អានតួអត្ថបទ
អង់គ្លេស-កូវីដ១៩

កូវីដ១៩ ៖ អង់គ្លេស​ហាមមិនឱ្យ​មានការ​ជួបជុំគ្នា​លើសពី​៦នាក់

ប្រឈម​នឹង​ការស្ទុះ​ឡើង​ជា​ថ្មី​នៃ​ករណី​ឆ្លង​កូវីដ១៩​ ​អង់គ្លេសដែល​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជាង​គេ​នៅ​អឺរ៉ុប​ ​ចាប់​​រឹត​បន្តឹង​វិធានការ​ជាថ្មី។ អាជ្ញាធរ​បាន​ចេញ​បម្រាមមិន​ឱ្យ​ពលរដ្ឋ​ជួប​ជុំ​ផ្តុំ​គ្នា​ មិន​ថា​នៅ​ក្នុង​កន្លែង​បិទ​ជិត ឬ​ទី​វាល​សាធារណៈ​ លើស​ពី​៦​នាក់​ទេ។ វិធានការ​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃចន្ទ​សប្តាហ៍​ក្រោយ​ទៅ​។

អង់គ្លេស​កំរិត​មិនឱ្យ​មានការជួបជុំ​គ្នា​លើស​ពី​៦នាក់
អង់គ្លេស​កំរិត​មិនឱ្យ​មានការជួបជុំ​គ្នា​លើស​ពី​៦នាក់ AFP
ផ្សាយពាណិជ្ជកម្ម

រហូត​មកទល់​នឹងពេល​នេះ អង់គ្លេស​បាន​កំរិត​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ ដល់ ​៣០នាក់ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ចន្ទ​ សប្តាហ៍​ក្រោយ​ទៅ អាជ្ញាធរ​នឹង​​រឹត​បន្តឹង​វិធានការ​ មិន​ឱ្យ​មានការ​ជួបជុំ​លើស​ពី​៦​នាក់​ទេ ព្រោះ​កូរ៉ូណាវីរុស​ថ្មី​កំពុង​ចាប់​កំរើក និង​ធ្វើ​ការ​ចម្លង​រីករាលដាល​ខ្លាំង​ឡើង​វិញ ជា​ពិសេស ក្នុង​ចង្កោម​ពលរដ្ឋ​វ័យ​ក្មេង ២០-៣០ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ នៅ​ល្ងាច​ថ្ងៃទី ៨កញ្ញា២០២០។

លោក​​នាយករដ្ឋមន្ត្រី​​នឹង​ផ្តល់​សន្និសីទ​​កាសែតលម្អិត​​នៅ​រសៀលថ្ងៃពុធ​ទី ៩ កញ្ញានេះ។ តែបើតាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី  ការ​កំហិត​មិន​ឱ្យ​មានការជួបជុំ​គ្នា លើសពី ៦​នាក់ ត្រូវ​អនុវត្តនៅគ្រប់ទិសទី មិនថា​​​នៅ​​ខាងក្នុង​ និង ខាង​ក្រៅកន្លែងណាមួយទេ។ ​​​ការ​ជួប​ជុំជាលក្ខណៈ​​ឯកជននៅ​ក្នុង​ផ្ទះ​ ឬ​នៅ​តាម​ទីវាល​សាធារណៈ ​ និង​គ្រប់​ទីកន្លែង​ផ្សេង​ទៀត ដូច​ជាហាងកាហ្វេបា និង​អាហារដ្ឋាន​ ក៏​មិន​ត្រូវ​ឱ្យមានក្រុមជុំ​លើស​ពី​៦នាក់ដែរ។ រដ្ឋាភិបាល​​ចាំបាច់​ត្រូវ​ទប់​ស្កាត់​វីរុស នៅ​ពេល​នេះ ដោយ​ពង្រឹង​វិន័យ ចេញ​វិធានការ​យ៉ាង​សាមញ្ញកាត់​បន្ថយ​ជំនួប​សង្គម ដែល​ងាយ​យល់​និង​ស្រួលប៉ូលិស​​ធ្វើការ​។ ដូច្នេះ​គ្រប់​គ្នា​ត្រូវ​តែ​​គោរព​ច្បាប់​សង្គម​នេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល។

មានតែ​ គ្រួសារ​មានសមាជិក​លើស​ពី​៦​នាក់​ សាលារៀន កន្លែងធ្វើការ ពិធីរៀប​អាពាហ៍ពិពាហ៍ បុណ្យ​សព និង​លេងកីឡាជា​ក្រុមស្រប​តាមបទដ្ឋាន​សុខាភិបាលទេ ដែល​អាចមាន​សិទ្ធិ​ជួប​ជុំ​គ្នា​លើស​ពី​៦នាក់បាន។ ខុស​ពីនោះ រាល់​អ្នកល្មើស​នឹង​បម្រាម នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់ ចំនួន ១០០​លីវ (ឬ​ប្រមាណ១០០​អឺរ៉ូ) នៅលើក​ទីមួយ។ ប្រាក់ពិន័យ​នឹង​គុណ​ទ្វេ​ឡើង​រហូត​ដល់​៣២០០លីវ បើ​ហ៊ាន​ល្មើស​ម្តង​ហើយ​ម្តង​ទៀត។

អង់គ្លេស​ជា​ប្រទេស​រងគ្រោះ​ស្លាប់​ដោយ​កូវីដ១៩​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប (៤១៥០០នាក់)។ អាជ្ញាធរ​តំបន់​ និងរដ្ឋ​ខ្លះ​របស់​អង់គ្លេស​បាន​ចាប់​ផ្តើម​បិទ​ខ្ទប់​តំបន់ជា​ថ្មី​ ដោយ​អន្លើៗវិញ​ហើយ​ ដើម្បី​រារាំង​កុំ​ឱ្យ​កូវីដ១៩​រីករាលដាល​ខ្លាំង​ឈាន​ដល់​ការ​បិទ​ទូទាំង​ប្រទេសទាន់។

​ឧទាហរណ៍​នៅ​ប៉ុលតុន ក្រុងភាគ​ពាយ័ព្យ​ប្រទេស នៅ​រដ្ឋ​ហ្កាល់ អាជ្ញាធរមូលដ្ឋាន ចាប់​ពង្រឹង​វិធានការ​ខ្លាំង​បិទខ្ទប់​ក្រុង​ កំរិត​ការ​ចូល​សួរ​សុខ​ទុក្ខ​ចាស់ជរា បិទ​ហាង​បិទបា តាំង​ពី​ថ្ងៃអង្គារ​ទី ៨​កញ្ញាម្សិលមិញ​មក ដោយ​សង្កេត​ឃើញ​មា​នករណីឆ្លងថ្មី ពិសេស​ក្នុង​​ចំណោមពលរដ្ឋ​វ័យ​ក្មេង​ ក្នុង​ចំនួន​ដ៏​ច្រើនជាង​គេ​បើប្រៀប​ទៅ​នឹង​អត្រា​ឆ្លង​ជាមធ្យមនៅទូទាំង​ប្រទេស។

ថ្វី​បើ​ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ១៩​បានធ្លាក់​ចុះទាបខ្លាំង​បំផុត​បើ​ប្រៀប​ទៅ​នឹងខែមីនា ប៉ុន្តែចំនួនអ្នក​វិជ្ជមានកូវីដ១៩បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅអង់គ្លេស ដូចបណ្តាប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ដែរ។ ក្រៅអំពី​កំរិត​ការជួប​ជុំ រដ្ឋាភិបាល​អង់គ្លេស​បានចាប់​បើកយុទ្ធនាការ​អប់រំណែនាំ​ឡើង​វិញ​ ចាប់​ពី​ថ្ងៃពុធ​នេះ​ទៅ​ ឱ្យ​ពលរដ្ឋ​​យល់​អំពីភាព​សំខាន់​នៃការលាងដៃ ការ​ពាក់ម៉ាស និងការរក្សា​គម្លាត​សុវត្ថិភាព​ពីមនុស្សទៅ​មនុស្សម្នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ