អានតួអត្ថបទ
បារាំង កូវីដ១៩

កូវីដ១៩៖ នាយករដ្ឋមន្ត្រីបារាំង បង្ហាញ​ផែនការ​គោល​​នៅ​ចំពោះ​មុខសភា ដើម្បី​បើក​ប្រទេស​ឡើងវិញ

អស់ប្រមាណ​៦សប្តាហ៍​មកហើយ ដែលបារាំង​ត្រូវបិទ​ទាំងស្រុង មិនថា​សាលារៀន ហាងទំនិញ​ក្រុមហ៊ុនសហគ្រាស​នានា។ នៅ​រសផល​ថ្ងៃអង្គារទី២៨មេសា លោកអេឌ័រ ហ្វីលីព នាយករដ្ឋមន្ត្រីបារាំង បានធ្វើបទបង្ហាញ នៅចំពោះមុខសមាជិក​សភាជាតិបារាំង ដើម្បី​ប្រកាសអំពីផែនការ​គោល​ធំៗ​របស់​​រដ្ឋាភិបាល ក្នុងការបើក​ប្រទេស​ឡើងវិញ ចាប់ពីថ្ងៃ​ទី​១១​ឧសភា​ទៅ។ តាមសេចក្តី​ប្រកាស​​របស់​លោក​​នាយករដ្ឋមន្ត្រី​បារាំង ការ​បើកប្រទេស​​ឲ្យដំណើរការ​ឡើងវិញ​នេះ នឹងធ្វើទៅ​ជា​ដំណាក់ៗ និង​ដោយយោង​ទៅតាម​​ដំបន់​ភូមិសាស្ត្រ​នីមួយៗ​ ដែល​មាន​កម្រិត​ឆ្លង​រាលដាល​កូវីដ១៩ ​ខុសៗគ្នា។

លោកអេឌ័រ ហ្វីលីព ពេលថ្លែងសន្ទរកថា នៅចំពោះមុខអង្គសភាបារាំង ថ្ងៃទី​២៨ មេសា ២០២០។
លោកអេឌ័រ ហ្វីលីព ពេលថ្លែងសន្ទរកថា នៅចំពោះមុខអង្គសភាបារាំង ថ្ងៃទី​២៨ មេសា ២០២០។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្ទរកថា រយៈពេលមួយម៉ោង ចំពោះមុខអង្គសភាជាតិបារាំង លោកនាយករដ្ឋមន្ត្រី អេឌ័រ ហ្វីលីព បានថ្លែងរៀបរាប់​ និងពន្យល់លំអិត ពីមួយចំណុចទៅមួយចំណុច ស្តីអំពី​ផែនការគោល ដែលរដ្ឋាភិបាលបារាំងនឹងអនុវត្ត ដើម្បីបើកប្រទេសឡើងវិញ នៅថ្ងៃទី១១ឧសភា។

ចាប់ពីថ្ងៃទី១១ឧសភាទៅ ហាងទំនិញ ក្រុមហ៊ុន សហគ្រាសទាំងអស់នឹងអាចបើកដំណើរការឡើងវិញ លើកលែងតែ ហាងកាហ្វេ ភោជនីយដ្ឋាន បារ រង្គសាល។ នៅចុងខែ​ឧសភា រដ្ឋាភិបាល​នឹងសម្រេចជាថ្មីម្តងទៀត ក្នុងការអនុញ្ញាតឲ្យបើកហាងកាហ្វេ និងភោជនីយដ្ឋានឡើងវិញ។

ទាក់ទង់នឹងការធ្វើការពីផ្ទះវិញ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើសិនជាអាចបន្តធ្វើបាន គឺក្រុមហ៊ុនសហគ្រាស ត្រូវតែជំរុញ អនុញ្ញាតឲ្យបុគ្គលិក​បន្តធ្វើការពីផ្ទះ​តទៅទៀត។ រីឯវិធានការច្បាប់​ពិសេស ទាក់ទងនឹងការទទួលប្រាប់​ឧបត្ថម្ភ ចំពោះអ្នកបាត់បងការងារ គឺនឹងបន្តអនុវត្តដល់ថ្ងៃទី​១ខែមិថុនា។

សេវាដឹកជញ្ជូនសាធារណៈ នឹងត្រូវកាត់បន្ថយប្រមាណ​៣០% ហើយត្រូវរៀបចំ​ ឲ្យមានគំលាតគ្នា រវាងអ្នកដំណើរ។ អ្នកដំណើរត្រូវតែពាក់ម៉ាស មិនថាតាមសេវាដឹកជញ្ជូនសាធារណៈ ឬ​តាម​​​រថយន្ត​តាក់ស៊ី រថយន្តដឹកជញ្ជូនឯកជននោះទេ។ ការធ្វើដំណើរឆ្លង ពីតំបន់មួយទៅតំបន់មួយ អាចធ្វើបានតែក្នុងរយៈចំងាយតិចជាង​១០០គីឡូម៉ែត្រពីកន្លែងរស់នៅ លើកលែងតែមានមូលហេតុបន្ទាន់ណាមួយ​។

ឆ្នេរសមុទ្រ នឹងនៅតែបន្តបិទ ហាមមិនឲ្យមនុស្សដើរ រហូតដល់ថ្ងៃទី១មិថុនា។ ចំណែកសួនច្បារ​សាធារណៈនៅតាមទីក្រុងវិញ នឹងអាចចាប់ផ្តើមបើកបាន ចាប់ពីថ្ងៃទី១១ឧសភា តែចំពោះទីក្រុង ដែលស្ថិតនៅក្នុងដែនដីដេប៉ាតឺម៉ង់ ដែលមិនសូវមានការឆ្លងរាលដាលខ្លាំងតែប៉ុណ្ណោះ។ ការជួបជុំមនុស្សលើសពី១០នាក់ទៅ ត្រូវហាមឃាត់។ កម្មវិធីជួបជុំបែបសាសនា ក៏ត្រូវហាមឃាត់ រហូត​ដល់ថ្ងៃទី​​២មិថុនា។ ចំពោះផ្សារ លក់ម្ហូបចំណី នៅហាលវាល អាចចាប់ផ្តើមបើកវិញបាន ចាប់ពីថ្ងទី​១១ឧសភា លើកលែងតែមានការជំទាស់ ពីអាជ្ញាធរមូលដ្ឋាន។

សាលារៀននឹងបើកដំណើរការវិញដោយសន្សឹមៗ ដោយចាប់ផ្តើមដំបូងពីថ្នាក់មតេយ្យ និងបឋមសិក្សា នៅថ្ងៃទី១១ឧសភា។ តែយ៉ាងណា លោក​នាយករដ្ឋមន្ត្រីបញ្ជាក់ថា វាឈរលើការស្ម័គ្រចិត្ត របស់ឪពុកម្តាយ ថាចង់បញ្ជូនកូនឲ្យទៅសាលាឬអត់។ ចំណែកថ្នាក់អនុវិទ្យាល័យ នឹងបើកឡើងវិញនៅថ្ងៃទី១៨ឧសភា។ ហើយ​នៅចុងខែឧសភា រដ្ឋាភិបាលនឹងកំណត់កាលបរិច្ឆេទបើក សម្រាប់វិទ្យាល័យ។

លោកនាយករដ្ឋមន្ត្រីបារាំង បានធានាអះអាងថា ចាប់ពីថ្ងៃទី​១១ឧសភាទៅ អាជ្ញាធរនឹងមាន​ម៉ាស់គ្រប់គ្រាន់​ ដើម្បីចែកចាយ ឲ្យមានការដាក់លក់នៅតាមទីផ្សារទូទាំងប្រទេស​។ លោកក៏បានអះអាងដែរថា អាជ្ញាធរសុខាភិបាល មានកម្មវត្ថុធ្វើតេស្តស្វែងរកមេរោគ ឲ្យបាន​យ៉ាងហោច ៧សែនតេស្ត ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី​១១ឧសភាទៅ។ បន្តាប់មកទៀតអាជ្ញាធរនឹងស្វែងរកមនុស្ស ដែលបានប្រាស្រ័យ ប៉ះពាល់ជាមួយអ្នកដែលមានលទ្ធផលវិជ្ជមាន ដើម្បីយក​មកធ្វើតេស្ត និងឈានទៅដាក់ឲ្យ​នៅដាច់ដោយឡែក។

លោកនាយករដ្ឋមន្ត្រីបារាំង បានឆ្លៀតសង្កត់ធ្ងន់ថា ដើម្បីឲ្យផែនការបើកប្រទេសឡើងវិញនេះ អាចប្រព្រឹត្តិទៅដោយជោគជ័យ នឹងដោយមិនធ្វើឲ្យទំហំឆ្លងរាលដាលកូវីដ១៩ រីកធំទេនោះ គឺវាមិនមែនអាស្រ័យតែទៅលើរដ្ឋាភិបាល តែម្នាក់​នោះទេ។ គឺវាត្រូវ​ការ ការ​ចូលរួមគោរពឲ្យបា​ន​ម៉ដ្ឋចត់​ ការប្រុងប្រយ័ត្ន និងការ​សហការ ពីសំណាក់ប្រជាជនទាំងអស់​ ដោយខានមិនបាន។ ផ្ទុយទៅវិញ បើពីនេះទៅ ការឆ្លងរាលដាលនូវកូវីដ១៩ មិនចុះថយទេនោះ នោះរដ្ឋាភិបាលត្រូវតែបង្ខំចិត្ត ចាត់វិធានការរិតបន្តឹងបន្ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ