អានតួអត្ថបទ
WHO-កូវីដ-១៩

កូវីដ-១៩៖WHO ជំរុញប្រទេសសមាជិកឲ្យចូលរួមនៅក្នុងយន្តការណ៍របស់ WHO ដើម្បីទទួលបានថ្នាំវ៉ាក់សាំង

នៅ​ថ្ងៃ​អង្គារ ទី១៨ សីហា អង្គការ​សុខភាពពិភពលោក​ហៅ​កាត់ WHO បាន​ផ្ញើ​លិខិត​ទៅ​កាន់​ប្រកាន់​ប្រទេស​សមាជិក​ទាំង​អស់​ដោយ​អំពាវនាវ​ឲ្យ​ពួក​គេ​ចូលរួម​នៅ​ក្នុង​យន្តការណ៍​របស់​អង្គការ​ដើម្បី​ទទួល​បាន​ថ្នាំវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus នៅ​ក្នុង​សន្និសីទកាសែត​មួយ។ ទន្ទឹម​គ្នា​នេះ លោក Tedros ក៏​បាន​រម្លឹក​ជា​ថ្មី​ពី​ការ​ប្រឆាំង​ទប់​នឹង​ជាតិនិយម​ស្តីពី​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩។ អ្វី​ជា​ការ​កត់សម្គាល់ អន្តរាគមន៍​របស់​ប្រមុខ WHO បាន​ធ្វើ​ឡើង ខណៈ​ដែល​ពិភពលោក​នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល និង​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩។ ទន្ទឹម​គ្នា​នេះ មាន​ប្រទេស​កាន់​តែ​ច្រើន​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​ថ្មី និង​បារម្ភ​ពី​រលក​ឆ្លង​លើក​ទី២។

​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus
​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus © Captura de tela
ផ្សាយពាណិជ្ជកម្ម

យន្តការណ៍​នៃ​ការ​ទទួល​បាន​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ដែល​អង្គការ​សុខភាព​ពិភពលោក​ហៅកាត់ WHO កំពុង​រៀបចំ​ពេល​នេះ​មាន​ឈ្មោះ COVAX ។ តាម​រយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ឲ្យ​ប្រទេស​សមាជិក​ទាំង​អស់ អគ្គនាយក​អង្គការ WHO លោក Tedros បាន​ជំរុញ​ប្រទេស​សមាជិក​ទាំង​អស់​ឲ្យ​ចូលរួម​ជាមួយ​យន្តការណ៍ COVAX ដើម្បី​ទទួល​បាន​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ជា​លក្ខណៈ​សកល។ ទន្ទឹម​គ្នា​នេះ និង​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ លោក Tedros បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ប្រឆាំង​ទប់​នឹង​ជាតិនិយម​ស្តីពី​ថ្នាំវ៉ាក់សាំង​ដែល​មាន​ប្រទេស​ខ្លះ​ចង់​ទទួល​បាន​ផ្តាច់មុខ​តែ​ម្នាក់​ឯង។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​យន្តការណ៍ COVAX របស់​អង្គការ​សុខភាព​ពិភពលោក​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ពេល​ណា និង​មាន​ប្រទេស​សមាជិក​ប៉ុន្មាន​ចូលរួម​ទេ។ តែ​លោក Bruce Aylward ដែល​ជា​ទីប្រឹក្សា​របស់​លោក Tedros បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី១៨ សីហា​ថា ការ​រៀបចំ​យន្តការណ៍ COVAX បាន​ឈាន​ចូល​ដល់​ដំណាក់ការ​ចុង​ក្រោយ និង​ថា មាន​ជាង ១៧០ប្រទេស ពោល​ស្មើ​នឹង ៧០% នៃ​ប្រជាជន​ក្នុង​លោក​បាន​បញ្ជាក់​ពី​ការ​ចង់​ចូលរួម ឬ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ចំពោះ​យន្តការណ៍ COVAX។ លោក Aylward បាន​បន្ថែម​ថា WHO កំពុង​រង់ចាំ​ចម្លើយ​ច្បាស់លាស់​ពី​ប្រទេស​ទាំង​នោះ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃទី៣១ សីហា។

លោក Tedros បាន​ពន្យល់​ថា​តាម​រយៈ​យន្តការណ៍ COVAX ការ​ចែកចាយ​ថ្នាំវ៉ាក់សាំង​នឹង​ត្រូវ​រៀបចំ​ជា​ពីរ​ដំណាក់ការ។ ដំណាក់ការ​ទី១ ការ​ចែកចាយ​នឹង​ធ្វើ​ឡើង​ជា​លក្ខណៈ​សមាមាត្រ និង​ក្នុង​ពេល​តែ​មួយ​ដល់​គ្រប់​ប្រទេស​ចូលរួម​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទូទៅ។ ដំណាក់ការ​ទី២ ការ​ចែកចាយ​នឹង​ត្រូវ​គិតគូរ​ពី​ការ​គំរាមកំហែង និង​ភាព​ងាយរងគ្រោះ​របស់​ប្រទេស​នានា។ តាម​អគ្គនាយក WHO ដដែល វិធានការ​ដ៏​ឆាប់​បំផុត​ក្នុង​ការ​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ និង​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ គឺ​ត្រូវ​ផ្តើម​ចេញ​ពី​ការ​ការពារ​ពលរដ្ឋ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​ជាង​គេ ពោល​មិនមែន​ការពារ​ពលរដ្ឋ​ទាំង​អស់​តែ​នៅ​ក្នុង​ប្រទេស​ខ្លះ​ទេ។

នៅ​ក្នុង​ន័យ​នេះ លោក Tedros បាន​លើក​ឡើង​ពី​ការ​ផ្តល់​អាទិភាព​ចំពោះ​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​តាម​មណ្ឌលសុខភាព ដូច​យ៉ាង​គ្លីនិក ឬ​មន្ទីរពេទ្យ និង​នៅ​តាម​គ្រឹះស្ថាន​ផ្នែក​សេវា​ជំនួយសង្គម ព្រោះ​ពួក​គេ​ជា​អ្នក​ព្យាបាល និង​ការពារ​ពលរដ្ឋ ហើយ​មាន​ទំនាក់ទំនង​ផ្ទាល់​នឹង​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​មរណៈ​ខ្ពស់។ គួរ​រម្លឹក​ថា ខណៈ​ដែល​ការ​ប្រជែង​រក​ថ្នាំវ៉ាក់សាំង​កំពុង​បន្ត​មាន​យ៉ាង​សកម្ម ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩ ក្នុង​លោក​មាន​ជិត ៧៧៥ ០០០នាក់ គិត​តាំង​ពី​ដំណាច់​ខែ​ធ្នូ​ឆ្នាំ ២០១៩ មក​ដល់​ថ្ងៃទី១៨ សីហា ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ