អានតួអត្ថបទ
ព័រទុយហ្កាល់-អាមេរិក

ព័រទុយហ្កាល់​សមរភូមិ​ប្រយុទ្ធ​ថ្មីរវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ ?

សហរដ្ឋ​អាមេរិក​មិនសប្បាយ​​ចិត្តទេ បើ​ព័រទុយហ្កាល់​សេចក្តី​សម្រេច​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ចិន​ជា​អ្នក​សាង​សង់​ផែ​ទទួល​កប៉ាល់​កុងតឺន័រ​នៅ​កំពង់ផែស៊ីណេស​ sines។ នេះបើតាម​ប្រសាសន៍​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​លីស្បូន ដោយ​បាន​ព្រមាន​ឱ្យ​​ព័រទុយហ្កាល់​ ​ជ្រើសរើសយក​តែមួយ ក្នុង​ចំណោម​​​​​អំណាច​ទាំង​ពីរគឺ អាមេរិក និង​​ចិន។

កំពង់ផែ​Hambourg ប្រទេស​អាល្លឺម៉ង់ (រូបថត​តំណាង)
កំពង់ផែ​Hambourg ប្រទេស​អាល្លឺម៉ង់ (រូបថត​តំណាង) Getty Images/Jorg Greuel
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​តុលាឆ្នាំ​២០១៩ ព័រទុយហ្កាល់​បាន​​ប្រកាស​រក​វិនិយោគ​បរទេស​មក​សាងសង់​កំពង់ផែ ស៊ីណេស​ ពង្រីកជា​ផែ​កុងតឺន័រ​ ដែល​អាច​នឹង​ចាប់​ដំណើរការ​នៅ​ឆ្នាំ​២០២៤។ នៅ​ក្នុង​ចំណោម​​​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​មក​ដាក់​ពាក្យ​ និង​មាន​សំណាង​ឈ្នះ​ច្រើន​ជាង​គេ​  ​មាន​ក្រុមហ៊ុន​យក្សផ្នែក​ដឹក​ជញ្ជូន​​ជើង​ទឹក​​ចិន​ Cosco ឬ​ក្រុមហ៊ុន​ Shanghai International Port Group។ នេះ​បើ​តាម​ប្រភពសារព័ត៌មានក្នុង​ស្រុក។

ព័រទុយហ្កាល់​​មិន​ទាន់សម្រេច​​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​ទិ ២៦ កញ្ញា​២០២០នេះ​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​Expresso ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​ក្រុង​លីស្បូនលោក Georges Glass បាន​អះអាង​ថា​ ស៊ីណេស ដែល​ស្ថិត​នៅ​ជាង​១០០​គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី ជា​កំពង់​ផែ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក ព្រោះ​ជា​កំពង់ផែទឹក​ជ្រៅ​អឺរ៉ុប​ដែល​នៅ​ជិត​ដី​អាមេរិក​ជាង​គេ។ អាមេរិក​សង្ឃឹម​ថា​ស៊ីណេស​មិន​ធ្លាក់​ទៅក្នុង​ដៃ​ចិន​ទេ ...! នេះ​បើ​តាម​ការ​ប្រសាសន៍​របស់​លោក​ក្លាស​ ដោយ​គូស​បញ្ជាក់​ថា​ កំពង់​ផែ​ដែល​មាន​រចនា​សម្ព័ន្ធ​សម្រាប់​ទទួល​ឧស្ម័ន​រាវ​ពី​អាមេរិក​មក​អឺរ៉ុប តាំង​ពី​ឆ្នាំ​២០១៦​មក បាន​លើក​ព័រទុយហ្កាល់​ឱ្យ​ក្លាយ​ជា​ស្នូល​នៃ​កា​រផ្គត់ផ្គង់​ឧស្ម័ន​និង​ជា​មជ្ឈមណ្ឌល​សន្តិសុខ​ថាមពល​​របស់​អឺរ៉ុប។ តែ​ដោយ​អាមេរិកដែល​​គ្មាន​​ក្រុមហ៊ុន​គ្រប់គ្រង​កំពង់​ផែនៅ​បរទេស ដូច្នេះ​អាមេរិក​ចង់​ឃើញ​ ក្រុមហ៊ុន​អឺរ៉ុប​ (លោក​ខាង​លិច​)​ ជា​អ្នក​ធ្វើ​ប្រតិបត្តិការ​និង​សាង​សង់​ផែ​កុងតឺន័រ​នៅ​កំពង់​ផែ​ស៊ីណេសនេះ​។ នេះ​បើ​តាម​ការ​លម្អិត​បន្ថែម​របស់​លោក​ឯកអគ្គរដ្ឋ​ទូត។

គ្រាន់​តែ​បាន​ឮ​សំដី​​ទូត​អាមេរិក​ភ្លាម រដ្ឋមន្ត្រី​ការ​បរទេស​ព័រទុយហ្កាល់​បាន​បញ្ចេញ​ប្រតិកម្ម​​យ៉ាង​ទាន់​ហន់​ភ្លាម​ថា “នៅ​​ព័រទុយហ្កាល់​ អាជ្ញាធរ​ព័រទុយហ្កាល់​ជា​អ្នក​សម្រេច​ ដើម្បី​ប្រយោជន៍ព័រទុយហ្កាល់”។

សូម​បញ្ជាក់​ថា​ ក្រោយ​វិបត្តិហិរញ្ញវត្ថុ​ឆ្នាំ​២០១១​មក ព័រទុយហ្កាល់​បាន​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​មួយ​ដែល​ទទួល​​វិនិយោគចិន​ច្រើន​ជាង​គេ​បំផុត។ តាំ​ងពី​ខែ​មីនា​២០១៩​មក អាមេរិក​បាន​ប្រឆាំង​នឹង​គម្រោងវិនិយោគ​អគ្គីសនី​​របស់​ព័រទុយហ្កាល់​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន ក្រោមហេតុផល​ថា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ហួវៃ​មាន​ចំណែក​​អភិវឌ្ឍ​ប្រព័ន្ធ​៥G​នៅ​ព័រទុយហ្កាល់ ឬ​ការ​ជ្រៀត​ចូល​នៃ​ក្រុមហ៊ុន​ចិន​ក្នុង​ក្រុមហ៊ុន​សំណង់​ព័រទុយហ្កាល់។ លោកឯកអគ្គរដ្ឋ​ទូត​ Glass បាន​ទទួល​ស្គាល់​ថា​ព័រទុយហ្កាល់​ជា​សមរភូមិមួយ​នៃ​សង្គ្រាម​ចិន​និង​អាមេរិក​នៅ​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ