អានតួអត្ថបទ
បារាំង-ចរាចរណ៍-កូវីដ១៩

អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​បារាំង​ថយ​ចុះ​ ពេល​រដ្ឋាភិបាល​បិទ​ប្រទេស​ទប់​ស្កាត់​កូវីដ​១៩​

ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ថយ​ចុះ​ជិត​ ៤០%​ ក្នុង​ខែ​មីនា​ ឆ្នាំ​ ២០២០​នេះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩​។ អតា្រ​ថយ​ចុះ​នេះ​ គឺ​ជា​លទ្ធផល​កើត​ចេញ​មក​ពី​វិធានការ​បិទខ្ទប់​ប្រទេស​ បង្ខាំង​ពលរដ្ឋ​បារាំង​ឲ្យ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។


ស្ត្រីម្នាក់ជិះកង់នៅលើដងផ្លូវមួយក្បែរសាលមហោស្រព Opera Garnier  នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០។
ស្ត្រីម្នាក់ជិះកង់នៅលើដងផ្លូវមួយក្បែរសាលមហោស្រព Opera Garnier នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០។ REUTERS - GONZALO FUENTES
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​បារាំង​ចំនួន​ប្រមាណ​ ៦៧​ លាន​នាក់​ ត្រូវ​បាន​តម្រូវ​ឱ្យ​ស្នាក់​នៅ​តែ​ក្នុង​ផ្ទះ​ ចាប់​តាំងតែ​ពី​ថ្ងៃ​ទី​ ១៧​ ខែ​មីនា​មក​។ ពួកគេ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​បាន​តែ​ក្នុង​ករណី​ចាំ​បាច់​ដូចជា​ទៅ​មន្ទីរពេទ្យ​ ឬ​ទៅ​ទិញ​ម្ហូប​អាហារ​សម្រាប់​បរិភោគ​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ​ រដ្ឋាភិបាល​បារាំង​ក៏​បាន​រឹត​បន្តឹង​ផង​ដែរ​ ការ​ធ្វើ​ដំណើរ​នានា​នៅ​ក្នុង​ប្រទេស ​ ដើម្បី​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ឲ្យ​ខាន​តែ​បាន​វីរុស​កូវីដ​១៩​ ដែល​បាន​ចម្លង​ទៅ​ដល់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១២​ ម៉ឺន ៤​ ពាន់​នាក់​ និង​សម្លាប់​មនុស្ស​ជាង​ ១​ម៉ឺន​ ៣​ពាន់​នាក់​នៅ​បារាំង​។

អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ចំនួន​ ៣៩,៦ % នៅ​ទូទាំង​ប្រទេស​បារាំង​ក្នុង​ខែ​មីនា​ បើ​ប្រៀបធៀប​ទៅ​នឹង​​ឆ្នាំ​ ២០១៩​។ ក្រសួង​មហាផ្ទៃ​បារាំង​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​ ២០២០ មាន​ចំនួន​ ១៥៤​ នាក់​ ពោល​គឺ​ធ្លាក់​ចុះ​ពី​ចំនួន​ ២៥៥ នាក់​នៅក្នុងខែមីនាដូចគ្នាក្នុង​ឆ្នាំ​ ២០១៩​។

មួយ​វិញ​ទៀត​ ចំនួន​គ្រោះថ្នាក់​ក៏​បាន​ថយ​ចុះ​ចំនួន​ ៤៣ % ផង​ដែរ​ ពោល​គឺ​ធ្លាក់​ចុះ​ពី​ចំនួន​ ៤,២៩៨ ក្នុង​ខែ​មីនា​ឆ្នាំ​ ២០១៩​ ដល់​ត្រឹម​តែ​ ២,៤៤៣ ក្នុង​ខែ​តែ​មួយ​នៃ​ឆ្នាំ​២០២០ នេះ​។

“ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ បាន​កើត​ឡើង​នៅក្នុង​បរិបទ​ដែល​បារាំង​អនុវត្ត​នូវ​វិធានការ​បង្ខាំង​ពលរដ្ឋ​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ​ចាប់តាំង​ពី​ថ្ងៃ​ទី​ ១៧​ ខែ​មីនា​មក​។ វិធានការ​នេះ​ ពិតណាស់​បាន​កាត់​បន្ថយ​យ៉ាងច្រើន​នូវ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​”។ នេះ​ គឺ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​ខាង​ក្រសួង​មហាផ្ទៃ​បារាំង​។

ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​ប្រទេស​ និង​បង្ខាំង​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ផ្ទះ​ ចំនួន​អ្នក​ជិះ​កង់​ និង​អ្នក​ថ្មើរ​ជើង​មាន​តិច​ជាង​មុន​ នៅ​លើ​ដង​ផ្លូវ​របស់​ប្រទេស​បារាំង​ ហើយ​នេះ​គឺជា​កត្តា​ចំបង​ក្នុងការ​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

គួរ​រំឭក​ជូន​ថា​ វិធានការ​រាំង​ខ្ទប់​ប្រជាពលរដ្ឋឲ្យ​នៅ​ក្នុង​ផ្ទះ​របស់​បារាំង​ ត្រូវ​មាន​សុពលភាព​យ៉ាង​ហោចណាស់​រហូត​ដល់​ថ្ងៃ​ទី​ ១៥​ ខែ​មេសា​។ ដោយសារ​តែ​ការ​ឆ្លង​រាលដាល​នៃវីរុស​កូវីដ​១៩​ នៅ​មាន​ច្រើន​នៅឡើយ​នៅ​ក្នុង​ប្រទេស​ រដ្ឋាភិបាល​បារាំង​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​អេម៉ានុយអែល​ ម៉ាក្រុង​ គ្រោង​នឹង​ប្រកាស​អំពី​ការ​ពន្យារ​ពេល​នៃ​ចំណាត់ការ​បិទ​ប្រទេស​នៅ​សប្តាហ៍​ក្រោយ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ