អានតួអត្ថបទ

បារាំង៖កម្លាំងប៉ូលិសបានបំបែកបណ្តាញរត់ពន្ធមនុស្សជនជាតិចិននៅជាយក្រុងប៉ារីស

នៅ​ក្នុង​ប្រទេស​បារាំង ប្រភព​ប៉ូលិស​បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​សុក្រ ទី១៨ កញ្ញា​ពី​ការ​បំបែក​បណ្តាញ​រត់ពន្ធ​មនុស្ស​ជនជាតិ​ចិន​ចូល​ទឹកដី​បារាំង​ដោយ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍។ បន្ទាប់​ពី​បាន​មក​ដល់​ទឹកដី​បារាំង ជនជាតិ​ចិន​មាន​ប្រុស មាន​ស្រី​ត្រូវ​បាន​គេ​យក​ទៅ​ឲ្យ​ធ្វើ​ការ​ដោយ​ឲ្យ​ប្រាក់ខែ​តិចតួច​បំផុត ពិសេស​ការងារ​នៅ​តាម​ភោជនីយដ្ឋាន​ក្នុង​ក្រុង​ប៉ារីស និង​ជាយ​ក្រុង​ប៉ារីស។ តាម​ការ​ស៊ើបអង្កេត មាន​ជនជាតិ​ចិន​ប្រមាណ​ជា ២០០នាក់​បាន​មក​ដល់​ទឹកដី​បារាំង​តាម​រយៈ​បណ្តាញ​រត់ពន្ធ​មនុស្ស​មួយ​នេះ​នៅ​ចន្លោះ​ឆ្នាំ ២០១៦ និង ២០១៧។ មួយ​វិញ​ទៀត ជនជាតិ​ចិន​ម្នាក់ៗ​ត្រូវ​ចំណាយ​លុយ ៥ ០០០អឺរ៉ូ​ដើម្បី​អាច​ទទួល​បាន​ទិដ្ឋាការ​ទេចរណ៍​ចូល​បារាំង។

កម្លាំងប៉ូលិសបារាំងបានបំបែកបណ្តាញរត់ពន្ធមនុស្សជនជាតិចិននៅជាយក្រុងប៉ារីស
កម្លាំងប៉ូលិសបារាំងបានបំបែកបណ្តាញរត់ពន្ធមនុស្សជនជាតិចិននៅជាយក្រុងប៉ារីស AFP - JOEL SAGET
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​បំបែក​បណ្តាញ​រត់ពន្ធ​មនុស្ស​ជា​ជនជាតិ​ចិន​ចូល​បារាំង​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​អង្គារ ទី១៥ កញ្ញា​នៅ​តំបន់ Seine-Saint-Denis និង​តំបន់ Val-de-Marne ជាយ​ក្រុង​ប៉ារីស។ នៅ​ក្នុង​ប្រតិបត្តិការ​នោះ ប៉ូលិស​ចាប់​បាន​មនុស្ស​ចំនួន ៧នាក់ មាន​ប្រុស ៦នាក់ និង​ស្រី​ម្នាក់ រឹបអូស​លុយ​សុទ្ធ​ជាង ២០ ០០០អឺរ៉ូ និង​មាន​ជាង ៣០ ០០០អឺរ៉ូ​ទៀត​នៅ​ក្នុង​គណនី​ធនាគារ។ ក្នុង​ចំណោម​មនុស្ស​ចាប់​ខ្លួន​ទាំង ៧នាក់ មាន ៣នាក់​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​តុលាការ និង ៤នាក់​បាន​បង្ហាញ​ខ្លួន​នៅ​មុខ​ចៅក្រម​ក្នុង​ថ្ងៃ​សុក្រ ទី១៨ កញ្ញា។ ក្រៅ​ពី​ចាប់​ខ្លួន​មេក្លោង​ជាប់សង្ស័យ​ទាំង ៧នាក់ ប៉ូលិស​ក៏​បាន​រក​ឃើញ​ជនជាតិ​ចិន​គ្មាន​ក្រដាសស្នាម​ចំនួន ១១នាក់​នៅ​ក្នុង​អាគារ​មួយ​ចំនួន​ដែល​ប៉ូលិស​បាន​ចូល​ឆែកឆេរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Xavier Delrieu ប្រធាន​ការិយាល័យ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុសច្បាប់។

តាម​លោក Xavier Delrieu ជនជាតិ​ចិន​គ្មាន​ក្រដាសស្នាម​ទាំង ១១នាក់​អាច​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​វិញ ឬ​មួយ​ក៏​យក​ទៅ​ដាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​រដ្ឋបាល។ លោក Xavier Delrieu បាន​ពន្យល់​ប្រាប់ AFP ថា បណ្តាញ​រត់ពន្ធ​មនុស្ស​ជនជាតិ​ចិន​ក្នុង​ប្រទេស​បារាំង​បាន​ធ្វើ​ការ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​ចិន​នៅ​ស្រុក​ចិន​ដើម្បី​ទទួល​បាន​ទិដ្ឋាការ​ទេសចរណ៍​ចូល​បារាំង។ ជនជាតិ​ចិន​ដែល​ចង់​ទៅ​រស់នៅ​ក្នុង​ប្រទេស​បារាំង​ត្រូវ​បង់​លុយ​ចំនួន ៥ ០០០អឺរ៉ូ​ដើម្បី​អាច​ទទួល​បាន​ទិដ្ឋាការ​ទេសចរណ៍។ នៅ​ពេល​មក​ដល់​ទឹកដី​បារាំង បណ្តាញ​រត់ពន្ធ​មនុស្ស​នោះ​ជា​អ្នក​រៀបចំ​ទទួល​ពួក​គេ​ឲ្យ​ស្នាក់នៅ និង​ឲ្យ​ធ្វើ​ការងារ​ដោយ​ផ្តល់​ប្រាក់ខែ​តិចតួច​បំផុត ពិសេស​ការងារ​នៅ​តាម​ភោជនីយដ្ឋាន​ក្នុង​ក្រុង​ប៉ារីស និង​ជាយ​ក្រុង​ប៉ារីស។

បន្ទាប់​ពី​បាន​រស់នៅ​ដោយ​គ្មាន​ក្រដាសស្នាម​មក អ្នក​ដែល​ចង់​សុំសិទ្ធិជ្រកកោណ​ត្រូវ​បង់លុយ​ដើម្បី​រៀបចំ​ឯកសារ​ដោយ​ពឹង​លើ​សេវាបកប្រែ ហើយ​សេវាបកប្រែ​នេះ​ទៀត​សោត​ក៏​មាន​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​រត់ពន្ធ​មនុស្ស​ដែរ។ តាម​ការ​ស៊ើបអង្កេត មាន​ជនជាតិ​ចិន​ប្រមាណ​ជា ២០០នាក់​បាន​មក​ដល់​ទឹកដី​បារាំង​តាម​រយៈ​បណ្តាញ​រត់ពន្ធ​មនុស្ស​ជា​ជនជាតិ​ចិន​នៅ​ចន្លោះ​ឆ្នាំ ២០១៦ និង ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ