​អាជ្ញាកណ្តាល។ ក្រសួង​ការពារ​អាស៊ែបៃហ្សង់​បាន​ថ្លែង​ថា អាមេនី​បាន​បំពាន​លើ​បទ​ឈប់បាញ់​ដោយ​ព្យាយាម​វាយប្រហារ​លើ​ស្រុក​ចំនួន ២ នៅ​តំបន់​ការ៉ាបាក់។ ចំណែក​ក្រសួង​ការពារជាតិ​អាមេនី​បាន​ឆ្លើយ​បក​វិញ​ថា ការ​ថ្លែង​របស់​ក្រសួង​ការពារ​អាស៊ែបៃហ្សង់​ជា​រឿង​មិន​ពិត និង​ថា អាស៊ៃបៃហ្សង់​ជា​អ្នក​រំលោភ​លើ​បទ​ឈប់បាញ់​ដោយ​បាន​បើក​ការ​វាយប្រហារ​នៅ​ម៉ោង ១២ និង ៥នាទី ពោល ៥នាទី​ក្រោយ​ពី​បទឈប់បាញ់​បាន​ចូល​ជា​ធរមាន។ គួរ​រម្លឹក​ថា ក្រៅ​ពី​ព្រមព្រៀង​ឈប់បាញ់ ភាគី​ជម្លោះ​ទាំង​ពីរ​ក៏​ព្រម​ចូល​តុចរចា​ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ដែរ។ តែ​លោក​ប៉ាស្កាល់ បូនីហ្វាស់ នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ និង​យុទ្ធសាស្រ្ត​ក្នុង​ប្រទេស​បារាំង​យល់​ឃើញ​ថា កិច្ចចរចា​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​មិនមែន​ងាយស្រួល​ទេ។

ជម្លោះនៅការ៉ាបាក់៖អាស៊ែបៃហ្សង់ និងអាមេនីចោទគ្នាពីបទរំលោភលើបទឈប់បាញ់
ជម្លោះនៅការ៉ាបាក់៖អាស៊ែបៃហ្សង់ និងអាមេនីចោទគ្នាពីបទរំលោភលើបទឈប់បាញ់ RFI/ANISSA EL JABRI/BERTRAND HAECKLER
ផ្សាយពាណិជ្ជកម្ម

« គេ​អាច​គិត​ថា ជម្លោះ​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី​មិន​ទាន់​អាច​ដោះស្រាយ​ចប់​សព្វ​គ្រប់​ដោយសារ​តែ​កិច្ចចរចា​នឹង​បើក​ធ្វើ​នៅ​ពេល​ខាង​មុខ​ទេ។ មាន​គោលការណ៍​ពីរ​ដែល​កំពុង​ដើរ​បញ្ច្រាស់​ទិស​គ្នា​ទាក់ទង​នឹង​ជម្លោះ​នៅ​ក្នុង​តំបន់​ការ៉ាបាក់។ គោលការណ៍​ទី១ គឺ​បូរណភាព​ទឹកដី ប្រសិន​បើ​គេ​ផ្អែក​លើ​គោលការណ៍​ដែល​ថា តំបន់​ការ៉ាបាក់​ជា​អធិបតេយ្យ​របស់​ប្រទេស​អាស៊ៃបៃហ្សង់ និង​ដែល​គ្មាន​នរណា​ម្នាក់​បាន​ទទួល​ស្គាល់​ឯករាជ្យភាព​របស់​តំបន់​ការ៉ាបាក់។

គោលការណ៍​ទី២ គឺ​សិទ្ធិសម្រេច​របស់​ប្រជាជន​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ការ៉ាបាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​អាមេនី។ វា​ច្បាស់​ណាស់​ថា ប្រជាជន​ភាគច្រើន​នៅ​ការ៉ាបាក់​សព្វថ្ងៃ​ពិត​ជា​មិន​ចង់​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​អាស៊ៃបៃហ្សង់​ទេ។ ឃើញ​ថា គោលការណ៍​ទាំង​ពីរ​នេះ​ផ្ទុយ​គ្នា​ស្រឡះ ហើយ​ខ្ញុំ​មិន​ដឹង​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​អាច​ច្របាច់ ឬ​ផ្សះផ្សា​គោលការណ៍​ទាំង​ពីរ​នេះ​ឲ្យ​ចូល​គ្នា​បាន​ឡើយ។ ក្នុង​រយៈពេល​កន្លង​ទៅ គេ​ធ្លាប់​បាន​សាកល្បង​ចង់​ផ្តល់​ស្វ័យភាព​ឲ្យ​តំបន់​ការ៉ាបាក់​នៅ​ក្នុង​ក្របខណ្ឌ​ដែល​តំបន់​នេះ​ស្ថិត​ជា​អធិបតេយ្យ​របស់​អាស៊ែបៃហ្សង់។

តែ​ខ្ញុំ​មិន​ជឿ​ថា​អ្វី​ដែល​កំពុង​កើត​មាន​ពេល​នេះ ប្រជាជន​អាមេនី​រស់​ក្នុង​តំបន់​ការ៉ាបាក់​យល់ព្រម​ត្រឡប់​ទៅ​រស់ក្រោម​អធិបតេយ្យ​របស់​អាស៊ែបៃហ្សង់​ជា​ថ្មី​នោះ​ឡើយ។ ដូច្មេះ​ការ​ចរចា​ដែល​នឹង​បើក​ធ្វើ​នា​ពេល​ខាង​មុខ​ពិត​ជា​ពិបាក​នឹង​រក​បាន​នូវ​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​បាន​ទាំង​អស់​គ្នា​ចំពោះ​ជម្លោះ​មួយ​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ