អានតួអត្ថបទ

ប្រមុខការទូតចិនសង្ឃឹមអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២០

ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អឺរ៉ុប​នៅ​ក្នុង ៥ប្រទេស។ បន្ទាប់​ពី​ប្រទេស​អ៊ីតាលី ន័រវែស និង​ហូឡង់ លោក​វ៉ាង យី​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យ ទី៣០ សីហា។ បន្ទាប់​ពី​បាន​ជួប​ដោយ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក្នុង​ថ្ងៃ​សុក្រ និង​ដោយ​ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​ក្នុង​ថ្ងៃ​សៅរ៍ ទី២៩ សីហា លោក​វ៉ាង យី​បាន​ចូលរួម​ធ្វើ​សន្និសីទ​នៅ​វិទ្យាស្ថាន​បារាំង​នៃ​ទំនាក់ទំនង​អន្តរជាតិ​ក្នុង​ក្រុង​ប៉ារីស​នា​ថ្ងៃ​អាទិត្យ ទី៣០ សីហា។ ថ្លែង​នា​ឱកាស​នោះ លោក​វ៉ាង យី​សង្ឃឹម​អាច​មាន​កិច្ចព្រមព្រៀង​ស្តីពី​ការ​ការពារ​វិនិយោគ​បរទេស​រវាង​ចិន និង​សហភាព​អឺរ៉ុប​ដែល​បាន​ចរចា​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

Le chef de la diplomatie chinois, Wang Yi, le 25 août 2020 à Rome, en Italie.
Le chef de la diplomatie chinois, Wang Yi, le 25 août 2020 à Rome, en Italie. Yara Nardi/Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​មួយ​នឹង​ក្តី​សុទិដ្ឋិនិយម​ដែល​ប្រមុខ​ការ​ទូត​ចិន​លោក​វ៉ាង យី​យល់​ថា ចិន និង​សហភាព​អឺរ៉ុប​មាន​លទ្ធភាព​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ការពារ​វិនិយោគ​បរទេស​រវាង​គ្នា​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២០។ តែ​លោក​វ៉ាង យី​បាន​ទទួល​ស្គាល់​ថា ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ​ចុង​ក្រោយ ចិន និង​អឺរ៉ុប​ត្រូវ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ដើម្បី​ទម្លាយ​ភាព​ទាល់​ច្រក​នៅ​ក្នុង​កិច្ចចរចា​ដែល​ចិន និង​អឺរ៉ុប​បាន​ផ្តើម​ជជែក​គ្នា​តាំង​ពី ៧ឆ្នាំ​កន្លង​មក។ ភាព​អូសបន្លាយ​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ចិន និង​អឺរ៉ុប​បាន​កើត​មាន​ឡើង ខណៈ​ដែល​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​នូវ​ចំណុច​គួរ​ឲ្យ​បារម្ភ​មួយ​ចំនួន​នៅ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​ចិន។ ចំណុច​គួរ​ឲ្យ​បារម្ភ​ទាំង​នោះ​រួម​មាន ការ​គោរព​កម្មសិទ្ធិបញ្ញា បិទបញ្ចប់​ការ​បញ្ជូន​បច្ចេកវិទ្យាដែល​ចិន​បាន​ដាក់​លើ​ក្រុមហ៊ុន​បរទេស និង​ប្រាក់ឧបត្ថម្ភធន​ឲ្យ​ក្រុមហ៊ុន រោងចក្រ​​រដ្ឋ​ចិន។

ក្នុង​ខែ​ឧសភា ឯកអគ្គរដ្ឋទូត​អឺរ៉ុប​នៅ​ចិន​បាន​បញ្ជាក់​ថា សហភាព​អឺរ៉ុប​សង្ឃឹម​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​យ៉ាង​យូរ​ក្នុង​ខែ​កញ្ញា​ខាង​មុខ។ តែ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursual von der Leyen បាន​លើក​ឡើង​ក្នុង​ខែ​មិថុនា​ពី​ទំនាក់ទំនង​លំបាក​ជាមួយ​ចិន​ដោយ​បញ្ជាក់​ថា អឺរ៉ុប​ត្រូវ​ការ​មហិច្ឆតា​ជាង​នេះ​ពី​ចិន​ដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​នៅ​មុន​ដំណាច់​ឆ្នាំ ២០២០។ តែ​វិបត្តិ​កូវីដ-១៩ បាន​ផ្លាស់ប្តូរ​លើ​កម្មវិធី​ដែល​បាន​ព្រាង​ទុក ពិសេស​ការ​លើក​ជំនួបកំពូល​វិសាមញ្ញ​រវាង​សហភាព​អឺរ៉ុប និង​ប្រមុខរដ្ឋ​ចិន​លោក​ស៊ី ជីនពីង​ដែល​គ្រោង​រៀប​ចំ​ក្នុង​ខែ​កញ្ញា​ខាង​មុខ។

ដោយឡែក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប និង​ចិន​ក៏​ត្រូវ​បាន​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​និយាយ​ជាមួយ​លោក​វ៉ាង យី​ក្នុង​ថ្ងៃ​សុក្រ ទី២៨ សីហា។ លោក​ម៉ាក្រុង​បាន​គូសបញ្ជាក់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​កសាង​ដៃគូ​អឺរ៉ុប ចិន​រឹងមាំ និង​សមភាព​ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​ភាព​មាន​ទៅ មាន​មក និង​ការ​គោរព​ច្បាប់​ពហុភាគី។ និយាយ​ពី​ទំនាក់ទំនង​ទ្វេភាគី​បារាំង ចិន​វិញ លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ចម្រើន​ពិត​ប្រាកដ និង​ឆាប់​រហ័ស​នូវ​ភាព​ជា​ដៃគូ​នៅ​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល និង​កសិចំណីអាហារ។ ប្រធានបទ​ដដែល​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​វ៉ាង យី​ក្នុង​ថ្ងៃ​សៅរ៍ ទី២៩ សីហា។

ទន្ទឹម​គ្នា​នេះ ប្រមុខការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​និយាយ​ពី​ស្ថានការណ៍​នៅ​ក្នុង​ម៉ាលី លីបង់ កូរ៉េខាងជើង រួម​ទាំង​វិបត្តិ​នៅ​អ៊ីរ៉ង់។ តែ​អ្វី​ដែល​លោក​ឡឺឌ្រីយ៉ង់​មិន​ភ្លេច​និយាយ​នោះ ស្ថានការណ៍​សិទ្ធិមនុស្ស​ធ្លាក់​ចុះ​នៅ​ចិន ពិសេស​នៅ​ហុងកុង និង​ខេត្ត​ស៊ីនជាំង។ តែ​លោក​វ៉ាង យី​បាន​ប្រតិកម្ម​បក​វិញ​នៅ​ក្នុង​សន្និសីទ​រៀបចំ​នៅ​វិទ្យាស្ថាន​បារាំង​នៃ​ទំនាក់ទំនង​អន្តរជាតិ​ក្រុង​ប៉ារីស​នា​ថ្ងៃ​អាទិត្យ ទី៣០ សីហា​ថា រឿង​នៅ​ហុងកុង និង​នៅ​ស៊ីនជាំង​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន​ដែល​ប្រទេស​ផ្សេង​មិន​គួរ​លូកដៃ​ចូល​ជ្រៀតជ្រែក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ