អានតួអត្ថបទ
កូវីដ-១៩

អ្នកជំនាញអឺរ៉ុប៖ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ-១៩ អាចនឹងរកឃើញនៅ ១ឆ្នាំទៀត

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ឧសភា ក្រុម​អ្នកជំនាញ​នៃ​ទីភ្នាក់ងារ​ថ្នាំពេទ្យ​អឺរ៉ុប​បាន​យល់​ឃើញ​ថា ថ្នាំវ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ-១៩ អាច​នឹង​លេច​រូបរាង​ឡើង​នៅ ១ឆ្នាំ​ទៀត។ តែ​ក្រុមអ្នកជំនាញ​អឺរ៉ុប​ដដែល​បាន​ទទួល​ស្គាល់​ថា សេណារីយ៉ូ​ប្រកប​ដោយ​សុទិដ្ឋិនិយម​មួយ​នេះ​នឹង​មិន​កំចាត់​មេរោគ​មួយ​នេះ​ទាំង​ស្រុង​ទេ។ ការ​អះអាង​របស់​ទីភ្នាក់ងារ​ថ្នាំពេទ្យ​អឺរ៉ុប​បាន​ធ្លាក់​មក ខណៈ​ដែល​មាន​រឿង​អាស្រូវ​កំពុង​ផ្ទុះ​ឡើង​រវាង​រដ្ឋាភិបាល​បារាំង និង​ក្រុមហ៊ុន​ផលិត​ថ្នាំបារាំង​សាណូហ្វី។ រឿងអាស្រូវ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​អគ្គនាយក​ក្រុមហ៊ុន​សាណូហ្វី​លោក Paul Hudson ក្នុង​ថ្ងៃ​ពុធ ទី១៣ ឧសភា​ដែល​ថា បើ​សាណូហ្វី​រក​ឃើញ​ថ្នាំវ៉ាក់សាំង​មុន​គេ លោក​នឹង​ធ្វើ​ការ​ចែកចាយ​ឲ្យ​អាមេរិក​មុន​គេ ព្រោះ​រដ្ឋបាល​អាមេរិក​បាន​ចំណាយ​លុយ​ច្រើន​ដើម្បី​គាំទ្រ​ការងារ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​សាណូហ្វី។

ក្រុមហ៊ុន​ផលិតថ្នាំ​បារាំង Sanofi
ក្រុមហ៊ុន​ផលិតថ្នាំ​បារាំង Sanofi © FRANCK FIFE / AFP
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ថ្នាំវ៉ាក់សាំង និង​ថ្នាំព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​មិន​ទាន់​បាន​រក​ឃើញ​ផង សង្រ្គាម​ពាក្យសម្តី​ជុំវិញ​ការ​ស្រាវជ្រាវ​រក​ថ្នាំវ៉ាក់សាំង និង​ថ្នាំព្យាបាល​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះហាក់​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ខ្ចរខ្ចាយ។ គួរ​ជម្រាប​ថា​សព្វ​ថ្ងៃ​នេះ បញ្ជី​ឈ្មោះ​ក្រុមហ៊ុន និង​វិទ្យាស្ថាន​ដែល​កំពុង​សកម្ម​ស្រាវជ្រាវ​រក​ថ្នាំវ៉ាក់សាំង និង​ថ្នាំព្យាបាល​កូវីដ-១៩ មាន​យ៉ាង​វែង​អន្លាយ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​យក្ស​ផលិតថ្នាំ​បារាំង​សាណូហ្វី​មួយ​ដែរ។ នៅ​ក្នុង​គម្រោង​ស្រាវជ្រាវ​ថ្នាំវ៉ាក់សាំង​សរុប​ជាង ១០០គម្រោង​នៅ​ទូទាំង​ពិភពលោក គឺ​ទើប​តែ​មាន​ប្រមាណ ១០គម្រោង​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ការ​សាកល្បង។ សម្រាប់​ក្រុម​អ្នកជំនាញ​នៃ​ទីភ្នាក់ងារ​ថ្នាំពេទ្យ​អឺរ៉ុប ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ អាច​នឹង​លេចរូបរាង​ឡើង​នៅ ១ឆ្នាំ​ទៀត។

តែ​ក្រុម​អ្នកជំនាញ​អឺរ៉ុប​ដដែល ក៏​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក​បាន​ទទួល​ស្គាល់​ដូច​គ្នា​ថា ទោះ​បី​ជា​មាន​ថ្នាំវ៉ាក់សាំង​ក៏​ដោយ​ក៏​មេរោគកូរ៉ូណាថ្មី​មួយ​នេះ​មិន​អាច​បាត់បង់​ទាំង​ស្រុង​ដែរ។ ចុះ​បើ​ក្រុមហ៊ុន​បារាំង​សាណូហ្វី​ជា​អ្នក​រក​ឃើញ​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ មុន​គេ តើ​ប្រទេស​ណា​ដែល​នឹង​ទទួល​បាន​ថ្នាំវ៉ាក់សាំង​នេះ​មុន​គេ ?។ គឺ​អាមេរិក ព្រោះ​អាមេរិក​ជា​អ្នក​ដែល​បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​ជួយ​គាំទ្រ​លើ​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​សាណូហ្វី នេះ​ជា​ការ​ថ្លែង​របស់​អគ្គនាយក​ក្រុមហ៊ុន​សាណូហ្វី​លោក Paul Hudson នា​ថ្ងៃ​ពុធ ទី១៣ ឧសភា។ តែ​លោក Paul បាន​បញ្ជាក់​ថា អាមេរិក​នឹង​ទទួល​បាន​មុន​គេ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ។

ប្រធាន​ក្រុមហ៊ុន​សាណូហ្វី​ក្នុង​ប្រទេស​បារាំង​លោក Olivier Bogillot មិន​បាន​បដិសេធ​លើ​ការ​លើក​ឡើង​របស់​លោក Paul ទេ ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ចូលរួម​ដូច​អាមេរិក​ដើម្បី​ជួយ​គាំទ្រ​លើ​ការងារ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​សាណូហ្វី។ ទោះ​ជា​យ៉ាង​នេះ សម្តី​របស់​លោក Paul ដូច​នេះ​បាន​ធ្វើ​រដ្ឋអំណាច​បារាំង​ក្តៅស្លឹកត្រចៀក​យ៉ាង​ខ្លាំង។ នាយករដ្ឋមន្រ្តី​បារាំង​លោក​ហ្វីលីប​ដែល​មាន​កិច្ចសន្ទនា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សារដ្ឋបាល​ក្រុមហ៊ុន​សាណូហ្វី​បាន​បញ្ជាក់​ថា ការ​ទទួល​បាន​ថ្នាំវ៉ាក់សាំង​ស្មើ​ភាព​សម្រាប់​ទាំង​អស់​គ្នា​ជា​រឿង​ដែល​មិន​អាច​ចរចា​បាន​ជា​ដាច់​ខាត។ ចំណែក​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​យល់​ឃើញ​ពី​ភាព​ចាំ​បាច់​ដែល​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ជា​ផលិតផល​របស់​ពិភពលោក។

តាម​វិមាន​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង​នឹង​ទទួល​ជួប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សាណូហ្វី​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជជែក​លើ​បញ្ហា​នេះ។ ប្រតិកម្ម​ពី​សហភាព​អឺរ៉ុប អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប​បាន​អះអាង​ថា ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ត្រូវ​តែ​ជា​ផលិផល​បម្រើ​ប្រយោជន៍​សាធារណៈ ហើយ​សិទ្ធិ​នៃ​ការ​ទទួល​បាន​ថ្នាំវ៉ាក់សាំង​នេះ​ត្រូវ​តែ​ស្មើភាព និង​ជា​សកល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ