អានតួអត្ថបទ
ថ្នាំព្យាបាលជំងឺកូវីដ

មន្ទីរពិសោធន៍​បារាំង Sanofi ​បរាជ័យ​ក្នុង​ការធ្វើតេស្ត​សាកល្បង​ថ្នាំ​សម្រាប់ព្យាបាល​ជំងឺកូវីដ

មន្ទីរពិសោធន៍​បារាំង សាណូហ្វី Sanofi​បាន​ប្រកាស​នៅថ្ងៃ​អង្គារ​នេះ​ពី​បរាជ័យ ក្នុង​ការធ្វើតេស្ត​សាកល្បង​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ។ តាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុនផលិតឱសថ​បារាំង ដែល​បាន​សហការ​ជាមួយ ក្រុមហ៊ុន​អាមេរិកាំង Regeneron ការធ្វើតេស្ត​សាកល្បងក្នុង​ដំណាក់កាល​ទី៣ នៃ​ ថ្នាំ​ឈ្មោះ​Kevzara សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ មិន​បាន​ផ្តល់​លទ្ធផល​ជា​វិជ្ជមាន​នោះទេ។

ទីស្នាក់ការកណ្តាល​របស់​ក្រុមហ៊ុន​ផលិតឱសថបារាំង Sanofi នៅទីក្រុង​ប៉ារីស​ឆ្នាំ ២០១៩
ទីស្នាក់ការកណ្តាល​របស់​ក្រុមហ៊ុន​ផលិតឱសថបារាំង Sanofi នៅទីក្រុង​ប៉ារីស​ឆ្នាំ ២០១៩ AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន នៅថ្ងៃ​អង្គារ​នេះ ក្រុមហ៊ុន​ផលិតឱសថ​បារាំង Sanofi បាន​ប្រកាស​បញ្ឈប់​ការធ្វើតេស្ត​សាកល្បង​លើ​មនុស្ស​ដើម្បី ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ប្រសិទ្ធភាព​ថ្នាំ Kevzara សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ បន្ទាប់​ពី​ការធ្វើតេស្ត​សាកល្បង​ក្នុង​ដំណាក់កាល​ទី​៣ មិន​បាន​ផ្តល់​លទ្ធផល​ទៅតាម​ការរំពឹងទុក។

នៅក្នុង​ដំណាក់កាល​ធ្វើតេស្ត​កន្លងមក មន្ទីរពិសោធន៍​បារាំង​ផ្តោត​សំខាន់​លើ​២ផ្នែក គឺ ប្រសិទ្ធិភាព របស់ Kevzara ​ ចំពោះការ​បំបាត់​​អាការៈ​ក្តៅ​ខ្លួន និង​ ការ​ថប់​ដង្ហើម (បំបាត់​​សេចក្តី​​ត្រូវ​ការបន្ថែម​ផ្នែក​ខ្យល់​អុកស៊ីហ្សែន​)។ ផ្នែក​ទីពីរ គឺ​ការ​វាយតម្លៃ​អំពី​ភាព​ប្រសើរឡើង​​នៃ​ស្ថានភាព​ជំងឺ​រយៈ​ពេល​វែង​ ពោល​គឺ​ប្រសិទ្ធភាព​កាត់​បន្ថយ​អត្រា​មរណៈ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ (កាត់​បន្ថយ​ការ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ និងការ​ដាក់​អុកស៊ីហ្សែន​ជំនួយ​ជីវិត)។

នៅមុន​ប្រកាស​ពីបរាជ័យ ក្នុង​ការធ្វើតេស្ត​សាកល្បង​ដំណាក់កាល​ទី​៣ លើ​ប្រសិទ្ធភាព ថ្នាំ Kevzara មន្ទីរពិសោធន៍​បារាំង Sanofi បាន​ធ្វើតេស្ត​សាកល្បង​ទៅ​លើ​អ្នកជំងឺ​កូវីដ ដែលស្ថិត​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ សរុប ៤២០នាក់ ក្នុង​ប្រទេស​ចំនួន ១១ ដូចជា ប្រេស៊ីល អ៊ីតាលី បារាំង ជប៉ុន​និង​អេស្ប៉ាញ​(ឈីលី កាណាដា រុស្ស៊ី អ៊ីស្រាអែល អាល្លឺម៉ង់)ជាដើម។

ថ្នាំ Kevzara ជា​ប្រភេទ​ថ្នាំ immunosuppresseur ជំនួយ​ប្រព័ន្ធ​ការពារ​ខ្លួន​ដែល​ក្រុមហ៊ុន​ឱសថ​បារាំងSanofi ​និង​អាមេរិក Regeneron  បាន​សហការ​ស្រាវជ្រាវ​រួម​គ្នា​តាំង​ពី​ឆ្នាំ​២០១៧​មក សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់ (polyarthrite rhumatoïde)។ តាម​ក្រុមហ៊ុន​Sanofi ​មាន​ភស្តុតាង​តាមបែបវិទ្យាសាស្រ្ត​ដែលថា ថ្នាំ​Kevzara ជាថ្នាំ​មានសក្តានុពល​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ដែល​ស្ថិត​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ។ ការសិក្សា​ទៅលើ​អ្នកជំងឺ​កូវីដ ចំនួន​២១​នាក់ នៅប្រទេស​ចិន បាន​បង្ហាញ​ថា ធាតុសកម្ម​របស់ថ្នាំ​បានធ្វើ​ឲ្យ​អ្នកជំងឺ​លែង​ក្តៅខ្លួន និង​មិនសូវ​ត្រូវការ​ខ្យល់អុកស៊ីហ្សែន។

បើ​តាម​អ្នក​ដឹកនាំ​ការស្រាវជ្រាវ​របស់​សាណូហ្វី លោក ​ John Reed បើ​ទោះបីជា ការធ្វើតេស្ត​ដំណាក់កាល​ទី​៣ ដើម្បី​ផ្ទៀងផ្ទាត់ និងវាយតម្លៃ​ប្រសិទ្ធភាពថ្នាំ មិន​បាន​ផ្តល់​លទ្ធផល​ដែលគេ​ធ្លាប់​សង្ឃឹមទុក ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវ​នៅតែ​មានមោទនភាព ដែល​បាន​ចូលរួម រហូត​ដល់​ទី​បញ្ចប់ ដើម្បី​សិក្សា​ពី​អត្ថប្រយោជន៍​របស់​ថ្នាំ សម្រាប់​ការព្យាបាល​អ្នកជំងឺកូវីដ​១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ