អានតួអត្ថបទ
ពាក់ម៉ាសចាំបាច់

បារាំង​ចាប់តម្រូវ​ឲ្យ​ពាក់ម៉ាស​នៅ​កន្លែង​សាធារណៈ នៅ​តំបន់​ដែល​ករណី​ឆ្លងកូវីដ កើនឡើង

អាជ្ញាធរ​បារាំង ចាប់ពង្រឹង​វិធានការ​ពាក់ម៉ាស​នៅ​កន្លែង​សាធារណៈ មិនថា នៅ កន្លែង​បិទជិត នៅ​តាមទីវាល នៅតាម​តំបន់​ខ្លះ ដែល​កំពុង​មាន​ការកើនឡើង ករណី​ឆ្លង​ជំងឺកូវីដ។ នៅថ្ងៃ​ចន្ទនេះ នាយករដ្ឋមន្រ្តី​ថ្មី​របស់​បារាំង លោក ហ្សង់ កាស្តិច បាន​ធ្វើដំណើរ​ទៅទីក្រុង លីល ភាគខាងជើង​ប្រទេស​បារាំង ដើម្បី ពិនិត្យ​មើលការអនុវត្ត​វិធានការ​ពាក់ម៉ាស នៅកន្លែង​សាធារណៈ ដែល​ត្រូវ​ចូល​ជា​ធរមាន ចាប់ពីថ្ងៃ​ចន្ទ។ អ្នកដែល​ល្មើស មិន​ព្រមពាក់ម៉ាស តាមការតម្រូវ​របស់អាជ្ញាធរ​នឹង​ត្រូវ​ចាប់ពិន័យ​ឲ្យ​បង់ប្រាក់ ១៣៥អឺរ៉ូ។

អ្នកចូល​ទៅ​កន្លែង​កំសាន្ត​Disney land នៅប្រទេសបារាំង​ត្រូវ​ពាក់ម៉ាស ជាចាំបាច់
អ្នកចូល​ទៅ​កន្លែង​កំសាន្ត​Disney land នៅប្រទេសបារាំង​ត្រូវ​ពាក់ម៉ាស ជាចាំបាច់ REUTERS - CHARLES PLATIAU
ផ្សាយពាណិជ្ជកម្ម

ពី​ការពាក់ម៉ាស​គ្មានប្រយោជន៍ ក្លាយ​ទៅ​ជា​ការពាក់ម៉ាស ចាំបាច់ នៅកន្លែង​សាធារណៈ បិទជិត និង​ចុងក្រោយ គឺ​ការពាក់ម៉ាស​ចាំបាច់​នៅ​តាមផ្លូវ នៅកន្លែងវាល។ រដ្ឋាភិបាល​បារាំង បាន​ផ្លាស់ប្តូរ​ជំហរ បត់បែន ទៅតាម​កាលៈទេសៈ ដែល​ជំងឺកូវីដ​កំពុង​ចាប់កំរើក កើនឡើង វិញ នៅក្នុង​ប្រទេស។ ចាប់តាំង​ពី​ថ្ងៃ​សុក្រ ទី ៣១​កក្កដា រដ្ឋាភិបាល​បាន​ចេញ​ក្រឹត្យ ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​នៅតាម​ទីក្រុង អាច​មាន​សិទ្ធិ ចាប់តម្រូវ​ឲ្យ​មនុស្ស​ពាក់ម៉ាស នៅកន្លែង​សាធារណៈ បន្ទាប់​ពី​សង្កេតឃើញ​ការកើនឡើង​នៃ​ករណី​ឆ្លងជំងឺ​កូវីដ នៅ​តំបន់​មួយចំនួន នៅ​ប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ។ តាម​អាជ្ញាធរ​សុខាភិបាល​បារាំង ករណី​ឆ្លងកូវីដ បាន​កើនឡើង ដល់ ១ពាន់នាក់ ក្នុង​មួយថ្ងៃ ដែល​ជា​ចំនួន​ដ៏ខ្ពស់ មិនធ្លាប់មាន គិតចាប់តាំងពី​ខែ​មេសា​មក។

បន្ទាប់​ពី​តំបន់​Mayenne ​ដែល​តម្រូវ​ឲ្យ​គេ​ពាក់ម៉ាស​នៅកន្លែង​សាធារណៈ អាជ្ញាធរ ទីក្រុង​លីល ភាគខាងជើង ប្រទេស​បារាំង កាលពី​ថ្ងៃ​សុក្រ បាន​ប្រកាស​ចាត់​វិធានការ​ដូចគ្នានេះ ដោយ​តម្រូវ​ឲ្យ​មនុស្ស​ពាក់ម៉ាស នៅ​កន្លែង​សាធារណៈ ដូចជា​នៅតាម​ផ្លូវដើរ​ដែល​សំបូរ​ហាងទំនិញ នៅតាម​ទីក្រុង និង​នៅតាម​សួនច្បារ សួនឧទ្យាន​ដែល​ជា​កន្លែង​សំបូរមនុស្ស​កកកុញ នៅ​រដូវក្តៅ។

ទីក្រុង​លីល ដែល​មាន​ប្រជាជន​ជាង ១លាននាក់ បាន​តម្រូវ​ឲ្យ​មនុស្សម្នា​ពាក់ម៉ាស​ជា​ចាំបាច់ នៅតាម​ទីវាល បន្ទាប់​ពី​សង្កេតឃើញថា អត្រា​មនុស្ស​ឆ្លង​នៅ លីល បាន​កើនឡើង សឹង​ទ្វេ​ដង បើប្រៀបធៀប​នឹង​សប្តាហ៍កន្លងទៅ ពោល​គឺ ពី ១៧នាក់ ទៅ ៣១​នាក់ នៃចំនួន មនុស្ស ១សែននាក់។ ៣១​នាក់ នៃ​១សែននាក់​ជាអត្រា​ខ្ពស់ ឈានទៅរក​អត្រា​ប្រកាស​អាសន្ន (ដែលគេកំណត់​ត្រឹម​៥០នាក់)។ សម្រាប់​អាជ្ញាធរ​ក្រុង​លីល វិធានការ​តម្រូវ​ឲ្យ​ពាក់ម៉ាស​ជាចាំបាច់​នៅកន្លែង​សាធារណៈ ដែល​បើកចំហ ដូចជា​នៅ​សួនច្បារ​ជាដើម ធ្វើឡើង ដើម្បី ជៀសវាង​កុំ​ឲ្យ​មាន​ការឆ្លងជំងឺ​កូវីដ​ខ្លាំង ដែល​នឹងអាច​ឈាន​ទៅ​បិទទីក្រុង​សាជាថ្មី។ វិធានការ​របស់​អាជ្ញាធរ​មាន​សុពលភាព​រយៈពេល​១ខែ និង​អាច​ពន្យារពេល បើសិន​ចាំបាច់ ចំណែក​អ្នកដែល​ល្មើស មិនព្រមពាក់ម៉ាស នៅ​កន្លែង​សាធារណៈ នឹង​ត្រូវ​ចាប់ផាក​ពិន័យ ឲ្យ​បង់ប្រាក់ ១៣៥អឺរ៉ូ។

លោកនាយករដ្ឋមន្រ្តី​បារាំង ហ្សង់ កាស្តិច បាន​ធ្វើដំណើរ​ទៅ​ដល់​ទីក្រុង​លីល ជាទី​ដែល​វិធានការ​ពាក់ម៉ាស ជាចាំបាច់ នៅ​កន្លែង​សាធារណៈ នៅទីវាល ចាប់ចូល​ជា​ធរមាន នៅ​ថ្ងៃ​ចន្ទនេះ។ បន្ទាប់ពី​ស្តាប់​របាយការណ៍​នៃ​ស្ថានភាព​ជំងឺ​កូវីដ ប្រមុខ​រដ្ឋាភិបាលបារាំង ត្រូវធ្វើ​ទស្សនកិច្ច នៅ រោងចក្រ ផលិត​ម៉ាស ដ៏សំខាន់​មួយ របស់​ទីក្រុង​លីល ដែលល្បីល្បាញ​ខាង​ឧស្សាហកម្ម វាយនភណ្ឌ។ ចាប់តាំង​ពី​កើតមាន​វិបត្តិកូវីដ រដ្ឋាភិបាល​បារាំង បាន​ត្រលប់​ទៅ​ជំរុញ ការផលិត​ម៉ាស​ក្នុង​ស្រុក ជាអាទិភាព ដើម្បី ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក កុំ​ឲ្យ​មានការខ្វះខាត និង​ត្រូវ​រត់ទៅ​ទិញ ពីស្រុកចិន ដូច​កាលពី មុនទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ