អានតួអត្ថបទ

អង្គការសុខភាពពិភពលោកចេញ​កែតម្រូវ ពាក្យអះអាងដែលថា ការឆ្លងកូវីដពីអ្នកគ្មានរោគសញ្ញា ជា “ករណីកម្រ”

អ្នកទទួល​​ខុស​ត្រូវ​ជាន់ខ្ពស់​អង្គការសុខភាព​ពិភពលោក​ម្នាក់​បានចេញមុខ​កែតម្រូវ​នៅ​ថ្ងៃ​អង្គារទី ០៩ ​មិថុនា​នេះ ចំពោះ​ពាក្យ​អះអាង​របស់​ខ្លួន​ដែល​ថាការ​ឆ្លង​កូវីដ​ពី​អ្នកគ្មានរោគ​សញ្ញាជា “ករណី​កម្រ”។ អ្នកស្រី ម៉ារីយ៉ា វ៉ាន់កែខូវេ Maria Van Kerkhove ដែលជា​អ្នកទទួល​ខុស​ត្រូវ​​​បច្ចេកទេស​ទទួល​បន្ទុក​ចាត់​ចែង​រោគរាតត្បាត បានពន្យល់​ថា អ្នកស្រី​​បាន​​ប្រើ​ពាក្យ​ “ករណីកម្រ” គឺចង់​សំដៅ​ថា ការ​សិក្សា​អំពីការចម្លងកូវីដ​ពី​អ្នក​គ្មានរោគ​សញ្ញា​ មាន​តិច​តួច។

អង្គការសុខភាពពិភពលោកពន្យល់និងកែតម្រូវជុំវិញ ការអះអាងថា ការឆ្លងកូវីដពីអ្នកគ្មានរោគសញ្ញា ជា “ករណីកម្រ”
អង្គការសុខភាពពិភពលោកពន្យល់និងកែតម្រូវជុំវិញ ការអះអាងថា ការឆ្លងកូវីដពីអ្នកគ្មានរោគសញ្ញា ជា “ករណីកម្រ” GETTY IMAGES NORTH AMERICA/AFP/File
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​សន្និសីទ​កាសែត​តាមវីដេអូខុនហ្វេរិន អ្នកស្រី ម៉ារីយ៉ា វ៉ាន់កែខូវេMaria Van Kerkhove អ្នក​ទទួល​ខុស​ត្រូវ​បច្ចេកទេស​ទទួល​បន្ទុក​គ្រប់​គ្រងរោគរាតត្បាតរបស់​អង្គការសុខភាពពិភពលោក បានប្រកាស​ថា “យោល​តាម​ការសិក្សានៅ​ក្នុង​ប្រទេសជាច្រើន​ ការ​ឆ្លង​ជំងឺកូវីដ​ពី​អ្នក​គ្មាន​រោគ​សញ្ញា​ទំនង​ជា​ករណី​កម្រណាស់។ អង្គការ​សុខភាព​ពិភពលោក​កំពុង​ព្យាយាម​ប្រមូលព័ត៌មាន​បន្ថែម​ច្រើន​ទៀត ដើម្បី​អាច​បំភ្លឺ​អំពី​ការ​ចម្លង​នេះ។ ប៉ុន្តែ​វា​ហាក់​ដូច​ជាកម្រ​ដែល​អ្នក​គ្មាន​រោគ​សញ្ញា​ចម្លង​ជំងឺ​។ នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់​អ្នកស្រីជំនាញ​ផ្នែក​អេពីដេមីសាស្ត្រ។”

សេចក្តី​ប្រកាសរបស់​អ្នក​ស្រី ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ​ពេញ​ប្រព័ន្ធ​សង្គម និង​បានបំផុសឱ្យ​មាន​ប្រតិកម្ម​យ៉ាងខ្លាំងពី​សំណាក់​សហគម​អ្នក​វិទ្យាសាស្ត្រ។ “ផ្ទុយ​ពី​អ្វី​ដែល​អង្គការ​សុខភាព​ពិភពលោកបានប្រកាស គ្មានអ្វី​ដែល​អាច​អះអាង​តាម​បែប​វិទ្យាសាស្ត្រ​ថា​អ្នក​គ្មានរោគ​សញ្ញា​កូវីដ អាច​ចម្លង​មេរោគ​កូរ៉ូណា​តិច​តួចបានទេ។” នេះ​ជាប្រតិកម្ម​របស់សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បារាំងលោក Gilbert Deray ​នៅមន្ទី​រពេទ្យ Pitié-Salpêtrière ​ក្រុង​ប៉ារីស​។ ក្រុម​វេជ្ជបណ្ឌិត​អង់គ្លេស ថា​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើលមែន និង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា “ផ្នែកលើ​វិទ្យាសាស្ត្រ​គេ​នៅ​មិន​ទាន់​ប្រាកដទេ ប៉ុន្តែ​ការ​ឆ្លង​កូវីដ​ពី​អ្នក​គ្មាន​រោគ​សញ្ញាអាច​​មាន​កំរិត​ប្រមាណ​ពី​៣០ទៅ​៥០%។ ការ​សិក្សារបស់​អ្នក​វិទ្យាសាស្ត្រ​​ដ៏ប្រសើរជាង​គេ​មួយ​បាន​សន្និដ្ឋាន​ថាមានករណីកើត​​កូវីដ​ដល់ពាក់កណ្តាល ឆ្លង​មកពី​​អ្នក​មាន​ផ្ទុក​មេរោគកូរ៉ូណា​ថ្មី គ្មាន​រោគ​សញ្ញា និង​រៀប​ចេញ​រោគ​សញ្ញា”។

ប្រឈម​នឹងប្រតិកម្ម​យ៉ាង​ផុល​ផុស​នេះ អ្នកស្រី ម៉ារីយ៉ា វ៉ាន់កែខូវេ បាន​ចេញ​មុខ​ពន្យល់​និង​កែតម្រូវ​ សេចក្តី​ប្រកាសរបស់ខ្លួន ដោយ​បញ្ជាក់​ថា ការសិក្សា​អំពី​ការ​ចម្លងរបស់អ្នកគ្មានរោគ​សញ្ញា​ ជាសិក្សា​ដ៏លំបាក​ ប៉ុន្តែ​បើ​ភស្តុតាង​ប្រមូល​បាននិងផ្តល់​ដោយ​​រដ្ឋជា​សមាជិក​របស់​អង្គការ​ កា​រ​ចម្លង​របស់​អ្នក​គ្មាន​រោគ​សញ្ញា និង​អ្នក​ផ្ទុក​មេរោគ ទំនង​ជា​មិនខ្លាំង​ដូច​អ្នកមាន​រោគ​សញ្ញា​ទេ។

តាម​រយៈ​គណនី​របស់​អង្គការ​សុខភាព​ពិភពលោក អ្នក​ស្រី វ៉ាន់កែខូវេ បានបញ្ជាក់​បន្ថែម​ទៀត​​ថា សូមកុំ​យល់​ច្រលំ ពាក្យ​“ករណីកម្រ” ដែល​អ្នកស្រី​បាន​ប្រើគឺចង់​​សំដៅ​លើ ភាព​កម្រនៃការសិក្សាអំពី​ការ​ចម្លងរបស់​អ្នក​គ្មាន​រោគសញ្ញា។ ជាការសិក្សា​ដែល​មានតែពីរ​បី​ក្រុម​​តូច។ ជា​ចម្លើយ​តប​​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត និង​មិនមែន​ជាការបញ្ជាក់​ជំហរ​ផ្លូវការ​របស់​អង្គការ​សុខភាពពិភពលោក​ឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ