អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

មិន​ចូល​សាលា​យូរ តើ​អាច​បង្ក​ផលវិបាក​យ៉ាងណា​ខ្លះ​សម្រាប់​កុមារ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផលវិបាក​មាន​ច្រើន ៖ ស្ត្រេស ឡើង​ទម្ងន់ កំណើន​វិសមភាព​និងអំពើ​ហិង្សា​ក្នុងគ្រួសារ ... ការ​បិទ​សាលា​ដោយ​បង្ខំ​ ដើម្បីទប់ស្កាត់​ការរាតត្បាតនៃ​ជំងឺ​កូវីដ១៩ អាច​នឹង​បង្ក​ឱ្យ​មានផលមិន​ល្អ​ច្រើន​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់កុមារ។ ផលវិបាកខ្លះ​អាច​បន្សល់ទុក​ស្នាម​រយៈ​ពេល​យូរ។ អ្នក​វិទ្យាសាស្ត្រ​និង​ជំនាញ​បារាំង​កាន់​តែច្រើនឡើងៗ បានអំពាវនាវ​ឱ្យ​បើក​សាលា​និង​បន្ធូរបន្ថយ​វិន័យ​សុវត្ថិភាព​ចំពោះកុមារ។

សិស្សសាលាបារាំង​លាង​ដៃ​មុន​ចូល​រៀន
សិស្សសាលាបារាំង​លាង​ដៃ​មុន​ចូល​រៀន REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩ បាន​បង្ខំឱ្យ​អាជ្ញាធរ​ បិទ​ប្រទេស​ បង្ឃាំង​ប្រជាពលរដ្ឋ​ឱ្យ​នៅក្នុង​ផ្ទះ​ និង​ បិទ​សាលារៀន។ ការ​បិទ​ទ្វារសាលា ទោះ​បី​ជា​តែមួយ​រយៈ​ក៏​ដោយ ក៏បង្ក​ឱ្យ​មានការ​ខាតបង់​សង្គម​និងសេដ្ឋកិច្ច​យ៉ាង​ខ្លាំង​។ ភាពរំខាននេះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋគ្រប់​ស្រទាប់​វណ្ណៈ ប៉ុន្តែ​ ​កុមារនិង​គ្រួសារ​​ក្រីក្រ រង​ផល​ប៉ះពាល់​​​ខ្លាំង​ជាង​គេ​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រុមអ្នក​ជំនាញ និងវិទ្យាសាស្ត្រ​សុខាភិបាល​បារាំង កាន់​តែ​ច្រើន​ឡើង បាននាំគ្នា​ចេញ​សេចក្តី​អំពាវនាវ​ ឱ្យ​រដ្ឋាភិបាល​គីត​គូរ​បើកសាលា​រៀន​ឡើង​វិញ​ឱ្យ​បាន​កាន់​តែ​ឆាប់។ ជាមួយ​នឹង​ភស្តុតាង​វេជ្ជសាស្ត្រ​ជា​ច្រើន បង្ហាញកាន់​ច្បាស់ឡើងៗ​ថា​កុមារ​​មិនសូវ​ឆ្លង និង​មិនសូវ​​ចម្លង​មេរោគ​កូរ៉ូណា​ថ្មី​ ដូច​មនុស្ស​ចាស់ គណៈកម្មការ​វិទ្យាសាស្ត្រ​បារាំង​ទើប​បាន​ចេញ​អនុសាសន៍​ នៅ​ថ្ងៃសៅរ៍​ទី ៦មិថុនា យល់​ព្រម​ឱ្យ​អាជ្ញាធរ​បន្ធូរ​បន្ថយ​វិធានការ​រក្សា​សុវត្ថិភាព​សុខភាព​កុមារ​នៅ​តាមសាលារៀន ដើម្បី​បើក​ឱកាសឱ្យ​ក្មេង​បាន​ចូល​សាលា​រៀនវិញ​ តាមធម្មតា និង​ ជំនះ​ភាពភ័យ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​បាន។

តាំ​ងពី​ថ្ងៃទី ១៦​មីនា ២០២០​មក ជីវិត​ប្រចាំ​ថ្ងៃ​កុមារ នៅ​​ជាង​កន្លះ​ផែន​ដី បាន​ប្តូរ​ផ្លាស់​។ ក្មេងមិន​អាច​ចេញក្រៅ​រត់​លេង​ជាមួយ​ក្មេង​ដទៃ  ឬ​ជួប​ប្រលែង​ជាង​ជាមួយ​ពួក​ម៉ាក​ មិន​ទៅ​សាលា​តែ​ត្រូវ​រៀន​នៅ​ផ្ទះ​តាម​ការ​បង្រៀន​ពី​ចម្ងាយ​ឬ​តាម​អនឡាញ ឬ​ត្រូវ​រៀន​តាម​សមត្ថភាពនិង​លទ្ធភាព​របស់​​គ្រួសារ។ ចំណែក​ឪពុកម្តាយ ដែល​ត្រូវ​នៅ​ជាប់​ជា​ប្រចាំ​ជាមួយ​កូនៗ​ក្នុង​ផ្ទះ មិនមែន​មានស្ត្រេស​ខ្លាច​ជំងឺ​កូរ៉ូណា​ថ្មី​តែមួយ​មុខ​ទេ តែ​ស្ត្រេស​នឹង​ការងារ​ដែល​ត្រូវបំពេញ​ពីចម្ងាយ​(អនឡាញ​)ផង ស្ត្រេស​ខ្លាច​​ភាព​អត់​ការងារធ្វើ​ផង ស្ត្រេសខ្លាច​​ការ​ថយ ឬបាត់បង់​លែង​ប្រាក់​ចំណូល​ទៀត។

ការ​ប្តូរផ្លាស់​របៀប​របប​រស់​នៅ​យ៉ាង​ភ្លាមភ្លែតដោយ​គ្មានការគ្រោង​ទុក​បែប​នេះ អាច​ជះ​ឥទ្ធិពល​អាក្រក់​ លើ​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវកាយ​យ៉ាង​ខ្លាំង ក្នុង​ពេលភ្លាមផងៗ និង​ទៅ​ថ្ងៃ​ក្រោយយូរ​ទៀត​ផង។ ឥទ្ធិពល​អាក្រក់​លើ​សុខភាព​ផ្លូវចិត្ត​និង​ផ្លូវកាយ​អាច​បន្សល់​ទុក្ខ​នូវ​ផលវិបាក​កាន់​ខ្លាំង​ចំពោះ​កុមារ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​យ៉ាប់យឺនស្រាប់។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ភ្នាក់ងារ​សុខាភិបាល​ជាតិ​បារាំង នៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៤ ឧសភា ២០២០។

ហានិភ័យ​ឡើង​ស្ត្រេស ឡើង​ទម្ងន់

ជាប់​បង្ឃាំង​យូរ រស់​ក្នុងភាព​ភ័យ​ខ្លាចឆ្លង​​ជំងឺ​រាតត្បាត​ ភាព​ធុញថប់តប់ប្រមល់ ខ្វះ​ការ​ប្រាស្រ័យ​ជួប​ទាក់ទង​ជាមួយ​មិត្ត ជាមួយ​ភក្តិ និងជាមួយ​គ្រូបង្រៀន ​នៅ​ក្នុង​ផ្ទះ​តែ​គ្មានកន្លែងណា​​ជា​របស់ផ្ទាល់​​ខ្លួន​ គ្រួសារ​បាត់​បង់​ចំណូល​ទៀត ... មានមូលហេតុ​ច្រើន​ដែល​ជា​កត្តា​នាំ​ឱ្យ​ក្មេង​អាច​មាន​ស្ត្រេសក្នុង​ពេល​ជាប់​បង្ឃាំង ឬ​​នៅ​តែ​ផ្ទះ។ ហើយ​បើ​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ស្ត្រេសនេះ ជា​ផលវិបាក​ដែល​អាច​នៅ​ជាប់​ក្នុង​ខ្លួនកុមារ​និង​ក្មេង​ជំទង់​យូរ​អង្វែង​ទៅ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​ភ្នាក់ងារ​សុខភាព​សាធារណៈ​​ជាតិ​បារាំង។

នៅ​ពេលមិន​ទៅ​សាលាយូរ ក្មេង​អាច​ប្រឈម​នឹង​គ្រោះ​សុខភាព​ខ្លាំង។ ជា​ឧទាហរណ៍​ក្នុង​អំឡុង​ពេលវិស្សមកាល​ធំ ពីរ​ខែ ភ្នាក់ងា​រសុខភាព​សាធារណៈបារាំងសង្កេតឃើញ​ថា ក្មេង​មិន​សូវ​បញ្ចេញ​សកម្មភាពផ្នែក​កម្លាំង​កាយ​សម្បទាទេ តែ​ងប់​ជក់​នឹង​អេក្រង់​ច្រើន​ ចូល​គេ​ង​មិនទៀង​ទាត់ ព្រមទាំង​ញ៉ាំ​នំ​ឥត​ដាច់​។ បើ​ជា​គ្រួសារក្រីក្រ ខ្វះ​ការយល់ដឹង​​ស្តី​អំពី​របប​និង​គុណភាព​ចំណីអាហារ​ទៀត ពួកគេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ចំណី​អាហារ​មួយ​ទៀត។ ជា​លទ្ធផល​ ក្មេង​​ឡើង​ទម្ងន់។ ការ​បិទ​សាលា​ដោយ​ហេតុ​វិបត្តិកូវីដ ជិត​បី​ខែ​នេះ នឹង​ផ្តល់លទ្ធផល​ដូច​គ្នា ហើយ​អាច​កាន់តែអាក្រក់​ជាង​ពេល​ឈប់​វិសមកាល​ធម្មតា​ទៅ​ទៀត ព្រោះក្មេង​មិនអាច​ចេញ​រត់​លេង​ក្រៅ​ ​ក្នុង​សួនសាធារណៈ​​បានផង ឬគ្មានកន្លែង​​រត់​លេផង​ដោយ​ផ្ទះ​តូច​ចង្អៀត​គ្មាន​ដី​វាល។

បើ​តា​ម​រដ្ឋ​បណ្ឌិត​សភា​វេជ្ជសាស្ត្រ​បារាំង ហានិភ័យ​នៃការ​មានគ្រោះថ្នាក់​នៅផ្ទះ កើន​ខ្ពស់​ពេល​កុមារ​ត្រូវ​នៅ​តែផ្ទះ។ បើ​ឪពុកម្តាយ និង​អាណាព្យាបាល ​​ធ្វេសប្រហែល តែ​បន្តិច​កូនជួប​គ្រោះ​ភ្នែក​។ ក្នុង​ពេល​ត្រូវ​ធ្វើ​ការ​ធ្វើ​ចម្ងាយ​ផង ត្រូវ​មើល​ចូល​ជាប់​ជា​ប្រចាំ​ពេញមួយ​ មួយយប់​ផង ម្តាយ​ឪពុក​ងាយ​នឹង​របូត​ភាព​ប្រយ័ត្ន​ប្រយែង​មើល​កូន​ណាស់។ គ្រោះ​ថ្នាក់​ដែល​គេ​ជួប​ញឹកញយ​ជាង​គេ គឺ​ការ​ដួល រលាក ឆក់ ឈ្លក់​ទឹក លេប​វត្ថុ​មិនគួរ ឬ​លេប​អាល់កុលលាង​ដៃ ដែល​ជា​ផលិតផល​កំពុង​ពេញនិយម​ក្នុង​សម័យ​កូរ៉ូណា ជា​ដើម។ល។

និន្នាការគេចសាលា

ផ្ទុយ​ពី​គំនិត​ដែល​ធ្លាប់​គិត ផ្ទះ​មិន​ជា​កន្លែង​មាន​សុវត្ថិភាព​បំផុត​ឡើយ។​ សម្រាប់កុមារ​ខ្លះ ផ្ទះ​គឺ​ជា​ទីកន្លែង​ដែល​ពួកគេ​ត្រូវ​ប្រឈមនឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ក្នុង​ពេល​ជាប់​បង្ឃាំង​កូវីដ អំពើ​ហិង្សាក្នុង​គ្រួសារ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ ជាក់ស្តែង​នៅ​ប្រទេស​បារាំង​កំណើន​អំពើ​ហិង្សា​មាន​ដល់​៨៩% ក្នុងរយៈ​ពេល​ដូច​គ្នាបើ​ប្រៀប​ទៅឆ្នាំ២០១៩។ ជីវិត​គូ​រង​ភាព​ប្រេះ​ឆា​ និង​ហិង្សា កុមារ​ក៏​ត្រូវ​រង​ទុក្ខ​ទៅ​តាម​នោះ ដោយ​មិន​គិត​រាប់​អំពីអំពើ​ដែលអាច​កើត​លើ​រូប​ក្មេង​នោះ​ផ្ទាល់​តែម្តង​ផង។

គ្រួសារ​កាន់​តែ​ផុយ​ស្រួយ មានវិបត្តិ​ផ្ទៃក្នុង និង​វិបត្តិ​សេដ្ឋកិច្ច លក្ខខណ្ឌរស់នៅក្នុង​ផ្ទះមិន​អំណោយ​ផល កុមារ​កាន់​តែរងងាយ​រងគ្រោះ និងជួបការលំបាក​ក្នុង​សិក្សា រៀន​លែងទាន់គេ ហើយ​អាចលេស​នាំពួកគេខ្លាចសាលា​ លែង​ចង់​ចូល​រៀនវិញ។

ចំពោះ​គ្រួសារ​ទូទៅ​វិញ ក៏​មិនប្រសើរ​ប៉ុន្មានដែរ។ ហានិភ័យ​កូវីដ១៩​បាន​រុញច្រានពិភពលោកចាត់​ទុក​បញ្ហា​​ផ្សេង​ៗទៀត​​ជារឿង​​បន្ទាប់​បន្សំ​ទាំង​អស់ សូម្បី​តែ​​ការសិក្សា​អប់រំ។ តាំងពី​ដើមមក គ្រប់​ភ្នាក់ងារ​តែង​ណែនាំ​និង​ផ្តល់​អនុសាសន៍​ឱ្យឪពុក​ម្តាយ​គ្រប់រូប​ប្រុង​ប្រយ័ត្ន​និង​ចេះ​គ្រប់គ្រង​ទទួល​ខុស​ត្រូវកូន​ខ្លួន​ឯង​​ការ​ប្រើប្រាស់​អេក្រង់ ទូរស័ព្ទ​ដៃ ... តែពេល​នេះ បម្រើបម្រាស់​ស្មាតហ្វូន អ៊ីនធ័រនែត បាន​ហូរ​ជាគំហុក ព្រោះ​វិបត្តិ​កូវីដ ការ​បិទ​សាលា​បាន​ជំរុញ​ពិភពលោក​ជ្រើសរើស​ការ​បង្រៀន តាមអនឡាញ។ គ្មានការណែនាំ​រំលឹក​ឪពុកម្តាយឱ្យ​ប្រុងប្រយ័ត្ន​នឹង​ការ​ប្រើប្រាស់​ហើយ ​គេថែម​ទាំង​​លែងចង់​និយាយ​សោះ​អំពី​ហានិភ័យ​នៃ​អេក្រង់​ចំពោះ​សុខភាព​កុមារ។

ស្មាតហ្វូន​ក្លាយ​ជា​អ្នក​មើលក្មេង!

រវល់ធ្វើការ​ផង​ ត្រូវ​ធ្វើ​ម្ហូប​ទទួល​ទាន​បី​ពេល​ផង បោសសម្អាត​ផ្ទះ​ ហើយ​ត្រូវ​ធ្វើ​មើល​កូនទៀត ពិត​ជា​រត់​មិនរួច​ឡើយ។ បើ​មិនដាក់កូនឱ្យ​មើល​ស្មាតហ្វូន​ទេ​នោះ កូន​ច្បាស់​ជាមិនអាចនៅស្ងៀមបានយូរ​ឡើយ។ ការ​សិក្សា​ជាក់​ស្តែង​បាន​បញ្ជាក់ថា ក្នុង​រយៈ​ពេលនៅ​តែ​ផ្ទះ​នេះ ក្មេង​នៅមុខ​អេក្រង់​ច្រើន​ជាង​ទម្លាប់​ពី​មុន​ឆ្ងាយណាស់ និង​ជា​ទូទៅ​តែម្តង​មិនថា​នៅក្នុង​គ្រួសារ​ណា​ទេ។

សូមកុំយកទូរស័ព្ទ​ស្មាតហ្វូន មកធ្វើ​ជា​អ្នកយាម​កូន​ឱ្យ​សោះ។ កុមារ​ក្រោមអាយុ​បី​ឆ្នាំ ជា​អាយុ​ពេញលូតលាស់ខ្លាំងណាស់​ ពី​មួយ​ខែ​ទៅមួយខែ។ បើកុមារ​នៅមុខ​អេក្រង់​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ នោះ​កុមារ​នឹង​អាច​មាន​វិបត្តិ​អាក្បករិយា និង​ចង្វាក់​ដំណេក​។ កុមារខ្លះទៀត​អាច​ជួប​វិបត្តិ​ធ្ងន់ធ្ងរខ្លាំង ដូច​ក្រចេះនិយាយ​ស្តី ក្រ​ចេះក្រដឹងនូវ​អ្វី​ដែល​ដល់អាយុ​ត្រូវ​ចេះ និងគ្មាន​ប្រតិកម្ម​​ផ្នែក​ទំនាក់ទំនង​ជាមួយ​មនុស្សដទៃ​ទេ ពោល​គឺ​ប្រៀប​ដូច​ជា​ក្មេង​ដែល​មាន​រោគ​អូទិស្ម​យ៉ាង​ដូច្នោះ។

ហានិភ័យ​ទីពីររបស់ស្មានហ្វូន ចំពោះក្មេងធំ។ រូបភាពខ្លះ​គ្មានឥទ្ធិពល​ចំពោះមនុស្សចាស់​ទេ តែ​អាច​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ធ្វើឱ្យ​កុមារ​និងក្មេងអាច​ធ្លាក់ក្នុង​កង្វល់​និងការភ័យ​ខ្លាច។ ព័ត៌មា​ន​ស្តីពី​កូរ៉ូណាវីរុស ខ្លះ មិន​គួរ​បណ្តោយ​ឱ្យ​ក្មេង​ចូល​រួម​ស្តាប់​និង​មើល​ជា​មួយ​ទេ។ នេះម្យ៉ាង។ ម្យ៉ាង​ទៀត បើ​ក្មេ​ងនៅមុខ​ស្មានហ្វូន​ និងអ៊ីនធ័រនែត​ច្រើន ហានិភ័យ​ជួប​មើលរូប​ភាព​ហិង្សា​អាភាស​ក៏​ច្រើន។ បើមាន​បញ្ហា​ផ្លូវចិត្ត​ស្រាប់​ នោះ​ក្មេង​នឹង​ងាយ​ធ្លាក់​ក្នុងវិបត្តិរោគ​ចិត្ត​ ឬ​ក៏​ធ្វើ​ឱ្យ​ជំងឺ​មាន​ស្រាប់កាន់តែធ្ងន់ធ្ងរ។

ជា​ចុងក្រោយ​គឺ​ស្មានហ្វូន​បំពុល​ដំណេក។​ មិន​ទៅ​សាលា លែ​ង​មាន​ពេលម៉ោង​កាលវិភាគ​ត្រឹមត្រូវ ប្តូរ​ទម្លាប​ចង្វាក់​ការងារ ចូលគេ​ង​យប់​ជ្រៅ​ ឬដាច់យប់​ព្រោះ​រវល់ជាប់​នឹងអ៊ីនធ័រនែត គេងមិនគ្រប់គ្រាន់ ឆ្នាំ​លែង​ឆ្ងាញ់ ដល់វ័យ​ជំទង់​ផង អារម្មណ៍ធុញថប់​និងមួរមៅ ក្លាយ​ទៅជាការធ្លាក់​ទឹក​ចិត្ត កាច​ និង​លែង​សូវ​មាន​ទំនាក់ទំនងនឹងគ្រួសារ​បងប្អូន។

បើ​តាម​អ្នក​ជំនាញ ការ​បិទ​ខ្ទប់ និង​បិទ​សាលា​យូរកាលណា ផលវិបាក​មាន​កាន់​តែធ្ងន់ធ្ងរ​ខ្លាំង​ទៅ​តាម​នោះ​។ ក្មេង​ជំទង់​ដែលកំពុង​ស្ថិត​ក្នុង​វ័យ​ពិបាក​និយាយ​ស្រាប់​ផង កាន់​តែ​ងាយ​មានគម្លាត​សង្គម​ និង​អា​ច​នាំ​ទៅដល់​​ស្ថានភាព​ដ៏​ព្រួយ​បារម្ភ​ ប្រសិនបើ​ពួក​គេ​មិន​អាច​តោ​ង​ការ​សិក្សា​ជាប់។

ក្មេង​ មិនគួរ​ណា​ក្លាយ​ជាជន​រងគ្រោះមិន​ផ្ទាល់ពី​ជំងឺកូវីដ​​១៩ ដូច​​ជីដូនជីតា ដែល​ជា​ជនរងគ្រោះផ្ទាល់​នៃ​រោគរាតត្បាតកូរ៉ូណា​ថ្មីនេះ​ឡើយ។ គេមិន​គួរ​ធ្វេសប្រហែល​ចំពោះ​ផលវិបាក​នៃ​ការ​បិទខ្ទប់ទៅ​លើ​សុខភាព​ផ្លូវចិត្ត និង​រាង​កាយ របស់​ក្មេងតូច ក្មេងធំ ក្មេង​វ័យ​ជំទង់​ឡើយ។ ត្រូវ​តែ​គិតគូរ​បើក​សាលា​ នាំ​ជីវិត​ក្មេង​ទៅ​រក​ភាព​ធម្មតា​ឡើង​ឱ្យ​បានឆាប់​រហ័យ ព្រោះ​ទិន្នន័យ​សិក្សាចុងក្រោយ​បាន​បញ្ជាក់​ហើយ​ថា​ ហានិភ័យ​សង្គម​ ធ្ងន់ធ្ងរ​ជាង​ហានិភ័យ​វីរុស​ ឆ្ងាយ​ណាស់​ចំពោះ​ក្មេង។

ត្រូ​វ​ធ្វើ​យ៉ាង​ណា​ជួយ​ក្មេង​គ្រប់​វ័យ​ ឱ្យ​វិល​មក​ប្រកាន់​ទម្លាប់​ល្អ ចេះ​គ្រប់គ្រងពេលវេលា ដឹង​ម៉ោង​រៀន ម៉ោង​គេង ម៉ោង​ងើប​ ... ទាន់​នៅ​អាច​ប្តូរ​ផ្លាស់​ស្ថានការណ៍​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ