អានតួអត្ថបទ
ន័រវែស-អាកាសធាតុ

អាកាសធាតុ ៖ តំបន់​បូលឡើង​កម្តៅ​សីតុណ្ហភាពខ្លាំង ស្ទើរ​បំបែក​កំណត់ត្រា​ចាស់​

មានកំណត់ត្រា​ថ្មី ! មេឃ​ក្តៅណាស់ ក្តៅខ្លាំង​​ជ្រុលបន្តិច​ផង។ តាំង​ពីថ្ងៃសៅរ៍​រហូត​ដល់​ថ្ងៃ​ចន្ទ​ទី ២៧​កក្កដា​២០២០​នេះ សីតុណ្ហភាព​នៅ​តំបន់​ភាគ​ខាង​ជើង​បំផុត​ប្រទេសន័រវេស បាន​ឡើង​ខ្ពស់​ខ្លាំង មិន​ធ្លាប់​ជួប​ប្រទះ​ឡើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩មក​។ ​និយាយ​ជា​រួម សីតុណ្ហភាព​តំបន់​ប៉ូល​អាកទិក​ទាំង​មូល​ ​បាន​ឡើង​ខ្ពស់ លើស​កម្រិត​កម្តៅ​ធម្មតា​ គ្រប់​រដូវ​ទាំង​អស់។

របាយការណ៍​បង្ហាញ​ថា​សីតុណ្ហភាពនៅតំបន់ប្រជុំកោះនេះន័រវេសនឹងអាចកើនឡើងជាមធ្យមប្រមាណពី ៧ ទៅ១០អង្សា ពីពេលនេះដល់ដំណាច់សតវត្សរ៍
របាយការណ៍​បង្ហាញ​ថា​សីតុណ្ហភាពនៅតំបន់ប្រជុំកោះនេះន័រវេសនឹងអាចកើនឡើងជាមធ្យមប្រមាណពី ៧ ទៅ១០អង្សា ពីពេលនេះដល់ដំណាច់សតវត្សរ៍ STAN HONDA / AFP
ផ្សាយពាណិជ្ជកម្ម

សម្រាប់បណ្តាជនរស់នៅ​តំបន់អឌ្ឍគោល​ខាង​ជើង ពេល​និយាយ​អំពី​រដូវ​ក្តៅ គេ​គិត​ឃើញ​ភ្លាម​ដល់​វិស្សមកាលនិងពន្លឺព្រះ​អាទិត្យ ប៉ុន្តែ​ក៏​ជា​សញ្ញាអាសន្ន​ប្រាប់អំពី​បម្រែបម្រួល​អាកាសធាតុ​ ថា​សីតុណ្ហភាព​នៃ​ភព​ផែនដីកំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័សដែរ។

ជាក់ស្តែង​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេសន័រវេស ត្រង់​ប្រជុំ​កោះ Svalbard ឬ Spitzberg សីតុណ្ហភាព​បាន​ឡើង ​ដល់​​ ២១,២អង្សា តាំង​ពី​សៅរ៍​ទី ២៥កក្កដា​មក និង​រហូតមកទល់​ថ្ងៃ​ចន្ទ​នេះ​ទៀត ពោល​គឺ​ស្ទើរ​ស្មើ​នឹង​កម្រិត​​សីតុណ្ហភាព​ដ៏​ខ្ពស់​បំផុត​ក្នុង​កំណត់ត្រា​ (២១,៣អង្សា)។ តំបន់​ធ្លាប់​ជួប​ករណី​​សីតុណ្ហភាព​ឡើង​ខ្ពស់​បែបនេះម្តង កាលពី​ឆ្នាំ​១៩៧៩។ តាម​ធម្មតា ក្នុង​ខែ​កក្កដា​ សីតុណ្ហភាព​នៅ​តំបន់ប្រជុំ​កោះ​​ន័រ​វែស​ដែលស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​១០០០គីឡូម៉ែត្រ​ពី​ចំណុច​ប៉ូលខាងជើង​ មាន​កំរិត​ប្រែប្រួល​ត្រឹមពី ៥ទៅ៨អង្សា​ តែ​ប៉ុណ្ណោះ។

ការ​ឡើង​កម្តៅ​ខ្លាំង​បែប​នេះ នឹង​ជះ​ផលវិបាក​អាក្រក់​ខ្លាំង​ណាស់​ទៅ​លើ​​ជីវិត​សត្វខ្លាឃ្មុំ​នៅ​តំបន់​ប៉ូល និង​មនុស្ស​ជាតិណាស់ បើគិត​ក្នុង​រយៈ​ពេល​វែង។ តែ​កម្តៅ​សីតុណ្ហភាពហាក់​គ្មានថ្ងៃ​ចុះថយ​ទេ។ ​របាយការណ៍​ផ្លូវការរបស់​ន័រវែសClimate in Svalbard 2100 ​បាន​ព្យាករ​ថា សីតុណ្ហភាព​នៅ​តំបន់​ប្រជុំ​កោះ​នេះ​នឹងអាច​​​កើន​ឡើង​ជាមធ្យម​ប្រមាណពី​ ៧ ទៅ​១០អង្សា ពីពេលនេះដល់​ដំណាច់​សតវត្សរ៍ (២០៧០-២១០០) បើ​ប្រៀប​ធៀប​ទៅនឹងសតវត្សរ៍មុន​ ក្នុង​រយៈ​ពេលដូច​គ្នា​ពី​ឆ្នាំ​១៩៧០-២០០០​។ ការប្រែប្រួលអាកាសធាតុ​ បានស្តែងឱ្យ​ឃើញ​ស្រាប់​ហើយ។ ពី​ឆ្នាំ​១៩៧១-២០១៧ កម្តៅ​សីតុណ្ហភាព​បា​ន​កើន​ឡើង​ប្រមាណ​៣-៥​អង្សា។ នេះ​បើ​តាម​របាយការណ៍​ន័រវែស​ដដែល។

គ្រប់អ្នកវិទ្យាសាស្ត្រ​សុទ្ធ​តែបាន​ដឹង​ជា​ទូទៅថា តំបន់​ប៉ូល​អាកទិក​ ឡើង​កម្តៅ​លឿន​ជាង​ផ្នែក​ផ្សេង​នៃ​ភពផែនដី។ ប៉ុន្តែ​រដូវ​ក្តៅឆ្នាំ​នេះ បានបង្ហាញ​ភស្តុតាង​ថ្មី និង​បំផុស​ឱ្យ​មានក្តី​ព្រួយ​បារម្ភ​កាន់​តែខ្លាំង​ជា​ពិសេស​ថែម​ទៀត ៖ តំបន់​ប៉ូល បានស្គាល់​បាតុភូតរលក​កម្តៅហួតហែង​​ខ្លាំង មួយរយៈ​ខ្លី ឬវែង​ មួយសាៗ ដោយ​ដុបៗ ជាពិសេស​នៅ​តំបន់ប៉ូល​គ្រប់​គ្រងដោយ​រុស្ស៊ី។ ​ អ្នក​វិទ្យាសាស្ត្រ បាន​សម្គាល់​ឃើញទៀត​ថា នៅ​ពេលក្តៅ​ខ្លាំងមែនទែន ​សីតុណ្ហភាពនៅ​តំបន់​ប៉ូល​ខាងជើង បាន​ឡើងដល់​ទៅ ៣៨អង្សា​។

នៅ​តំបន់​ស៊ីបេរី សីតុណ្ហភាព​ឡើង​ខ្ពស់​ជាងកម្រិត​កម្តៅ​ធម្មតា ចំនួន ៥អង្សា ជាមធ្យម តាំង​ពី​ខែ​មករា ឆ្នាំ​២០២០មក។ ជាផលវិបាក ផ្ទាំង​ដីដែលកករឹង នៅ​តំបន់នេះ អាច​នឹង​ត្រូវ​រលាយ​កាន់តែលឿន។ ការរលាយ​ផ្ទាំង​ដី​កក ធ្លាប់​បង្ក​ការ​ហិនហោចជាសម្ភារៈ​ ​ច្រើនមក​ហើយ ​ដូច​ជា​ធ្វើ​ឱ្យ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អាច​ជា​គំរាមកំហែងបរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​ទៀត នេះបើ​តាម​អ្នកវិទ្យាសាស្ត្រ។ ផ្ទាំង​ដីកក​រឹង​នៅ​តំបន់​ប៉ូល ជា​កំណប់​រ៉ែធ្យូងថ្ម​​ដែលជា​ប្រភព​​បញ្ចេញ​​ឧស្ម័នកាបូនិក ដ៏មហិមារ​ និង​ដែល​​ ជា​តំណាង​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​អាកាសធាតុ​ និងចំពោះ​សុខភាព​មនុស្សជាតិ​ទាំង​ឡាយ។ ម្យ៉ាងវិញ​ទៀត​​ផ្ទាំងដីកក​នោះ​ក៏​មានខ្ទប់វីរុស និង​បាក់តេរី ដ៏​ច្រើន​សន្ធឹកសន្ធាប់ទៀត​ណាស់។ នៅ​ពេល​ណា​ផ្ទាំង​ដី​នោះ​រលាយ​ បរិស្ថាន​រងការ​បំពុល​ហើយ​ បាក់តេរី​និង​វីរុសអាច​នឹងចេញ​មកចម្លង​លើមនុស្ស​សត្វរុក្ខជាតិគ្រប់​បែបយ៉ាងបាន​ទៀត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ