អានតួអត្ថបទ

ក្រៅតែពី​ការកើនឡើង​នៃ​ករណីឆ្លង​កូវីដ បារាំង​កំពុង​ជួប​អាកាសធាតុ​ក្តៅខ្លាំង ដូច​ឡដុត

ចាប់​តាំងពីថ្ងៃ​សុក្រ ចុងសប្តាហ៍ នេះ ប្រទេស​បារាំង​បានជួប​រលកកំដៅ ក្តៅខ្លាំង និង​រយៈពេល​យូរ ដ៏​កម្រ​នឹង​មាន។ នៅ​ថ្ងៃសុក្រ សីតុណ្ហភាព​នៅ​តំបន់​ខ្លះ បាន​កើនឡើង​ដល់ ៤២អង្សារ។ តំបន់​ចំនួន ៩ ដែលនៅក្នុង​នោះ មានទីក្រុង​ប៉ារីស ត្រូវ​អាជ្ញាធរ​ចាត់ចូល​ក្នុង​តំបន់​ក្រហម ដែល​មានន័យ​ថា អាចនឹង​មានការកើនឡើង​នៃ​អត្រាមរណភាព ដោយសារ​ជំងឺកូវីដ និង​ដោយសារ​ខ្យល់ពុល​អូហ្សូន ដែលកើតមាន នៅ​ពេល អាកាសធាតុ​ចាប់​ក្តៅ​ខ្លាំង។

មនុស្សម្នារស្រោចទឹក​នៅមុខ​អគារតួអេហ្វែល​នៅថ្ងៃ​សៅរ៍ នៅពេល​អាកាសធាតុ​ក្តៅខ្លាំង ដល់ទៅ​៣៩​អង្សារសេ នៅថ្ងៃទី​៨​សីហា ២០២០
មនុស្សម្នារស្រោចទឹក​នៅមុខ​អគារតួអេហ្វែល​នៅថ្ងៃ​សៅរ៍ នៅពេល​អាកាសធាតុ​ក្តៅខ្លាំង ដល់ទៅ​៣៩​អង្សារសេ នៅថ្ងៃទី​៨​សីហា ២០២០ REUTERS - BENOIT TESSIER
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​បារាំង ពីជើងទៅត្បូង ពី​លិចទៅ​កើត រលកកំដៅ​លាតសន្ធឹង នៅ​ស្ទើរ​គ្រប់​ផ្ទៃប្រទេស។ តំបន់ចំនួន​៩​ត្រូវចាត់ចូល​ជាតំបន់​ប្រកាសអាសន្ន ពណ៌ក្រហម ចំណែក​តំបន់​ចំនួន ៥២​ស្ថិតនៅ​ក្នុងតំបន់​ពណ៌ទឹកក្រូច​ជាមួយ​នឹង​សីតុណ្ហភាព​ចន្លោះ ពី​៣៩ និង​៤២​អង្សារសេ កាលពី​ថ្ងៃ​សុក្រ។

អាជ្ញាធរ​បាន​សម្រេច​ដាក់​ក្រុង​ប៉ារីស និង​តំបន់​ជុំវិញ ទៅក្នុង​បញ្ជី​ឈ្មោះ​តំបន់​ប្រកាសអាសន្ន​ពណ៌ក្រហម ដោយសារ​រលកកំដៅ ព្រោះថា នៅតាម​ទីក្រុង​ដែល​សំបូរ​មនុស្ស​រស់នៅ​ច្រើន អត្រាមរណភាព​ដោយសារ​ខ្យល់ពុលអូហ្សូន និង​ជំងឺកូវីដ នឹងអាច​កើនឡើង​ខ្ពស់​ជាង​គេ។

រលកកំដៅ​លើក​នេះនឹង​ មាន​រយៈពេល​យូរ រហូត​ដល់​ថ្ងៃ​ពុធ​សប្តាហ៍ក្រោយ។ ចំណែក​អាកាសធាតុ​វិញ គឺ​ក្តៅខ្លាំង​ជាង​ឆ្នាំមុន ដល់​ទៅ ៥អង្សាសេ បើប្រៀបធៀប​នឹង​រលកកំដៅ កាលពី​ខែសីហា ឆ្នាំ មុន។ នៅចុង​កំពូល​អគារ​តួអេហ្វែល ក្នុង​ទីក្រុង​ប៉ារីស នាពេល អាធាត្រ គេ​វាស់ឃើញ មានសីតុណ្ហភាព ២៩អង្សា ដែលតាមពិត​អាច​ជា​កំដៅ ថ្ងៃត្រង់ ក្នុង​ខែ​មិថុនា។

អាជ្ញាធរ​បារាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ទ្វេដង ជាមួយ​នឹង​រលកកំដៅ ក្តៅខ្លាំងផង និង​ជំងឺឆ្លងរាតត្បាត​កូវីដ ដែល​កំពុង​ចាប់កំរើក ខ្លាំងឡើងវិញ ជាពិសេស ក្នុង​ចំណោម​យុវជន។

រដ្ឋមន្រ្តី​សុខាភិបាល​បារាំង លោក​Olivier Veran បាន​ទទូចសុំ​ឲ្យ​ប្រជាជន​បារាំង ប្រុងប្រយ័ត្ន និង​មិនត្រូវភ្លេច គម្លាត​សង្គម និង​ការរក្សាអនាម័យ ដើម្បី​កុំឲ្យឆ្លង​ជំងឺកូវីដ។ សម្រាប់​រដ្ឋមន្រ្តី​បារាំង អាកាសធាតុ​ក្តៅស្អុះស្អាប់​ខ្លាំង​មិនមែន​ជា​លេស ដែល​គេ​ត្រូវប្រើ ដើម្បី​ព្រងើយកន្តើយ​មិន​ពាក់ម៉ាស ការពារ​មុខនោះទេ។

ទោះទែរម៉ូម៉ែត្រ​ចង្អុល​កម្រិត​សីតុណ្ហភាព ដល់​៤០​អង្សា ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ធុញថប់ នឹង​ពាក់ម៉ាស​ក្តី អាជ្ញាធរ​បារាំង ក្នុង​ទីក្រុង​ធំៗ​ចំនួន ៥ ដូចជា​ម៉ារសីយ៍ បរដូ ការកាសូន រ៉ែន អាហ្សាស្យូ បាន​ចេញបញ្ជា​ឲ្យ​មនុស្ស​ពាក់ម៉ាស ជាចាំបាច់ នៅ​ទីកន្លែង​សាធារណៈ​បើកចំហ នៅបន្ទាប់​ពី គេ​រកឃើញ​មាន​សំបុក​ឆ្លង ជំងឺ​កូវីដ កាន់តែ​ច្រើន នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ។ តាម​អគ្គនាយកដ្ឋាន​សុខភាព ករណី​ឆ្លងថ្មី​នៃ​ជំងឺកូវីដ​ បាន​កើនដល់ ២២៨៨​នាក់ ក្នុង​រយៈពេល​តែ​មួយថ្ងៃ​សុក្រ។ រដ្ឋាភិបាល បារាំង ដែល​ព្រួយបារម្ភ​ពី​រលកទី២​នៃ​ជំងឺឆ្លងកូវីដ ទើប​បាន​ចេញ​ក្រិត្យ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ចេញ​បញ្ជា​ឲ្យគេ​ពាក់ម៉ាស ជាចាំបាច់ នៅ​ទីកន្លែង​សាធារណៈ បើកចំហរ បន្ទាប់ពី​គេ​សង្កេត​ចំនួន​មនុស្ស​ឆ្លងកូវីដ មាន​នៅតំបន់ ទីក្រុង ដែល មនុស្សម្នារ គិតតែ​ជប់លៀង សប្បាយ ជួបជុំគ្នា ដោយគ្មាន​រក្សា​គម្លាត​សង្គម នៅក្នុងពេល​វិស្សមកាល ក្នុង​រដូវក្តៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ