អានតួអត្ថបទ
កូវីដ១៩ សម្ភារៈពេទ្យ

ពិភពលោក​កំពុងខ្វះ​ ​ម៉ាស៊ីន​ជំនួយ​ការ​ដកដង្ហើម ដែល​​ចាំបាច់​ដើម្បី​សង្រ្គោះ​អ្នកជម្ងឺ​កូវីដ​១៩

ប្រឈមនឹងអ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពធ្ងន់ធ្ងរកាន់តែច្រើនឡើង បញ្ហាខ្វះសម្ភារៈពេទ្យ ក្នុងការជួយ​សង្រ្គោះជីវិត បានចោទឡើង នៅតាមមន្ទីរពេទ្យទាំងអស់។ ឧបករណ៍ដែលចាំបាច់បំផុត ក្នុងការជួយសង្រ្គោះ​ជីវិតអ្នកជំងឺកូវីដ១៩នោះ គឺឧបករណ៍ជំនួយការដកដ្ហើម។ ប្រឈមនឹងការខ្វះខាតនេះ មានក្រុមគ្រូពេទ្យអ៊ីតាលីខ្លះ បានយកបំពង់អ៊ុកស៊ីសែនមុជទឹកបាតសមុទ្រ យកមកឆ្នៃ ប្រើប្រាស់ដើម្បីជួយអ្នកជំងឺកូវីដ១៩។ គំនិតនេះ ត្រូវបាន​​​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​បែលហ្ស៊ុិក យកទៅធ្វើតាមដែរ។

គ្រូពេទ្យ​កំពុងសាក​ពាក់ម៉ាសមុជទឹកបាតសមុទ្រ Decathlon ដែល​គេឆ្នៃធ្វើជា​ម៉ាស៊ីនជំនួយ​ការ​ដកដង្ហើម នៅមន្ទីរពេទ្យ​ Erasme ក្រុងព្រុចសែល ថ្ងៃទី​២៧ មីនា ២០២០។
គ្រូពេទ្យ​កំពុងសាក​ពាក់ម៉ាសមុជទឹកបាតសមុទ្រ Decathlon ដែល​គេឆ្នៃធ្វើជា​ម៉ាស៊ីនជំនួយ​ការ​ដកដង្ហើម នៅមន្ទីរពេទ្យ​ Erasme ក្រុងព្រុចសែល ថ្ងៃទី​២៧ មីនា ២០២០។ Kenzo TRIBOUILLARD / AFP
ផ្សាយពាណិជ្ជកម្ម

អង្គការសុខភាពពិភពលោក បានតម្រូវឲ្យ​គ្រប់ប្រទេសទាំងអស់ ត្រូវបំពាក់ម៉ាស៊ីនជំនួយដកដង្ហើម ឲ្យបានច្រើនបំផុត ដើម្បីជួយសង្រ្គោះអ្នកជំងឺកូវីដ១៩។​ ក៏ប៉ុន្តែ សម្រាប់ពេលនេះ សហគ្រាសផលិតម៉ាស៊ីន និងឧបករណ៍ទាំងនេះ បើទោះបីជាប្រឹងប្រឹងធ្វើការទាំងថ្ងៃទាំងយប់ ក៏នៅតែមិនអាចផលិត​ម៉ាស៊ីនជំនួយដកដង្ហើម បានទាន់ គ្រប់គ្រាន់តាមតម្រូវការដែរ។

ប្រឈមនឹងកង្វះខាតនេះ ក្រុមគ្រូពេទ្យមួយចំនួន បានសាកល្បង យកម៉ាសនិងបំពង់អ៊ុកស៊ីសែន​ដែលប្រើសម្រាប់ការមុជទឹកបាតសមុទ្រ មកឆ្នៃដើម្បីធ្វើជាបំពង់ជំនួយការដកដង្ហើម របស់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពធ្ងន់ធ្ងរ។ ម៉ាសនិងបំពង់ពាក់មុជទឹកបាតសមុទ្រនេះ មិនខ្វះទេ។ ក្រុមហ៊ុន Decathlon ដែលលក់ផលិតផលនេះ បានអះអាងថាខ្លួន មាននៅក្នុងស្តុក ចំនួន​១សែនសម្រាប់ ហើយអាចបញ្ជូនចេញបំពេញតម្រូវការរបស់មន្ទីរពេទ្យ បើសិនជាត្រូវការ។

តែយ៉ាងណា គេត្រូវការយកបំពង់និងម៉ាសប្រើសម្រាប់មុជទឹកបាតសមុទ្រទាំងនោះ ទៅកែឆ្នៃឲ្យបានត្រឹមត្រូវ ដើម្បីអាចប្រើវាបាននៅតាមមន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យអ៊ីតាលី ដឹកនាំដោយលោកវិជ្ជបណ្ឌិត Renato Favero បានកែច្នៃវាបានសម្រេច។ លោកវិជ្ជបណ្ឌិតរូបនេះ បានថែមទាំងទាក់ទងទៅ​ក្រុមហ៊ុនឈ្មោះ Isinnova ដែលជាអ្នកជំនាញ​ផលិត​សម្ភារៈពេទ្យ ដើម្បីឲ្យក្រុមហ៊ុននេះ ផលិតនូវផ្នែកដែលខ្វះ និងចាំបាច់ ក្នុងការតភ្ជាប់​ម៉ាសមុជទឹកបាតសមុទ្រ ទៅនឹងបំពង់ជំនួយដង្ហើម។

គំនិតច្នៃប្រឌិតនេះ ត្រូវបានគេយកគំរូតាម នៅឯប្រទេសប៊ែលហ្សិុកដែរ។ មន្ទីរពេទ្យ Erasme នៅទីក្រុងព្រុចសែល ទើបតែសម្រេចបាន នូវឧបករណ៍គម្រូមួយ ឆ្នៃចេញពីម៉ាសពាក់មុជទឹកបាត​សមុទ្រ តភ្ជាប់ដោយបំពង់ជាមួយនិងម៉ាស៊ីន ដែលផលិតជាខ្យល់ដង្ហើម។ ធ្វើបែបនេះ អ្នកជម្ងឺអាចដកដង្ហើមបានងាយស្រួល ដោយមិនចាំបាច់ដាក់បញ្ចូលបំពង់បង្ហូរខ្យល់ ទៅតាមបំពងករបស់អ្នកជម្ងឺ។

អ៊ីស្រាអែល ក៏កំពុងតែចាប់អារម្មណ៍ ស្វែងរកមធ្យោបាយ ដើម្បីបំពាក់ឧបករណ៍​ជួយដកដង្ហើម នៅតាមមន្ទីរពេទ្យខ្លួនដែរ។​ បច្ចុប្ប​ន្ននេះ នៅអ៊ីស្រាអែល មានឧបករណ៍ជំនួយដកដង្ហើម តែ​២៨០០​គ្រឿង​ប៉ុណ្ណោះ នេះបើយើងតាមតួលេខរបស់ក្រសួងសុខាភិបាល។ ក្រុមហ៊ុន​​បច្ចេកវិទ្យាអាវុធដ៏ធំ របស់អ៊ីស្រាអែល ឈ្មោះ Rafael កំពុងតែរិះរកវិធី ផលិតឧបករណ៍ជំនួយការ​ដកដង្ហើម ក្នុងតម្លៃថោក ដោយសហការជាមួយអ្នកជំនាញ​ផលិតសព្វាវុធ របស់អ៊ីស្រាអែល។

លោក Erel Margalit អគ្គនាយកក្រុមហ៊ុន​ Cybertechnologie JVP ដែលផលិតបំពង់ជំនួយការដកដង្ហើម បានលើកឡើងថា ក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនទាំងអស់​ត្រូវតែចូលរួម​ជួយរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលតែម្នាក់ មិនអាចប្រយុទ្ធឈ្នះមេរោគនេះទេ។ យុទ្ធសាស្ត្រដែលប្រទេសមួយធ្វើ ហើយបានជោគជ័យ គឺត្រូវតែអនុវត្តបន្ត នៅតាមប្រទេសផ្សេង តាមរយៈការបញ្ជូនដំណឹងឲ្យគ្នា ឲ្យបានឆាប់បំផុត។

ប្រឈមនឹងចំនួន​អ្នកឆ្លងកូវីដ១៩ច្រើនលើសលប់ សហរដ្ឋអាមេរិក អាចជាប្រទេស ដែលត្រូវការ​ម៉ាស៊ីន និងបំពង់ជំនួយការដកដង្ហើម ខ្លាំងជាងគេបង្អស់។​ លោកអភិបាលរដ្ឋ​ញូយ៉ក បាន​សម្រេច​ ទិញប្រដាប់ជំនួយការដកដង្ហើម ដើរដោយដៃ ជាច្រើនពាន់សម្រាប់។ ឧបករណ៍នេះ (AirOx) ត្រូវគេនិយមប្រើ ក្នុងប្រតិបត្តិការ​របស់​ក្រុម​សង្រ្គោះបន្ទាន់។ តែបញ្ហាចោទ គឺថាឧបករណ៍​នេះ គឺតម្រូវឲ្យមានដៃដើម្បីច្របាច់ដំណើរការ ២៤ម៉ោងទល់២៤ម៉ោង។ លោកអភិបាលរដ្ឋញូយ៉ក មា​ន​បំណង ចង់សុំអន្តរាគមន៍ពីកងឆ្មាំជាតិ ដើម្បីបំពេញបេសកកម្មនេះ។

តែយ៉ាណា លោកអភិបាលរដ្ឋ​ញូយ៉ក ទទួលស្គាល់ថា នេះជាដំណោះស្រាយបន្ទាន់ បើទោះបីវាមិនល្អខ្លាំងក៏ដោយ។​ លោកបានស្នើសុំ ម៉ាស៊ីននិងបំពង់ជំនួយដកដង្ហើម ចំនួន​៣ម៉ឺនសម្រាប់ ពីរដ្ឋបាល​សហព័ន្ធ។ តែលោក​ប្រធានាធិបតីសហរដ្ឋ ដូណាល់ ត្រាំ នៅតែបន្តគិតថា លោកអភិបាលរដ្ឋញូយ៉ក មានការភ័យបារម្ភ ស្លន់ស្លោជ្រុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ